ភ្នំពេញៈ កម្ពុជា​ប្តេជ្ញា​បង្កើន​ការនាំចេញ​អង្ករ​ឲ្យ​បាន​កាន់តែ​ច្រើន​ទៅ​ទីផ្សារ​ប្រទេស​ ចិន ​ដើម្បី​សម្រេច​ឲ្យ​កូតា​នាំចេញ​ ៤០ ​ម៉ឺនតោន​ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ប្រទេស​ ចិន​។ នេះ​បើ​យោងតាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ជួប​ជាមួយ​នឹង​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​រដ្ឋ​ចិន COFCO ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការនាំចេញ​របស់​កម្ពុជា​ដោយ​រំពឹងថា ការនាំចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ ចិន​ ក្នុង​ឆ្នាំ​ ២០១៩​។ នេះ​នឹង​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ​ជាង​ឆ្នាំទៅ​។

របាយការណ៍​លេខាធិការដ្ឋាន​ច្រកចេញ​ចូល​តែមួយ​សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ​បាន​បង្ហាញថា​ក្នុង​រយៈពេល​ ៧ ​ខែ ឆ្នាំ​ ២០១៩ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន ៣០៨ ០១៣ ​តោន​ កើនឡើង ៣,៧ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន ២៩៧ ០៨០ ​តោន​។ ចិន គឺជា​ទីផ្សារ​នាំមុខគេ​ដោយ​គិតពី​ខែ​មករា​ដល់​ខែ​កក្កដា​មាន​បរិមាណ ១២៣ ៣៦១ ​តោន កើនឡើង​ ៩៤ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​របស់​លោក​កំពុង​ខិតខំ​ធ្វើការ​សិក្សា​ទីផ្សារ និង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មីៗ​ព្រម​ទាំង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​ជា​ផែនការ​ក្នុងការ​ឈានឆ្ពោះ​សម្រេច​ផែនការ​នាំចេញ​អង្ករ​ឲ្យ​បាន ១ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​រំពឹងថា​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ឆ្នាំនេះ​នឹង​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំមុន​»​។

កាលពី​ឆ្នាំមុន​ប្រទេស​ចិន​បាន​ផ្តល់​កូតា​ឲ្យ​កម្ពុជា​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន ៣០ ​ម៉ឺន​តោន ប៉ុន្តែ​កម្ពុជា​សម្រេច​បាន​ត្រឹមតែ ១៧០ ១៥៤ តោន​ប៉ុណ្ណោះ​។ កាលពី​ដើម​ឆ្នាំ​ ២០១៩ ចិន​បាន​បន្ថែម​កូតា​ដល់​កម្ពុជា ១០ ​ម៉ឺន​តោន​បន្ថែមទៀត​។

ការប្រកួតប្រជែង​ខាង​តម្លៃ​លើ​ទីផ្សារ​អន្តរជាតិ ពិសេស​ជាមួយ​អង្ករ​របស់​ប្រទេស​ជិតខាង​ថៃ និង​វៀតណាម ​នៅ​តែ​ជា​បញ្ហា​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​ប្រឈម​។

បើតាម​លោក ចាន់ សុខឃាំង នៅ​ថ្ងៃទី​ ១០-១២ ខែ​ កញ្ញា​ ខាង​មុខ​នេះ ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ដឹកនាំ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ស្រូវ​អង្ករ​មួយចំនួន​ដើម្បី​ទៅ​សិក្សា​ទីផ្សារ​ប្រទេស​ ចិន ផងដែរ​។

បច្ចុប្បន្ន COFCO ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​ផ្នែក​ផលិត​ម្ហូបអាហារ​ធំជាងគេ​នៅ​ប្រទេស ​ចិន​ កំពុង​ចុះមក​ពិនិត្យ​សកម្មភាព​នៃ​ការធ្វើ​ស្រែ និង​គុណភាព​ស្រូវ​អង្ករ​របស់​ប្រជាកសិករ​នៅ​កម្ពុជា​។ ការចុះ​មក​នេះ​មាន​គោលបំណង​ធ្វើការ​ពិនិត្យ​គុណភាព ដើម្បី​រៀបចំ​ផែន​ការប្រមូល​ទិញ​នៅ​ចុង​ឆ្នាំ​ ២០១៩ នេះ​តែម្តង​។ នេះ​បើ​តាម​លោក សុខឃាំង​។

កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​នាំចេញ​អង្ករ​សរុប ៦២៦ ២២៥ តោន ធ្លាក់ចុះ​ ១,៥ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៧​។ ទីផ្សារ​សហភាព​អឺរ៉ុប​មាន​បរិមាណ​ច្រើន​ជាងគេ គឺ​រហូតដល់ ២៦៩ ១២៧ តោន និង​ប្រទេស​ ចិន​ មាន​ចំនួន ១៧០ ១៥៤ ​តោន​៕