
កម្មករកំពុងទាញការុងអង្ករពីឃ្លាំងនៅហាងលក់អង្ករមួយនៅរាជធានីភ្នំពេញ នាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ២ ខែដំបូងក្នុងឆ្នាំ ២០២០ នេះបានកើនឡើងប្រមាណជាង ២១ ភាគរយ បើទោះបីជាបញ្ហានៃការរីករាលដាលជំងឺឆ្លង COVID-19 កំពុងបង្កក្តីបារម្ភ និងប៉ះពាល់ដល់ការដឹកជញ្ជូននោះក៏ដោយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យនៅលើប្រព័ន្ធសង្គមផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល ២ ខែដំបូងឆ្នាំ ២០២០ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានបរិមាណ ១៣៦ ៤៩៩ តោនកើនឡើង ២១,៣៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមទិន្នន័យប្រទេសចិននៅតែជាទីផ្សារនាំមុខគេក្នុងការទទួលយកអង្ករពីកម្ពុជា ដោយមានចំណែកទីផ្សារ ៣៧,៤៣ ភាគរយដែលមាន ៥១ ០៩២ តោនកើនឡើង ១៧,៥៨ ភាគរយ ខណៈទីផ្សារអឺរ៉ុបមាន ៣០,៣១ ភាគរយក្នុងចំនួន ៤១ ៣៧៣ តោនកើនឡើង ២១,៧៩ ភាគរយតំបន់អាស៊ានមានចំនួន ២៥ ២៣១ តោន កើនឡើង ៣៩,៧៧ ភាគរយ និងតំបន់ផ្សេងៗទៀតមានចំនួន ១៨ ៨០៣ តោនកើនឡើង ២៨,៧ ភាគរយ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ការនាំចេញអង្ករកម្ពុជាកំពុងមានស្ថានភាពល្អប្រសើរនៅគ្រប់ទិសដៅនាំចេញទាំងអស់ ជាពិសេសអង្ករកម្ពុជានឹងមិនទទួលរងឥទ្ធិពលពីការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបនាពេលខាងមុខទេ ផ្ទុយទៅវិញពន្ធនៃការនាំចូលទៅកាន់ទីផ្សារអឺរ៉ុបបានថយពី ១៧៥ អឺរ៉ូក្នុង ១ តោនក្នុងឆ្នាំ ២០១៩ មកនៅត្រឹម ១៥០ អឺរ៉ូក្នុង ១ តោនក្នុងឆ្នាំ ២០២០ នេះ។ លោកបន្តថា ការថយចុះប្រាក់បង់ពន្ធនេះទំនងជានឹងធ្វើឲ្យការនាំអង្ករទៅកាន់អឺរ៉ុបមានកំណើនឡើងវិញនៅឆ្នាំនេះ។
លោកថ្លែងថា៖ «អ្វីដែលយើងមើលឃើញ អង្ករកម្ពុជាក្នុងទីផ្សារអឺរ៉ុបកាន់តែផ្តល់រូបភាពល្អប្រសើរឡើងវិញ ដោយសារអង្ករកម្ពុជាជាប់ឈ្មោះជាប្រភេទផលិតផល None-toxic»។ លោកបន្តថា៖ «យើងជឿថា ទីផ្សារអង្ករកម្ពុជាកាន់តែមានភាពល្បីល្បាញនៅចិនបន្ថែមទៀត ព្រោះពេលនេះអង្ករកម្ពុជាកំពុងមានតម្រូវការខ្ពស់នៅប្រទេសចិន ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺមធ្យោបាយដឹកជញ្ជូនទៅវិញទេ ដែលអាចរាំងស្ទះដល់ការបញ្ជូនទំនិញ ព្រោះមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានកាត់បន្ថយសកម្មភាពយ៉ាងច្រើននាពេលនេះ»។
លោក ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុន Signature of asia co., Ltd ដែលជាក្រុមហ៊ុននាំចេញអង្ករមួយរបស់កម្ពុជានិយាយថា ការនាំចេញអង្ករកម្ពុជានាដើមឆ្នាំ ២០២០ នេះកំពុងមានភាពវិជ្ជមាន ហើយវានឹងបន្តកើនឡើងខ្ពស់បន្ថែមទៀតនៅពេលខាងមុខ។
លោកបន្តថា កំណើននៃការនាំចេញនេះអាចមានមូលហេតុសំខាន់ៗមួយចំនួនដូចជា គុណភាពអង្ករកម្ពុជាត្រូវបានគេទទួលស្គាល់កាន់តែច្រើន ភាពល្អប្រសើរនៃទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងការផ្តល់កូតាកាន់តែច្រើនពីប្រទេសចិនជាដើម។ លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា សម្ទុះនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនឹងកាន់តែមានដំណើរវិជ្ជមានក្នុងឆ្នាំ ២០២០ នេះ»។
លោកបន្តថា ដោយសារអង្ករជាតម្រូវការចាំបាច់សម្រាប់ការបរិភោគ ដូច្នេះវិបត្តិនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាដែលកំពុងផ្ទុះឡើងក្នុងប្រទេសជាច្រើននៅលើពិភពលោកមិនអាចទាញទម្លាក់ការនាំចេញរបស់កម្ពុជាបានទេ។ លោកបញ្ជាក់ថា៖ «មិនត្រឹមតែវិស័យស្រូវអង្ករទេដែលការនាំចេញនឹងកើនឡើងក្នុងឆ្នាំនេះ ផលិតផលក្នុងវិស័យកសិកម្មក៏នឹងកើនឡើងដូចគ្នា»។
ទោះយ៉ាងណាលោកលើកឡើងថា កម្ពុជាក៏ត្រូវតែខិតខំពង្រឹងគុណភាពអង្ករ ការបន្ទាបថ្លៃដើមផលិត ការស្វែងរកទុនបន្ថែម និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនជាមួយនឹងអង្ករប្រទេសជិតខាងផងដែរ។
របាយការណ៍ពី CRF បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ៦២០ ១០៦ តោន ធ្លាក់ចុះ ០,៩៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៦២៦ ២២៥ តោន។ ជាមួយគ្នានេះទឹកប្រាក់ដែលទទួលបានពីការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃប្រមាណ ៥០១ លានដុល្លារ ធ្លាក់ចុះប្រមាណ ៤,៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានតម្លៃ ៥២៤ លានដុល្លារ។
របាយការណ៍បង្ហាញថា ចិនមានចំណែកទីផ្សារធំជាងគេជាមួយនឹងបរិមាណ ៤០,៧៣ ភាគរយ ស្មើនឹង ២៤៨ ១០៥ តោន ទីផ្សារអឺរ៉ុប ៣២,០១ ភាគរយ ស្មើនឹងបរិមាណ ២០២ ៩៩០ តោន តំបន់អាស៊ាន មាន ១៣,៤១ ភាគរយស្មើ ៨៣ ១៦៤ តោន និងទិសដៅផ្សេងទៀត ១៣,៨៤ ភាគរយ ស្មើនឹង ៨៥ ៨៤៧ តោន៕ LA