ភ្នំពេញៈ ខណៈ​ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ ៥ ​ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​កក្កដា​ឆ្នាំ​នេះ​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ព្យាករ​ថា ការនាំ​ចេញ​សរុប​ឆ្នាំ​នេះ​អាច​ធ្លាក់​ចុះ​ប្រមាណ​ ១០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។

ការអះអាង​នេះ​ធ្វើ​ឡើង ខណៈ​តួលេខ​ការនាំ​ចេញ​អង្ករ​នៅ​រយៈពេល​ ៧ ​ខែ​ដំបូង​នេះ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់​ថា ដំណើរការ​យឺត​នៃ​ការ​នាំ​ចេញ​កាលពី​ដើម​ឆ្នាំ​នេះ​បាន​ធ្វើឲ្យ​ការនាំ​ចេញ​អង្ករ​អាច​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​ការបញ្ជា​ទិញ​ច្រើន​កាលពី​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​យើង​មិន​អាច​ផ្គត់ផ្គង់​បាន​ទាន់ពេល​ដោយសារ​យើង​មិន​មាន​ស្រូវ​ក្នុង​ស្ដុក​​គ្រប់គ្រាន់​»​។ លោក​បាន​បន្ថែម​ថា​រោង​ម៉ាស៊ីន​កិនស្រូវ​ភាគច្រើន​មិន​មាន​ស្រូវ​នៅ​ក្នុង​ស្ដុក ខណៈ​សមត្ថភាព​ឃ្លាំង​ស្ដុក​នៅ​មាន​កម្រិត​។

លោក​បាន​លើក​ឡើង​ថា​៖ «​ដោយសារ​តែ​និន្នាការ​នៃ​ការនាំចេញ​នេះ វា​នឹង​ពិបាក​ក្នុង​ការ​សម្រេច​បាន​ក្នុង​តួលេខ​នាំ​ចេញ​កាលពី​ឆ្នាំ​មុន​»​។

កម្ពុជា​នាំ​ចេញ​អង្ករ​ចំនួន ៦៣៥ ៦៧៩ តោន​កាលពី​ឆ្នាំ​ ២០១៧ កើនឡើង​ ១៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៦​។ នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​ក្រសួង​កសិកម្ម​។ តួលេខ​នេះ​បង្ហាញ​ថា​ក្នុង​រយៈពេល ​៧ ​ខែ​ឆ្នាំ​នេះ​កម្ពុជា​នាំ​ចេញ​អង្ករ ២៩៧ ០៨០ តោន​ធ្លាក់​ចុះ ៦,៣០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

សម្រាប់​រយៈពេល​ ៧ ​ខែ​ឆ្នាំ​នេះ​កំណើន​ការនាំ​ចេញ​អង្ករ​មាន​តែ​នៅ​ខែ​មករា និង​ខែ​មិថុនា​ប៉ុណ្ណោះ​ដែល​កើនឡើង ២៨,៣០ ភាគរយ និង ១,៣០ ​ភាគរយ​កាលពី​ខែ​មិថុនា​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៅ​ក្រសួង​កសិកម្ម​បាន​ព្យាករ​ថា ការនាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​នេះ​នឹង​ធ្លាក់​ចុះ​ប្រហែល ១០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។

លោក​ថ្លែង​ថា​៖ «​វា​ជា​លើក​ដំបូង​ដែល​តួលេខ​នាំ​ចេញ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ជាប់ៗ​គ្នា​ដូចនេះ​»​។ លោក​បន្ថែម​ថា​នេះ​​ដោយសារ​តែ​កង្វះ​សមត្ថភាព​ឃ្លាំង​ស្ដុក​ស្រូវ​។

កម្ពុជា​បាន​ដំណើរការ​ឃ្លាំង​ស្ដុក​ស្រូវ និង​ឡ​សម្ងួត ៤ កាលពី​ដើម​ខែ​កក្កដា ដែល​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ថ្លែង​ថា​វា​នឹង​ជួយ​ជំរុញ​ការនាំ​ចេញ​របស់​ប្រទេស​នេះ​ព្រម​ទាំង​រក្សា​តម្លៃ​ស្រូវ​ក្នុង​ស្រុក​ផង​ដែរ​។

កម្ពុជា​ក៏​បាន​បរាជ័យ​ក្នុង​កិច្ចព្រមព្រៀង​នាំ​ចេញ​អង្ករ​ចំនួន ២៥០ ០០០ តោន​ដល់​ប្រទេស​បង់ក្លាដែស​កាលពី​ឆ្នាំ​មុន​ផង​ដែរ​ដោយ​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​អះអាង​ថា​ដោយសារ​រោង​ម៉ាស៊ីន​កិនស្រូវ​បច្ចុប្បន្ន​មិន​មាន​ស្ដុក ដើម្បី​ឆ្លើយតប​បាន​តាម​តម្រូវការ​នាំចេញ​។

លោក ច្រាយ សុន នាយករង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ Capital Food បាន​យល់​ស្រប​នឹង​ការអះអាង​ខាង​លើ ប៉ុន្តែ​លើកឡើង​ថា​ការធ្លាក់​ចុះ​នេះ​នឹង​មាន​ចំនួន​បន្តិចបន្តួច​ប៉ុណ្ណោះ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​សង្ឃឹម​ថា​ការនាំ​ចេញ​អង្ករ​នឹង​សម្រេច​បាន​ដូច​គ្នា​នឹង​ឆ្នាំ​មុន​នោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​មិន​ធ្លាក់ចុះ​ច្រើន​នោះ​ដែរ​»​។ លោក​បន្ថែម​ថា​ការរំពឹងទុក​នៃ​ការនាំ​ចេញ​អង្ករ​នឹង​សម្រេច​បាន​ជាង ៥០០ ០០០ តោន​។

លោក​បញ្ជាក់​ថា​៖ «​យើង​នៅ​តែ​ប្រឈម​បញ្ហា​តម្លៃ​ជាមួយ​ទីផ្សារ​ជិត​ខាង ប្រសិន​បើ​ពួកគេ​ទម្លាក់​តម្លៃ​របស់​ពួកគេ យើង​នឹង​មិន​អាច​លក់​ក្នុង​តម្លៃ​ដូច​គ្នា​បាន​ទេ ខណៈ​ឃ្លាំង​ស្ដុក​របស់​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ​»៕LA