ក្រុងបាងកកៈ ការនាំ​ចេញ​អង្ករ​ថៃ​ក្នុង​រយៈពេល​ ២ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៨ នេះ បាន​កើនឡើង​ ១០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន គិត​ជា​បរិមាណ​ដល់ ១,៩១ លាន​តោន និង​កើនឡើង​ ១៦,១ ​ភាគរយ​គិត​ជា​ប្រាក់​បាត ដល់ ៣០,-៣២ ពាន់​លាន​បាត (​ប្រហែល ៩៧២ ​លាន​ដុល្លារ​) តែ​ការបញ្ជា​ទិញ​កំពុង​ធ្លាក់​ចុះ​ដោយសារ​កំណើន​ថ្លៃ​ប្រាក់​បាត​។

លោក Charoen Laothamatas ប្រធាន​សមាគម​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ថៃ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា នៅ​ខែ​កុម្ភៈ​ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​ចំនួន ៩៥០ ៧៦១ តោន​មាន​តម្លៃ ១៤,៩២ ពាន់​លាន​បាត​។ បរិមាណ​នេះ​បាន​ធ្លាក់ចុះ ១,២ ភាគរយ ហើយ​តម្លៃ​បាន​ធ្លាក់​ចុះ ៣,១ ភាគរយ​បើ​ធៀប​នឹង​ខែ​មករា​ដោយសារ​ការធ្លាក់​ចុះ​ការនាំ​ចេញ​អង្ករ​ម្លិះ​ក្រអូប និង​អង្ករ​ចំហុយ (parboiled rice)​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​ការបញ្ជា​ទិញ​អង្ករ​ទាំង​ ២ ​ប្រភេទ​នេះ បាន​ធ្លាក់​ចុះ ដោយសារ​តម្លៃ​របស់​វា​ខ្ពស់​ពេក ដោយសារ​ប្រាក់​បាត​ថ្លៃ និង​ការប្រមូល​ផល​ស្រូវ​កាន់តែ​ច្រើន​នៅ​តាម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។

សមាគម​នាំ​ចេញ​អង្ករ​ថៃ​បាន​ព្យាករ​ថា ប្រទេស​ថៃ​នឹង​នាំ​ចេញ​អង្ករ​ចំនួន​ ៨៥០០០០ តោន​នៅ​ខែ​មីនា​។

យោង​តាម​លោក Charoen បាន​ឲ្យ​ដឹង​ថា ការនាំ​ចេញ​អង្ក​រស​ទៅ​កាន់​ទីផ្សារ​អាស៊ី និង​អាហ្វ្រិក​នឹង​បន្ត​មាន​កម្រិត​ដូច​មុន ហើយ​អតិថិជន​ធំៗ​នឹង​រួមមាន ប្រទេស​បេនីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ម៉ូសំប៊ិក​។

ការនាំ​ចេញ​អង្ករ​ម្លិះ​ក្រអូប និង​អង្ករ​ចំហុយ​ទំនង​ជា​នឹង​ធ្លាក់​ចុះ​បើ​ធៀប​ទៅនឹង​ការនាំចេញ​កាលពី​ខែ​កុម្ភៈ ដោយសារ​អតិថិជន​បាន​នាំ​ចូល​អង្ករ​ច្រើន​នា​ពេល​ថ្មីៗ​នេះ​ហើយ​អង្ករ​ថៃ​មាន​តម្លៃ​ខ្ពស់​។ អតិថិជន​មួយ​ចំនួន​កំពុង​បញ្ជា​ទិញ​អង្ករ​គុណភាព​ខ្ពស់​ពី​គូប្រជែង ដូចជា កម្ពុជា និង​វៀតណាម​ជាដើម​។

ប្រទេស​ថៃ​បាន​កំណត់​តម្លៃ​អង្ករ​ម្លិះ​ក្រអូប​របស់​ខ្លួន​នៅ​តម្លៃ ១១៤៤ ដុល្លារ​ក្នុង​មួយ​តោន ខណៈ​កម្ពុជា​កំណត់​តម្លៃ ៩០០ ដុល្លារ ក្នុង​មួយ​តោន និង​វៀតណាម កំណត់​តម្លៃ ៦៥០ ដុល្លារ ក្នុង​មួយ​តោន​៕ BP