ភ្នំពេញៈ ការនាំ​ចេញ​អង្ក​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ ៣ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ​ដែល​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​តំណាង​ឧស្សាហកម្ម​បាន​ស្ដីបន្ទោស​លើ​ការរត់ពន្ធ​អង្ករ​តាម​ព្រំដែន​។

ទិន្នន័យ​ក្រសួង​កសិកម្ម​កាលពី​ម្សិលមិញ​ឲ្យ​ដឹង​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ ១៦១ ១១៥ តោន​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ពី ១៦៦,៦៧៨ តោន​កាលពី​ឆ្នាំ​ ២០១៧​។

ទោះបី​យ៉ាង​នេះ​ក្តី​អ្នក​នៅ​ក្នុង​វិស័យ​នេះ​អះអាង​ថា​តម្លៃ​អង្ករ​ខ្ពស់​នៅ​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​កសិករ​សម្រុក​លក់​ស្រូវ​ទៅ​ឲ្យ​ឈ្មួញ​កណ្តាល​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​។

លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​ទីផ្សារ​អង្ករ​អន្តរជាតិ​ល្អ ដូច្នេះ​តម្រូវការ​ស្រូវ​បាន​កើនឡើង​»​។

លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មិន​អាច​ទិញ​អង្ករ​ឲ្យ​បាន​មុន​ឈ្នួញ​មកពី​ព្រំដែន​ដែល​បាន​ទិញ​ស្រូវ​ពី​កសិករ​នោះ​ទេ​»​។ លោក​បាន​ព្រមាន​ថា ការ​នាំ​ចេញ​​មួយ​ឆ្នាំ​ពេញ​នឹង​ត្រូវ​បាន​ខូចប្រយោជន៍ ប្រសិន​បើ​អាជ្ញាធរ​មិន​អន្តរាគមន៍​ដើម្បី​រារាំង​អ្នក​រត់ពន្ធ​ស្រូវ​នេះ​ទេ​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៅ​ក្រសួង​កសិកម្ម​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។ កាលពី​សប្ដាហ៍​មុន​លោក​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​រដ្ឋាភិបាល​មិន​អាច​បង្ក្រាប​លើ​ការ​រត់ពន្ធ​អង្ករ និង​ស្រូវ​បាន​ទេ​ដោយសារ​តែ​វា​នឹង​ដាក់​សម្ពាធ​ដ៏ធំ​លើ​កសិករ​ក្នុង​ស្រុក​។

លោក ហ៊ុន ឡាក់ បាន​ថ្លែង​៖ «​ទោះបី​ជា​យើង​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មាន​ការបញ្ជា​ទិញ​ពី​បរទេស​ក៏ដោយ ប៉ុន្តែ​យើង​មិន​មាន​ស្ដុក​នៅ​ក្នុង​ដៃ​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​តើ​យើង​អាច​ផ្គត់ផ្គង់​បាន​ប៉ុន្មាន​? នោះ​ជា​មូលហេតុ​ដែល​តួលេខ​នាំ​ចេញ​មាន​ការ​ធ្លាក់​ចុះ​»​។

ការរត់​ពន្ធ​ស្រូវ អង្ករ គឺជា​បញ្ហា​ដ៏យូរអង្វែង​សម្រាប់​វិស័យ​អង្ករ​កម្ពុជា​។ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​អង្គការ​សហប្រជាជាតិ​បាន​ព្យាករ​ថា អង្ករ​ដែល​រត់ពន្ធ​តាម​ព្រំដែន​របស់​កម្ពុជា​នឹង​មាន​រហូត​ដល់​ ៤៤ នៅ​ឆ្នាំ​នេះ​។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ Amru Rice បាន​ថ្លែង​ថា ការប្រែប្រួល​នៅ​ក្នុង​ទីផ្សារ​អង្ករ​គឺជា​រឿង​ធម្មតា ហើយ​ថា​កសិករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​តម្លៃ​ស្រូវ​កាន់តែ​ខ្ពស់​។ លោក​ថ្លែង​ថា​៖ «​វា​ជា​ជម្រើស​ល្អ​សម្រាប់​កសិករ​ក្នុង​ការលក់​ស្រូវ​របស់​ពួកគេ ពួកគេ​មិន​ចាំបាច់​បារម្ភ​អំពី​តម្លៃ​នោះ​ទេ ដោយសារ​ឈ្នួញ​មកពី​បណ្ដា​ប្រទេស​ជិត​ខាង​ចំណាយ​តម្លៃ​ខ្ពស់​»​។

អ្នកស្រី ដឹម ស្រីលីម កសិករ​អង្ករ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​ធ្វើ​ស្រែ​លើ​ដី​ចំនួន​ ៥ ហិកតា បាន​ឲ្យ​ដឹង​ថា​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​នេះ​ល្អ​រហូត​ដល់ ១ ៧០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ តែ​ ១២០០ ​រៀល​ប៉ុណ្ណោះ​។

អ្នកស្រី​ថ្លែង​ថា​៖ «​តម្លៃ​ស្រូវ​របស់​យើង​គឺ​ល្អ យើង​សប្បាយ​ចិត្ត​ក្នុង​ការលក់​ស្រូវ​ទាំងអស់​របស់​យើង​»​។

អ្នកស្រី​បាន​បន្ត​ថា​៖ «​យើង​ចង់​លក់​ឲ្យ​ឈ្នួញ​វៀតណាម ដោយសារ​តែ​ពួកគេ​ឲ្យ​លុយ​ភ្លាមៗ​នៅ​នឹង​វាលស្រែ​។ ប្រសិន​បើ​យើង​លក់​ឲ្យ​ឈ្នួញ​ក្នុង​ស្រុក ពួកគេ​បង់ប្រាក់​ឲ្យ​យើង​យឺត ១ ​សប្ដាហ៍​»៕ LA