The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​នាំ​ចេញ​អង្ករ​របស់​ កម្ពុជា ​នៅ​បន្ត​ធ្លាក់​ចុះ​រយៈ​ពេល​ ១១ ខែ​នេះ

ការ​នាំ​ចេញ​អង្ករ​របស់​ កម្ពុជា ​នៅ​បន្ត​ធ្លាក់​ចុះ​រយៈ​ពេល​ ១១ ខែ​នេះ

Content image - Phnom Penh Post
អង្ករជាច្រើន​ប្រភេទ​ ដែល​ដាក់លក់​នៅផ្សារមួយក្នុងទីក្រុង​ភ្នំពេញ​នាពេលកន្លងមក។ ការនាំចេញអង្កររបស់​កម្ពុជាបន្តធា្លក់​ចុះ​។ ផា លីណា

ការ​នាំ​ចេញ​អង្ករ​របស់​ កម្ពុជា ​នៅ​បន្ត​ធ្លាក់​ចុះ​រយៈ​ពេល​ ១១ ខែ​នេះ

ភ្នំពេញៈ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​​ទៅ​កាន់​ទីផ្សារ​អន្ត​រជា​តិ​ក្នុង​​រយៈ​ពេល​ ១១ ​ខែ​ ឆ្នាំ​ ២០​១​៨ ​បាន​​ធ្លាក់​ចុះ​ជាង​ ​១៣ ​​ភាគ​​រយ​បើ​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ ២០១៧។

នេះ​បើ​តាម​រ​បាយ​​ការណ៍​របស់​លេខា​ធិ​ការ​​ដ្ឋាន​​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​​បំ​ពេញ​បែប​បទ​នាំ​​ចេញ​​អង្ករ​​។ របាយ​ការ​ណ៍​អំ​ពី​ស្ថាន​ភាព​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​ ១១ ខែ​នេះ​ការ​នាំ​ចេញ​អង្ករ​ទៅ​ទី​ផ្សារ​​អន្តរ​ជាតិ​មាន​បរិ​មាណ​ ៤៩៧ ២៤០ ​តោន​ ដោយ​ធ្លាក់​ចុះ​ពី​ ៥៦២ ២៣៧​តោន បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៧។

អ្នក​នៅ​ក្នុង​ឧស្សា​ហ​កម្ម​នេះ​បាន​លើក​ឡើង​ដ​ដែល​ៗ​ថា ការ​​ធ្លាក់​ចុះ​នេះ​ដោយ​សារ​តែ​ ឃ្លាំង​ស្តុក​ និង​ការ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ប្រ​ទេស​ជិត​ខាង។

អនុ​ប្រ​ធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា (CRF) លោក​ ហ៊ុន ​ឡាក់ បាន​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ថា ការ​នាំ​ចេញ​អង្ករ​បាន​ធ្លាក់​ចុះ​ស្ទើរ​គ្រប់​​ខែ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០១៨ ​ដោយ​សារ​ហេតុ​ផល​​ចម្បង​ចំ​នួន​ ២ គឺ​បញ្ហា​កង្វះ​ឃ្លាំង​ស្តុក​ស្រូវ​ពេល​ប្រ​មូល​ផល​ និង​ការ​ប្រ​កួត​ប្រ​ជែង​ផ្នែក​តម្លៃ​ជា​មួយ​ប្រ​ទេស​ជិត​ខាង។​

លោក​លើក​ឡើង​ថា៖​ «​កាល​ពី​​ត្រី​មាស​ទី​ ២ និង​ទី​ ៣ អង្ករ​ផ្កា​ម្លិះ​របស់​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជា​ង​អង្ករ​​ប្រ​ទេស​ជិត​ខាង​​ពី​ ៣០ ​​ដុល្លារ​ទៅ​ ៤០ ​ដុល្លារ​យ៉ាង​តិច​​ក្នុង​ ១ ​តោន ដែល​នេះ​ជា​ហេតុ​ផល​មួយ​ធ្វើ​ឲ្យ​បរិ​មាណ​នៃ​​​ការ​នាំ​ចេញ​​​​ធ្លាក់​ចុះ​»​។

កម្ពុជា​​ធ្លាប់​បាន​កំ​ណត់​ថា នឹង​​​​នាំ​​ចេញ​​អង្ករ​ទៅ​ទី​ផ្សារ​អន្តរ​ជាតិ​​ក្នុង​​ ១ ​ឆ្នាំ​ឲ្យ​បាន ​១ ​លាន​តោន​ត្រឹម​ឆ្នាំ​ ២០១៥ តែ​ជាក់​​ស្តែង​មក​ទល់​ពេល​នេះ​កា​រ​កំ​ណត់​​នោះ​ ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដោយ​កាល​ពី​ឆ្នាំ​ ២០១៥ ការ​នាំ​​ចេញ​សរុប​មាន​បរិ​មាណ​ ៥៣៨​ ៣៩៦​តោ​ន ឆ្នាំ​ ២០១៦ ​បាន​ ៥៤២ ១៤៤ ​តោន ​និង​ ឆ្នាំ​ ២០១៧ បាន​ ៦៣៥​ ៦៧៩ ​តោន​​តែ​ប៉ុ​ណ្ណោះ​។

លោក​​​លើក​ឡើង​ថា​៖​ «ស្ថាន​ភាព​បច្ចុ​ប្បន្ន​នេះ​ កម្ពុជា​​​​ពិ​បាក​នឹង​ឈាន​ទៅ​សម្រេច​គោល​ដៅ​​នាំ​ចេញ​អង្ករ​​ឲ្យ​​បាន​ ១ ​លាន​តោន​ណាស់ ព្រោះ​​​នៅ​មាន​បញ្ហា​ប្រ​ឈម​ជា​ច្រើន​ដែល​​ត្រូវ​ដោះ​ស្រាយ»។

បើ​តាម​លោក ​ហ៊ុន​ ឡាក់​ បញ្ហា​ប្រ​ឈម​សំ​ខាន់​ៗ ដែល​កម្ពុជា​ត្រូវ​កែ​សម្រួល​មាន​ដូច​ជា ការ​បង្កើន​ និង​ពង្រីក​ឃ្លាំង​​ស្តុក​ និង​ឡ​សម្ងួត ការ​បង្កើន​​​ប្រាក់​កម្ចី​ពី​ធនា​គារ​សម្រាប់​ ការ​ប្រ​មូល​ទិញ​ស្រូវ​ទុក​នៅ​រដូវ​ប្រ​មូល​ផល និង​ការ​​កែ​ស​ម្រួល​ថ្លៃ​ដើម​ផលិត​ជា​ដើម​។​

សម្រាប់​​​ខែ​​វិច្ឆិកា ការ​នាំ​ចេញ​អង្ករ​ទៅ​បរ​ទេស​មាន​បរិ​មាណ​ ៦២ ៤៣៣​តោន ដោយ​​​ធ្លាក់​ចុះ​ ពី​ចំ​នួន ៧០ ១២២​ តោន​បើ​ធៀប​ ទៅ​នឹង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧។

បើ​តាម ​លោក ហ៊ុន ឡាក់​ អង្ករ​ស​​​កម្ពុជា​លក់​នៅ​​ទី​ផ្សារ​អន្តរ​ជាតិ​មាន​តម្លៃ​ក្នុង​រង្វង់​ ៤៧០ ​ដុល្លារ​ក្នុង​ ១ ​តោន ​អង្ករ​​ក្រ​អូប​តម្លៃ​​ពី ​៧៨៥ ​ទៅ​៧៩០​ដុល្លារ និង​​​អង្ករ​ផ្កា​ម្លិះ មាន​តម្លៃ​រហូត​ដល់ ​៨៩០​ដុល្លារ​​។ តម្លៃ​ទាំង​​នេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន គឺ​កើន​ឡើង​​ប្រ​មាណ​ពី​​ ៨ ​ទៅ ១០ ​ភាគ​រយ។

លោក​ សុង​ សា​រ៉ន​ អ​គ្គ​នា​យក​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​ Amru Rice (Cambodia) Co., Ltd បាន​ឲ្យ​ដឹង​ថា​ ការ​ ធ្លាក់​ចុះ​នេះ ដោយ​សារ​បច្ចុ​ប្បន្ន​នេះ​កម្ពុជា​កំ​ពុង​បែរ​ឆ្ពោះ​​​ទៅ​រក​ទី​ផ្សារ​​អង្ករ​​ ដែល​មាន​គុណ​ភាព​ខ្ពស់ ​និង​តម្លៃ​ថ្លៃ​។

លោក​បាន​បន្ត​ថា កាល​ពី​មុន​កម្ពុជា​​នាំ​ចេញ​អង្ករ​​ស ភាគ​ច្រើន តែ​ចំ​នួន​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ខណៈ​​​​​បរិ​មាណ​នៃ​​​ការ​នាំ​ចេញ​​អង្ករ​​ក្រ​អូប​ ដែល​មាន​តម្លៃ​ខ្ពស់​​បាន​កើន​ឡើង​ជា​លំ​ដា​ប់​។

លោក​ថ្លែង​ថា៖​ «​​បើ​និ​យាយ​ពី​បរិ​មាណ​នៃ​ការ​នាំ​ចេញ​យើង​ឃើញ​ថា​​មាន​ការ​ធ្លាក់​ចុះ​ តែ​បើ​និ​យាយ​ពី​តម្លៃ ​ដែល​ទទួល​បាន​ពី​ការ​នាំ​ចេញ​ គឺ​មាន​ចំ​នួន​ច្រើន​ជាង​ឆ្នាំ​មុន​»​។

ចិន គឺ​ជា​ប្រ​ទេស​នាំ​មុខ​គេ​ក្នុង​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ដោយ​ក្នុង​រយៈ​ពេល​ ១១ ​ខែ​នេះ ​​មាន​បរិ​មាណ​ជិត​ ១៤ ​ម៉ឺន​តោន​ខណៈ​ការ​នាំ​ចេញ​ទៅ​បា​រាំង​មាន​​ជាង ​៧ ​ម៉ឺន​តោន ​​ម៉ា​ឡេ​ស៊ី​ជិត ​៤ ​ម៉ឺន​តោន ​និង​ប្រ​ទេស​ ហ្គា​បុង ​២,៥ ​ម៉ឺន​តោន​។

ខណៈ​​បរិ​មាណ​​ការ​នាំ​ចេញ​បង្ហាញ​សញ្ញា​អ​វិជ្ជ​មាន​ អង្ករ​កម្ពុជា​ក៏​កំ​ពុង​ប្រ​ឈម​នឹង​ការ​រឹត​ត្បិត​​​ចំ​ពោះ​ការ​នាំ​ចេញ​ទៅ​​ទី​ផ្សារ​អឺ​រ៉ុប​ផង​ដែរ​៕​ LA

អត្ថបទគួរចាប់អារម្មណ៍