ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិយាយថា ក្នុងឆ្នាំ ២០២០ នេះការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ អាចនឹងកើនដល់ចន្លោះពីជាង ៨០ ម៉ឺនទៅជិត ១ លានតោន ខណ:ត្រឹមរយ:ពេល ៥ ខែដំបូងកម្ពុជានាំចេញអង្ករបានចំនួនជាង ៣៥ ម៉ឺនតោនរួចមកហើយនៅក្នុងចំណោមប្រទេសចំនួនជាង ៦០ ដែលទទួលទិញអង្ករពីកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា នៅឆ្នាំនេះតាមការប៉ាន់ស្មាន ការនាំចេញអង្ករ អាចបានជិត ១ លានតោន ប្រសិនបើតាមសម្ទុះនៃការកុម្ម៉ង់ទិញ ឬយ៉ាងហោចណាស់ក៏យើងបានជាង ៨០ ម៉ឺនតោនដែរ»។
ជាមួយគ្នានេះលោកក៏បានជំរុញឲ្យប្រជាកសិករ ក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុននាំចេញទាំងអស់ត្រូវខិតខំធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណារក្សាគុណភាព និងស្តង់ដាដែលបានកំណត់ឲ្យបានត្រឹមត្រូវសម្រាប់ទីផ្សារដែលមានស្រាប់ និងទីផ្សារថ្មីៗ។
យោងតាមលោក ងិន ឆាយ កំណើននៃការនាំចេញនេះក៏មានជាប់ទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យមានប្រទេសនីមួយៗមានតម្រូវការស្តុកទុកស្បៀងកើនឡើងជាងពេលមុនផងដែរ។
របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយបានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ ការនាំចេញអង្ករសម្រេចបាន ៣៥៦ ០៩៧ តោន កើន ៤២,៣៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ក្នុងនោះការនាំចេញទៅកាន់ប្រទេសចិន មានចំនួន ១៣៦ ៨២៥ តោន កើនឡើង ២៥,២៦ ភាគរយ សហភាពអឺរ៉ុបមាន ១២២ ០១០ តោន កើនឡើង ៥១,១០ ភាគរយ បណ្តាប្រទេសជាសមាជិកអាស៊ានមាន ៤៥ ៨២៥ តោន កើន ៤៥,៣៩ ភាគរយ និងគោលដៅដទៃទៀតមាន ៥១ ៤៣៧ តោន កើន ៧៩,៤០ ភាគរយ។
លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបាននិយាយថា ការនាំចេញអង្ករក្នុងរយៈពេល ៥ ខែឆ្នាំ ២០២០ នេះពិតជាមានភាពល្អប្រសើរច្រើន បើធៀបនឹងឆ្នាំមុនដែលកំណើននេះអាចបណ្តាលមកពីកត្តាចម្បងចំនួន ២ គឺការផលិតកើនច្រើនជាងមុន និងការបង្កើនស្តុកស្បៀងបម្រុងរបស់ប្រទេសនីមួយៗ ដោយសារក្តីបារម្ភពីជំងឺកូវីដ ១៩។ លោកបន្តថា សម្រាប់ស្ថានភាពតម្លៃក្នុងឆ្នាំនេះគឺល្អប្រសើរជាងឆ្នាំមុន។
លោក ហ៊ុន ឡាក់ បញ្ជាក់ថា៖ «តាមរយៈទិន្នន័យនាំចេញក្នុងរយៈពេល ៥ ខែកន្លងមក ការនាំចេញអង្ករកម្ពុជាក្នុងឆ្នាំ ២០២០ នេះនឹងស្ថិតក្នុងចន្លោះមិនក្រោមពី ៨០ ម៉ឺនតោននោះទេ ប៉ុន្តែអ្វីៗក៏អាស្រ័យទៅលើស្ថានភាពការដេញថ្លៃ (ការដាក់ថ្លៃ) ផងដែរ»។ លោកបន្តថា៖ «បើវានៅតែមានភាពល្អប្រសើរដូចពេលនេះ ការនាំចេញនឹងសម្រេចបានតាមការព្យាករ»។
យោងតាមលោក ហ៊ុន ឡាក់ តម្លៃអង្ករនាំចេញរបស់កម្ពុជាគឺខ្ពស់ជាងអង្ករវៀតណាម តែទាបជាងតម្លៃអង្កររបស់ប្រទេសថៃ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពេលនេះកម្ពុជាអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំចេញអង្ករក្នុងរង្វង់លើសពី ១ លានតោនក្នុង ១ ឆ្នាំ ខណៈការផលិតស្រូវបានកើនជាបន្តបន្ទាប់។ លោកបន្ថែមថា ជាមួយកំណើនការនាំចេញពិសេសអង្ករក្រអូបប្រណីត កម្ពុជារំពឹងថានឹងទទួលបានប្រាក់ចំណូលកាន់តែច្រើនពីការនាំចេញអង្ករក្នុងឆ្នាំនេះ។
លោកបន្តថា៖ «ទោះយ៉ាងណា ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថា ទឹកប្រាក់ដែលទទួលបាននឹងប្រែប្រួលបែបណានោះទេ តែខ្ញុំរំពឹងថា នឹងកើនលើសឆ្នាំមុន»។
តាមលោក យ៉េង បច្ចុប្បន្នអង្ករក្រអូបប្រណីតរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិមានតម្លៃ ៩២០ ដុល្លារក្នុង ១ តោន ចំណែកអង្ករក្រអូបធម្មតា មានតម្លៃ ៨៣០ ដុល្លារ និងអង្ករសតម្លៃ ៥៥០ ដុល្លារ។ ការនាំចេញអង្ករប្រណីតមានប្រមាណជាង ៨០ ភាគរយនៃការនាំចេញសរុបពីកម្ពុជា។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីឆ្នាំ ២០១៩ ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃប្រមាណ ៥០១ លានដុល្លារធ្លាក់ចុះ ៤,៣ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានតម្លៃ ៥២៤ លានដុល្លារ។ ចំណែកបរិមាណនាំចេញអង្ករក្នុងឆ្នាំ ២០១៩ សម្រេចបាន ៦២០ ១០៦ តោន ធ្លាក់ចុះ ០,៩៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៦២៦ ២២៥ តោន៕LA