ភ្នំពេញៈ អង្ករ​ប្រមាណ​ជាង ៥៣ ​ម៉ឺន​តោន ​ត្រូវបាន​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ១០ ​ខែ​ដើមឆ្នាំ​ ២០២០ កើនឡើង​ជាង ១៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដោយ​ទទួលបាន​ប្រាក់​ចំណូល​ប្រមាណ ៣៦៧ ​លាន​ដុល្លារ​។

តាម​ទិន្នន័យ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​ ៣១ ខែតុលា បាន​បង្ហាញថា ក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០២០ ការនាំចេញ​អង្ករ​កម្ពុជា​សម្រេចបាន ៥៣៦ ៣០៥ ​តោន កើនឡើង​ ១៧,១១ ​ភាគរយ​ពី​ចំនួន​ ៤៥៧ ៩៤០ ​តោន​ កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។

មាន​ប្រទេស​ចំនួន ៦០ ដែល​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ដោយ​ទីផ្សារ​ប្រទេស​ចិន​បាន​បន្ត​នាំមុខគេ​ជាមួយ​នឹង​បរិមាណ ១៩៤ ៤៥១ ​តោន​ ស្មើនឹង​ចំណែក​ទីផ្សារ ៣៦,២៦ ​ភាគរយ​ សហភាព​អឺរ៉ុប ១៧៤ ៣៩១ ​តោន​ ស្មើ ៣២,៥១ ​ភាគរយ ប្រទេស​សមាជិក​អាស៊ាន ៧១ ៨៨២ ​តោន ស្មើ ១៣,៤០ ​ភាគរយ និង​គោលដៅ​ផ្សេងៗ​ទៀត​មាន ៩៥ ៥៨១ ​តោន​ស្មើនឹង ១៧,៨៣ ​ភាគរយ​។

ក្នុង​បរិមាណ​នាំចេញ​អង្ករ​សរុប​ខាង​លើ​គឺ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤២១ ១៣២ ​តោន អង្ករ​ស​ចម្រុះ​គ្រប់​ប្រភេទ​មាន ១០៩ ០១២ ​តោន និង​អង្ករ​ចំហុយ​មាន​ចំនួន ៦ ១៣៨ ​តោន​។ ​ទោះយ៉ាងណា​ការនាំចេញ​អង្ករ​ក្នុង​ខែ​តុលា ឆ្នាំនេះ​មិន​បាន​កើន​ទេ ដោយ​មាន​បរិមាណ​ត្រឹម ៤៧ ៥៣០ ​តោន ធ្លាក់ចុះ ១៩,៩២ ​ភាគរយ​ធៀប​ទៅ​ខែតុលា​ឆ្នាំ​មុន​ដែល​មាន ៥៩ ៣៥៤ ​តោន​។

លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ទោះបី​ជា​ការនាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នា​អំឡុង​ខែ​ចុងក្រោយ​នេះ​បាន​ធ្លាក់ចុះ​បន្តិច ដោយសារ​ការរង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ និង​ឧបសគ្គ​នៃ​ផ្លូវ​ដឹកជញ្ជូន ប៉ុន្តែ​បរិមាណ​សរុប​នៃ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅតែ​រក្សាបាន​នូវ​ភាពវិជ្ជមាន​ដដែល​ក្នុង​រយៈពេល ១០ ​ខែ​មកនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។ លោក​បន្តថា​ខណៈ​បច្ចុប្បន្ន​ស្ថានភាព​ទឹកជំនន់​បាន​ថមថយ​ទៅវិញ​ហើយ​នោះ លោក​គិត​ថា បរិមាណ​អង្ករ​នាំចេញ​នឹងមាន​កំណើន​ឡើងវិញ​ចាប់ពី​ពេល​នេះ​តទៅ​។

លោក​ថ្លែងថា​៖ «​បរិមាណ​នៃ​ការនាំចេញ​នឹង​ស្ទុះ​ឡើងវិញ ពិសេស​ចាប់ពី​ខែ​ធ្នូ និង​ខែមករា ឆ្នាំ​ ២០២១ ខាងមុខ ហើយ​ចិន​នឹង​នៅតែ​ជា​ទីផ្សារ​ដែល​មាន​សក្តានុពល​សម្រាប់​កម្ពុជា​»​។

លោក​ប្រាប់ទៀត​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក៏​ដូចជា​ប្រជាកសិករ​ក៏​កំពុង​ចាប់ផ្តើម​បង្កបង្កើនផល​ស្រូវ​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់​ឡើងវិញ​ផងដែរ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់ថា ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល ១០ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ​មាន​តម្លៃ​ប្រមាណ ៣៦៧ ​លាន​ដុល្លារ ខណៈ​សម្រាប់​ខែតុលា មាន​ចំនួន​ ៣៨,៩ ​លាន​ដុល្លារ​។

កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​បាន ៦២០ ១០៦ ​តោន ធ្លាក់ចុះ ០,៩៧ ​ភាគរយ​ធៀប​ទៅ​ឆ្នាំ​ ២០១៨ និង​ទទួល​បាន​ចំណូល​ប្រមាណ ៥០១ ​លាន​ដុល្លារ ធ្លាក់ចុះ ៤,៣ ​ភាគរយ​៕ LA

វីដេអូ៖