
កម្មករកំពុងលីអង្ករចូលឃ្លាំងក្នុងហាងលក់អង្ករមួយកន្លែងនៅក្បែរផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញកាលពីចុងឆ្នាំ ២០១៩។ ហុង មិនា
ភ្នំពេញៈ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០១៩ បានធ្លាក់ចុះជិត ១ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ខណៈតម្លៃសរុបនៃការនាំចេញបានធ្លាក់ចុះជាង ៤ ភាគរយ។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
នេះជាឆ្នាំទី ២ ដែលការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិធ្លាក់ចុះ ដោយកាលពីឆ្នាំ ២០១៨ ធ្លាក់ចុះ ១,៤៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៧។
របាយការណ៍ដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបានពី CRF កាលពីម្សិលមិញឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ បរិមាណការនាំចេញអង្ករក្នុងឆ្នាំ ២០១៩ សម្រេចបាន ៦២០ ១០៦ តោនធ្លាក់ចុះ ០,៩៧ ភាគរយជាមួយនឹងតម្លៃនាំចេញមានប្រមាណ ៥០១ លានដុល្លារធ្លាក់ចុះប្រមាណ ៤,៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានតម្លៃ ៥២៤ លានដុល្លារ។
តួលេខបង្ហាញទៀតថា ការនាំចេញទៅចិនមានចំណែក ៤០,៧៣ ភាគរយ ស្មើនឹង ២៤៨ ១០៥ តោន ទីផ្សារអឺរ៉ុប ៣២,០១ ភាគរយ ស្មើនឹង ២០២ ៩៩០ តោន តំបន់អាស៊ាន ៨៣ ១៦៤ តោន និងទិសដៅផ្សេងទៀត ៨៥ ៨៤៧ តោន។ យោងតាមតួលេខខាងលើការនាំចេញទៅចិនក្នុងឆ្នាំ ២០១៩ ធៀបនឹងឆ្នាំ ២០១៨ បានកើនឡើង ៣៣,៣ ភាគរយ ខណៈទីផ្សារអឺរ៉ុបធ្លាក់ចុះ ២៤,៥ ភាគរយ។
ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយពីសហភាពអឺរ៉ុបសម្រេចយកពន្ធពីការនាំចូលអង្ករកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ ២០១៩។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បាននិយាយថា ការធ្លាក់ចុះប្រាក់ចំណូល និងបរិមាណនៃការនាំចេញអង្ករក្នុងឆ្នាំ ២០១៩ គឺដោយសារការនាំចេញទៅទីផ្សារអឺរ៉ុបធ្លាក់ចុះ។
លោកបន្តថា ទោះយ៉ាងណាការនាំចេញក្នុងឆ្នាំ ២០២០ នេះរំពឹងថានឹងមានកំណើនឡើងវិញ ព្រោះមានកត្តាអំណោយផលមួយចំនួនដូចជា កូតានៃការនាំចេញទៅប្រទេស ៤០ ម៉ឺនតោនត្រូវបានអនុវត្តពន្ធនៃការនាំអង្ករចូលទីផ្សារអឺរ៉ុបធ្លាក់ចុះពី ១៧៥ អឺរ៉ូមកនៅត្រឹម ១៥៥ ដុល្លារក្នុង ១ តោន និងការទទួលបានទីផ្សារថ្មីៗ ពិសេសប្រទេសអូស្ត្រាលី និងព្រុយណេ។ លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ការនាំចេញឆ្នាំនេះនឹងមានកំណើនខ្ពស់ ហើយប្រាក់ចំណូលក៏នឹងកើនឡើងខ្ពស់វិញផងដែរ»។
លោក ហេង ផេង នាយកប្រតិបត្តិក្រុមហ៊ុន Thmor Korl Rice Import Export Co.,Ltd បានឲ្យដឹងថា ការនាំចេញអង្កររបស់ក្រុមហ៊ុនលោកក្នុងឆ្នាំ ២០១៩ មានបរិមាណប្រហាក់ប្រហែលនឹងឆ្នាំ ២០១៨ ដែលភាគច្រើនទៅប្រទេសម៉ាឡេស៊ី។ លោកថ្លែងថា៖ «ផ្អែកលើគុណភាព និងតម្លៃ អង្ករកម្ពុជានៅតែមានឱកាសច្រើនក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ខ្ញុំគិតថា ឆ្នាំ ២០២០ នេះការនាំចេញនឹងមានបរិមាណច្រើន ពិសេសទីផ្សារប្រទេសចិន»។
ប៉ុន្តែលោកអះអាងថាការប្រែប្រួលអាកាសធាតុនឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការប្រមូលផលស្រូវផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា តាមរយៈសមត្ថភាពផលិតស្រូវបានប្រមាណជាង ១០ លានតោនក្នុង ១ ឆ្នាំការនាំចេញអង្កររបស់កម្ពុជារំពឹងថានឹងមានកំណើនខ្ពស់ក្នុងឆ្នាំ ២០២០ នេះ បើមានកិច្ចសហការគ្នាល្អរវាងអ្នកពាក់ព័ន្ធរាប់ទាំងប្រជាកសិករ ម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញ និងអាជ្ញាធរ។
លោកបន្តថា ទន្ទឹមនឹងការកើនឡើងនៃសមត្ថភាពផលិត ការស្វែងរកទីផ្សារថ្មីៗគឺជាកត្តាសំខាន់ដែរ ដូចជាទីផ្សារប្រទេស ជប៉ុន និងកូរ៉េជាដើម។ លោកបានថ្លែងថា៖ «ដើម្បីបង្កើនសមត្ថភាពនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិកម្ពុជាចាំបាច់ត្រូវតែខិតខំធ្វើការរួមគ្នា ហើយប្រជាកសិករក៏ត្រូវធ្វើកសិកម្មតាមបែបកិច្ចសន្យាឲ្យបានច្រើនជាងមុនផងដែរ»៕LA