ភ្នំពេញៈ ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ ២០១៨ បានបន្តធ្លាក់ចុះ ១,៥ ភាគរយធៀបនឹងឆ្នាំ ២០១៧ ដោយសារវិស័យនេះនៅតែប្រឈមបញ្ហាជាច្រើន ដូចជាតម្លៃផលិត និងក្តីបារម្ភពីវិធានការពន្ធនាំចូលរបស់សហភាពអឺរ៉ុប។ នេះបើតាមអ្នកនៅក្នុងវិស័យនេះ។
តួលេខបានពីក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញអង្ករ ៦២៦ ២២៥ តោនកាលពីឆ្នាំ ២០១៨ ធ្លាក់ចុះ ១,៥ ភាគរយពី ៦៣៥ ៦៧៩ តោនធៀបនឹងឆ្នាំ ២០១៧។
តួលេខនេះបង្ហាញថា ទិសដៅសំខាន់ៗនៃការនាំចេញអង្កររបស់កម្ពុជាគឺអឺរ៉ុប មានចំនួនសរុប ២៦៩ ១២៧ តោន និងចិនមានចំនួន ១៧០ ១៥៤ តោន។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា បញ្ហាប្រឈមនៅតែមាននៅក្នុងឧស្សាហកម្មស្រូវអង្ករ ដូចជាតម្លៃការផលិតខ្ពស់ ដែលរារាំងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
លោកថ្លែងថា៖ «ទោះបីជាឃ្លាំងស្ដុកស្រូវត្រូវបានអភិវឌ្ឍរួចហើយសម្រាប់ឧស្សាហកម្មស្រូវអង្ករក៏ដោយ ក៏ការនាំចេញអង្កររបស់យើងនៅតែធ្លាក់ចុះ វាមានន័យថា បញ្ហាប្រឈមនៅតែមានដែលធ្វើឲ្យការនាំចេញនៅតែមិនកើនឡើង»។
លោក ភូ ពុយ អគ្គនាយកធនាគារស្រូវ នៅខេត្តបាត់ដំបង បានកត់សម្គាល់ថា ខណៈក្រុមហ៊ុនរបស់លោក រក្សាបានកំណើននាំចេញអង្ករ ការនាំចេញជារួមរបស់ប្រទេសនេះនៅតែបន្តធា្លក់ចុះ។
លោកឲ្យដឹងថា ការធ្លាក់ចុះនេះគឺដោយសារតែសមត្ថភាពនៃការទិញស្រូវនៅតែមានកម្រិត ដែលម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឬក្រុមហ៊ុននាំចេញអង្ករ ត្រូវការប្រកួតប្រជែងតម្លៃស្រូវជាមួយឈ្មួញ មកពីប្រទេសជិតខាង។
លោកថ្លែងបន្តថា៖ «បញ្ហាប្រឈមសំខាន់ៗសម្រាប់ឧស្សាហកម្មនេះ គឺកង្វះដើមទុន ដែលម្ចាស់រោងម៉ាស៊ីនកិនស្រូវមិនអាចទិញស្រូវក្នុងតម្លៃខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងនោះទេ»។
លោកបន្តថា៖ «ទោះបីជាយើង មានការដាក់ឲ្យដំណើរការឃ្លាំងស្ដុកស្រូវ និងឡសម្ងួតមួយចំនួនក៏ដោយ ប៉ុន្តែមិនមានស្រូវនៅក្នុងស្ដុកច្រើននោះទេ វានឹងប៉ះពាល់ដល់ការនាំចេញអង្ករ»។
តម្លៃស្រូវសម្រាប់រដូវប្រមូលផលឆ្នាំ ២០១៨-២០១៩ មានចំនួនចន្លោះពី ៩០០ រៀល ទៅ ១ ៣០០ រៀល ក្នុង ១ គីឡូក្រាម ជាតម្លៃកាន់តែប្រសើរសម្រាប់កសិករ ធៀបនឹងរដូវប្រមូលផលមុនៗ។
លោក ស្រី វុឌ្ឍី បានឲ្យដឹងថា វាពិបាកក្នុងការនិយាយសម្រាប់ការនាំចេញអង្ករក្នុងឆ្នាំ ២០១៩ នេះណាស់។ លោកថ្លែងថា៖ «មានបញ្ហាប្រឈមជាច្រើនដែលចាំបាច់ត្រូវពិភាក្សា និងត្រូវការពេលវេលា ដើម្បីដោះស្រាយ ដូចជាតម្លៃឡូជីស្ទីក និងអគ្គិសនី ដែលបន្ថែមតម្លៃផលិត និងពិបាកក្នុងការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ»។
លោក វង្ស ប៊ុនហេង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការបារម្ភពីវិធានការការពាររបស់ EU លើការយកពន្ធអង្ករពីកម្ពុជា គឺជាបញ្ហាដ៏សំខាន់មួយក្នុងការធ្វើឲ្យធ្លាក់ចុះការនាំចេញអង្ករនៅចុងឆ្នាំ។
លោកថ្លែងថា៖ «ជាទូទៅការបញ្ជាទិញតែងកើនឡើងនៅចុងឆ្នាំ ប៉ុន្តែអ្នកទិញអន្តរជាតិមួយចំនួន មានភាពស្ទាក់ស្ទើរក្នុងការបញ្ជាទិញ នៅពេលពួកគេបានឮអំពីការអនុវត្តការការពាររបស់ EU »។
លោកបន្តថា៖ «តម្រូវការអង្កររបស់យើងគឺនៅមាន ប៉ុន្តែជម្រើសរបស់អ្នកទិញត្រូវបានកម្រិតដើម្បីស្វែងរកប្រាក់ចំណេញ»។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានឲ្យដឹងថា ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាអាចនឹងងាកទៅលក្ខខណ្ឌមិនល្អ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការនាំចេញអង្កររបស់កម្ពុជា នឹងមានការពិបាក ដោយសារកង្វះសមត្ថភាពប្រកួតប្រជែងក្នុងវិស័យនេះមុនពេលប្រមូលផល ជាពិសេសបើវាស្ថិតក្នុងប្រធានបទពន្ធនាំចូលរបស់ EU។ លោកបន្តថា៖«កសិករនឹងត្រូវតែពឹងផ្អែកលើអ្នកទិញស្រូវពីប្រទេសជិតខាង»៕LA