
កម្មករកំពុងលីអង្ករពីលើរថយន្តយកទៅទុកក្នុងឃ្លាំងស្តុក។ ហេង ជីវ័ន
ភ្នំពេញៈ ការនាំចេញអង្ករពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២០ នេះសម្រេចបានប្រមាណជិត ៤៥ ម៉ឺនតោន កើនឡើងជាង ៣១ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ក្នុងនោះប្រភេទអង្ករក្រអូបមានជិត ៨០ ភាគរយ និងទទួលបានប្រាក់ចំណូលប្រមាណ ៣០០ លានដុល្លារ។
របាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានកសិកម្មដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី ៣១ ខែសីហាបង្ហាញថា ក្នុងរយៈពេល ៨ ខែដំបូងឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៤៤៨ ២០៣ តោន កើនឡើង ៣១,០៤ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលមានចំនួន ៣៤២ ០៤៥ តោន។
ក្នុងនោះការនាំចេញអង្ករក្រអូបមានចំនួន ៣៥២ ៨០២ តោន ស្មើនឹង ៧៨,៧១ ភាគរយនៃការនាំចេញសរុប អង្ករសចំនួន ៨៩ ៦៩៩ តោនស្មើ ២០,០១ ភាគរយ អង្ករចំហុយ ៥ ៦៧៩ តោនស្មើ ១,២៧ ភាគរយ និងអង្ករក្រហមមាន ២៣ តោន ស្មើនឹង ០,០១ ភាគរយ។
របាយការណ៍ឲ្យដឹងទៀតថា មានប្រទេសចំនួន ៥៩ បានទទួលទិញអង្ករពីកម្ពុជាដែលនាំមុខដោយប្រទេសចិនមានចំនួន ១៥៩ ២៥៣ តោន ស្មើនឹងចំណែកទីផ្សារ ៣៥,៥៣ ភាគរយ កើន ១៩,៧៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ សហភាពអឺរ៉ុប មាន ១៤៩ ៨៤៨ តោនស្មើ ៣៣,៤៣ ភាគរយ កើន ២៤,៨១ ភាគរយ ប្រទេសជាសមាជិកអាស៊ាន ៦០ ៩៣៣ តោន ស្មើ ១៣,៥៩ ភាគរយ កើន ៤២,៤៩ ភាគរយ និងទិសដៅផ្សេងទៀតមានចំនួនសរុប ៧៨ ១៦៩ តោន ស្មើ ១៧,៤៤ ភាគរយ កើនឡើង ៦៨,៩២ ភាគរយ។
ទោះយ៉ាងណារបាយការណ៍ខាងលើបានឲ្យដឹងថា សម្រាប់ក្នុងខែសីហា ការនាំចេញអង្ករបានធ្លាក់ចុះ ៣៤,៩៧ ភាគរយពីចំនួន ៣៤ ០៣២ តោនកាលពីខែសីហា ឆ្នាំ ២០១៩ មកនៅត្រឹម ២២ ១៣០ តោនក្នុងខែសីហា ឆ្នាំ ២០២០។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោក លន់ យ៉េង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា បើទោះបីជាបរិមាណសរុបនៃការនាំចេញអង្ករកម្ពុជាបានកើនឡើងរហូតដល់ជាង ៣០ ភាគរយក្នុងរយៈពេល ៨ ខែនេះក៏ដោយ ប៉ុន្តែសម្រាប់ក្នុងខែសីហា ការនាំចេញបែរជាធ្លាក់ចុះច្រើន គឺប្រមាណ ៣០ ០០០ តោន បើធៀបនឹងការរំពឹងទុកពីមុន។ លោកបានបន្តថា ការធ្លាក់ចុះនេះគឺបណ្តាលមកពីកត្តាអាកាសធាតុជាចម្បង។
លោកថ្លែងថា៖ «ការរាំងស្ងួតរយៈពេលយូរកាលពីអំឡុងខែកក្កដាបានធ្វើឲ្យស្រូវមួយចំនួនត្រូវខូចខាត ដែលតម្រូវឲ្យបានការដាំដុះសាជាថ្មីនៅកន្លែងមួយចំនួន»។
កាលពីថ្ងៃទី ២៧ ខែសីហា កន្លងទៅ ប្រធាន CRF លោក សុង សារ៉ន បានជួបជាមួយនឹងប្រធានធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) ដើម្បីលើកសំណើដល់រដ្ឋាភិបាលក្នុងការបន្ថែមទំហំនៃកម្ចីពិសេសមានប្រាក់ចន្លោះពី ៨០ ទៅ ១០០ លានដុល្លារ តាមរយៈ ARDB ដើម្បីសម្រេចបានផែនការនៃការនាំចេញប្រហែល ៨០ ម៉ឺនតោន ក្នុងឆ្នាំនេះ។
យោងតាមលោក យ៉េង ក្នុងបរិមាណនាំចេញខាងលើកម្ពុជាទទួលបានចំណូលប្រមាណពី ២៩៨ ទៅ ៣០០ លានដុល្លារ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៦២០ ១០៦ តោន ធ្លាក់ចុះ ០,៩៧ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៦២៦ ២២៥ តោន។ ក្នុងនោះប្រាក់ទទួលបានពីការនាំចេញអង្ករមានចំនួន ៥០១ លានដុល្លារ ធ្លាក់ចុះ ៤,៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៥២៤ លានដុល្លារ៕ LA