ភ្នំពេញៈ ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​ធ្លាក់​ចុះ​ជិត​ ៦ ​ភាគរយ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ជា​និន្នាការ​ដែល​មន្ដ្រី​មកពី​ក្រសួង​កសិកម្ម​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ត្រូវការ​ធ្វើ​ការងារ​បន្ថែម​ទៀត​ដើម្បី​ស្រោចស្រង់​ទីផ្សារ​អន្តរជាតិ​។

របាយការណ៍​បាន​ពី​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា​ការនាំ​ចេញ​អង្ករ​ក្នុង​អំឡុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​កើនឡើង​ដល់ ២៧១- ៥៣៧ តោន​ធ្លាក់​ចុះ ៥,៩ ​ភាគរយ​ធៀប​នឹង ២៨៨ ៥៦២ តោន​នៅក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការធ្លាក់​ចុះ​នេះ​​គឺ​ដោយសារ​តែ​សមត្ថភាព​ប្រកួត​ប្រជែង​នៅក្នុង​ទីផ្សារ​អន្តរជាតិ ដែល​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ក្នុង​ស្រុក​គឺជា​អ្នក​ដើរ​តួនាទី​ដ៏សំខាន់​សម្រាប់​ការជំរុញ​ការនាំ​ចេញ​។

លោក ហ៊ាន វណ្ណហន បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ត្រូវ​បង្កើន​សមត្ថភាព និង​ធានា​ការបញ្ជា​ទិញ​អន្តរជាតិ​កាន់តែ​ច្រើន ដើម្បី​ពង្រឹង​ការនាំ​ចេញ​របស់​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​និន្នាការ​នាំ​ចេញ​បាន​បង្ហាញ​បញ្ហា​របស់​ទីផ្សារ វិស័យ​ឯកជន​គឺជា​អ្នក​ដើរ​តួនាទី​ដ៏សំខាន់ ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ទ្រង់ទ្រាយ​ធំ​កាន់​តែ​ច្រើន​»​។ លោក​បន្ត​ថា​៖ «​ដោយសារ​តែ​និន្នាការ​នេះ​ការ​នាំ​ចេញ​អង្ករ នឹង​មិន​កើនឡើង​ខ្លាំង​ទេ ដែល​វា​ខុស​គ្នា​ពី​តួលេខ​នាំ​ចេញ​សរុប​កាលពី​ឆ្នាំ​មុន​»​។

ទោះបី​ជា​កម្ពុជា​ទទួល​បាន​កូតា​នាំ​ចេញ​អង្ករ ២០០ ០០០ ​តោន​កាលពី​ឆ្នាំ​ ២០១៧ ពី​ប្រទេស​ចិន​ដែល​នឹង​ជំរុញ​ឲ្យ​ការនាំ​ចេញ​កើនឡើង​រហូត​ដល់ ៣០០ ០០០ តោន​នៅ​ឆ្នាំ​នេះ​បញ្ហា​ឃ្លាំង​ស្ដុក និង​ហិរញ្ញប្បទាន គឺជា​ឧបសគ្គ​សម្រាប់​ការ​សម្រេច​បាន​តាម​ទិសដៅ​កំណត់​របស់​កម្ពុជា​។

ទោះបី​យ៉ាង​នេះ​ក្តី​ចាប់ពី​រដូវ​ខាង​មុខ​ឧបសគ្គ​ឃ្លាំង​ស្ដុក​នឹង​លែង​ជា​បញ្ហា​ទៀត​ហើយ ដោយសារ​សមត្ថភាព​ដ៏ធំ​របស់​ឃ្លាំង​ស្ដុក ឡសម្ងួត និង​ម៉ាស៊ីន​កិនស្រូវ បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រតិបត្តិការ​។ នេះ​បើ​យោង​តាម​លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

លោក​បាន​ថ្លែង​ថា​៖ «​ទោះបី​ជា​យើង​ទទួល​បាន​កូតា​ពី​ប្រទេស​ចិន ប៉ុន្តែ​បញ្ហា​​ប្រឈម​របស់​យើង​រហូត​មក​ដល់​ពេល​នេះ​គឺ​សមត្ថភាព​ឃ្លាំង​ស្ដុក​ដែល​ធ្វើឲ្យ​និន្នាការ​នាំ​ចេញ​មាន​ការ​ធ្លាក់​ចុះ​»​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​នៅ​ក្នុង​រដូវ​ខាង​មុខ​សមត្ថភាព​នៃ​ការ​ប្រមូល​ស្រូវ​នឹង​បង្កើន​ល្បឿន ដោយសារ​តែ​ឃ្លាំង​ស្ដុក​របស់​យើង​រួចរាល់​ហើយ ដូច្នេះ​វា​នឹង​ជួយ​ក្នុង​ការ​បង្កើន​ការនាំ​ចេញ​នៅ​ចុង​ឆ្នាំ​នេះ​»៕LA