ភ្នំពេញៈ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​រំពឹង​ថា នឹង​មាន​កំណើន​ឡើងវិញ​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ នេះ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមការងារ​សហព័ន្ធ​ស្រូវ​អង្ករ​ (CRF) ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ពី​ផលិតផល​អង្ករ​កម្ពុជា​។ នេះ​បើ​យោង​តាម​ការអះអាង​របស់​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ CRF​។

ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក ៣ ​ត្រីមាស​ជាប់ៗ​គ្នា​នៅ​ឆ្នាំ​ ២០១៩ នេះ បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ចាប់​តាំងពី​ដើម​ឆ្នាំ​ ២០១៩ មក​។

លោក សុង សារ៉ន ប្រធាន CRF កាលពី​សប្តាហ៍​មុន​បាន​ដឹកនាំ​ក្រុម​ការងារ CRF ទៅ​កាន់​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ដោយ​បាន​ជួបពិភាក្សា​ជាមួយ​ភាគី​ជាច្រើន ដើម្បី​សិក្សា​ពី​តម្រូវការ និង​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​អង្ករ​កម្ពុជា​។

លោក​បន្តថា បន្ទាប់ពី​ការយកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​របស់​សហគមន៍​អឺរ៉ុប បាន​ធ្វើឲ្យ​បរិមាណ​ការនាំ​ចេញ​ទៅ​អឺរ៉ុប​ធ្លាក់​ចុះ ដោយសារ​មាន​ការប្រកួតប្រជែង​ខាង​តម្លៃ​ជាមួយ​ប្រទេស​ផ្សេងទៀត​។

លោក​បាន​ថ្លែងថា​៖ « អឺរ៉ុប​នៅតែ​ជា​ទីផ្សារ​មាន​សក្តានុពល​សម្រាប់​អង្ករ​កម្ពុជា ខណៈ​បច្ចុប្បន្ន​យើង​កំពុង​តែ​ស្វែងរក​តម្រូវការ​ពិតប្រាកដ​។ តាមរយៈ​នេះ​យើង​ក៏ត្រូវ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​យើង ដើម្បី​ឲ្យ​ដើរ​ស្រប​តាម​តម្រូវការ​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ ខ្ញុំ​សង្ឃឹម​ថា​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​នឹង​កើនឡើង​នៅ​ចុង​ឆ្នាំ​ ២០១៩ នេះ​»​។

របាយការណ៍​នាំចេញ​អង្ករ​បាន​ឲ្យ​ដឹងថា ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៩ ខែ​ ឆ្នាំ​ ២០១៩ សម្រេច​បាន ៣៩៨- ៥៨៦ តោន​កើនឡើង ២,៣ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន​ដែល​មាន ៣៨៩ ២៦៤ តោន​។ ក្នុងនោះ​ការនាំ​ចេញ​ទៅ​ទីផ្សារ​ចិន មាន ១៥៧ ៧៩៣ ​តោន​ កើនឡើង​ជាង ៤៤ ​ភាគរយ និង​ទៅ​អឺរ៉ុប​មាន​ចំនួន ១៣៥ ៤៧១​ ​តោន​ ធ្លាក់​ចុះ​ជិត​ ៣០ ​ភាគរយ​។ ចំនួន​ដែល​នៅ​សេសសល់​ត្រូវបាន​នាំចេញ​ទៅ​ទីផ្សារ​អាស៊ាន​។

បើ​តាម​លោក សារ៉ន នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក Martin Patzelt តំណាងរាស្ត្រ​អាល្លឺម៉ង់ ដើម្បី​ពន្យល់​ពី​ផលប្រយោជន៍​របស់ EBA ទៅដល់​ប្រជាកសិករ​កម្ពុជា និង​ជួបពិភាក្សា​ជាមួយ​អ្នក​តំណាង​សហករណ៍​នៅ​ប្រទេស​ បារាំង Ethiquable Cooperative ដើម្បី​ជំរុញ​ការទិញ​អង្ករ​ពី​កម្ពុជា ព្រម​ទាំង​បាន​ជួប​ជាមួយ​អតិថិជន​ជាច្រើន ដើម្បី​ចង់​ដឹង​ពី​តម្រូវការ​ពិត​របស់​ពួកគេ​ចំពោះ​អង្ករ​កម្ពុជា​។

កាលពី​ឆ្នាំ​ ២០១៨ សហករណ៍ Ethiquable Cooperative បាន​ទិញ​អង្ករ​ពី​កម្ពុជា​ប្រមាណ​ ១២០​ ​តោន ខណៈ​នៅ​ឆ្នាំ​ ២០១៩ នេះ​បាន​បញ្ជា​ទិញ​តែ​ ១០០ ​តោន​។ នេះ​បើ​តាម​លោក សារ៉ន​។ លោក​រំពឹង​ថា​ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០១៩ នឹង​នៅ​ចន្លោះ​ពី ៦៥០ ០០០ ​ទៅ ៧៥០ ០០០ ​ម៉ឺន​តោន​ កើនឡើង​តិចតួច​ពី​ឆ្នាំ​ ២០១៨​។

លោក យ៉ន សុវណ្ណ ប្រធាន​ក្រុមហ៊ុន​នាំចេញ​អង្ករ Bayon Cereal បាន​និយាយថា ទោះបី​ជា​ការនាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក៏ដោយ ប៉ុន្តែ​តាមរយៈ​គុណភាព​អង្ករ​កម្ពុជា​លោក​ជឿ​ថា​នៅ​ចុង​ឆ្នាំនេះ​បរិមាណ​នៃ​ការនាំចេញ​នឹង​ស្ទុះ​កើនឡើង​វិញ​។ លោក​បាន​ថ្លែងថា​៖ «​គុណភាព និង​កិច្ចខិតខំ​ស្វែងរក​ទីផ្សារ​បន្ថែម​របស់​សហព័ន្ធ​នឹង​ជួយ​ធ្វើឲ្យ​ការនាំចេញ​ទៅ​អឺរ៉ុប​កើនឡើង​នៅ​ចុង​ឆ្នាំនេះ​»៕ LA