ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អន្តរជាតិ​ជាង ១១ ០០០ ​តោន ​កាលពី​ឆ្នាំ​ ២០២០ កើន​ជាង ១ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩ ខណៈ​អ្នក​នៅក្នុង​វិស័យ​នាំចេញ​អង្ករ​អះអាងថា កំណើន​ដ៏​ទាប​នេះ​គឺ​ដោយសារ​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ខណៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រំពឹងថា នឹង​ជំរុញ​ការនាំចេញ​ឱ្យបាន​ច្រើន​សម្រាប់​ឆ្នាំ​ ២០២១ នេះ​។

ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ បាន​បង្ហាញថា ក្នុងចំណោម​អង្ករ​កម្ពុជា​នាំចេញ​សរុប ៦៩០ ៨២៩ ​តោន​ នៅក្នុង​ឆ្នាំ​ ២០២០ គឺមាន​អង្ករ​សរីរាង្គ ១១ ២០០ ​តោន កើន​ត្រឹម ១,២ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ អង្ករ​សរីរាង្គ​ជាង ៩០ ​ភាគរយ​ត្រូវបាន​នាំទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​មួយចំនួន​តូច​នាំទៅ​អាមេរិក​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយស៍ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ចន្ទ​ថា ទោះបី​ការនាំចេញ​អង្ករ​សរុប​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២០ សម្រេចបាន ៦៩០ ៨២៩ ​តោន​កើនឡើង ១១,៤ ​ភាគរយ​ក៏ដោយ ប៉ុន្តែ​សម្រាប់​អង្ករ​សរីរាង្គ គឺ​កើនឡើង​តិចតួច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

ការកើនឡើង​តិចតួច​នេះ គឺ​ដោយសារ​ទីផ្សារ​អង្ករ​សរីរាង្គ​កម្ពុជា គឺ​ពឹងផ្អែក​រហូតដល់​ជាង ៩០ ​ភាគរយ​លើ​ទីផ្សារ​អឺរ៉ុប ខណៈ​ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​កាលពី​ឆ្នាំ​ ២០២០ មិនបាន​កើនឡើង​ទេ ព្រោះ​ការនាំ​ចេញទៅ​ទីនោះ​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​។ លោក​បន្តថា ម្យ៉ាងទៀត​នៅក្នុងពេល​នៃ​ការឆ្លង​រាលដាល​កូវីដ​-១៩ នេះ​តម្រូវការ​អង្ករ​សរីរាង្គ គឺ​មិនបាន​កើនឡើង​ទេ​។

លោក​ថ្លែងថា​៖ «​ជារួម​ទោះបី​ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​មិន​កើនឡើង​ដោយសារ​ការជាប់​បន្ទុក​ពន្ធ ប៉ុន្តែ​សម្រាប់​អង្ករ​សរីរាង្គ គឺមាន​កំណើន​។ បើ​មិនមាន​របាំង​ពន្ធ ការប្រកួតប្រជែង​របស់​យើង​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​បន្ថែមទៀត​»​។ លោក​បញ្ជាក់ថា​៖ «​កំណើន​ប៉ុណ្ណឹង គឺ​អាច​ទទួល​យក​បាន​នៅក្នុង​បរិបទ​នេះ​»​។

ក្នុង​នាម​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក សារ៉ន បាន​អះអាងថា​៖ «​យើង​នឹង​ខំ​ស្វែងរក​ទីផ្សារ​នាំចេញ​អង្ករ​សរីរាង្គ​ឱ្យបាន​កាន់តែច្រើន និង​ធំ​ថែមទៀត ពិសេស​នៅ​អាមេរិក​ដែលមាន​តម្រូវការ​ខ្ពស់ ខណៈ​ពេលនេះ​ការនាំ​អង្ករ​សរីរាង្គ​ទៅ​ទីនោះ​នៅមាន​បរិមាណ​តិចតួច​នៅឡើយ​»​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ជំរុញ​ការនាំចេញ​អង្ករ​សរីរាង្គ​កម្ពុជា​ឱ្យ​កើន​ឡើងដល់​ក្នុង​រង្វង់ ១៥ ០០០ ​តោន​ ក្នុង​ឆ្នាំ​ ២០២១ នេះ​»​។

បើ​យោងតាម​លោក សារ៉ន ក្នុង​បរិមាណ​ការនាំចេញ​អង្ករ​សរីរាង្គ​សរុប ១១ ២០០ ​តោន​ កាលពី​ឆ្នាំ​ ២០២០ គឺ​ក្រុមហ៊ុន អេមរុ រ៉ាយស៍ មាន​ប្រហែល ៩ ០០០ ​តោន ​ដោយ​កើន​ពី​ ១០ ​ទៅ​ ២០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

លោក ចាន់ សុខឃាំង អគ្គនាយក​ក្រុមហ៊ុននាំចេញ​អង្ករ Signatures of Asia Co., Ltd បាន​ប្រាប់ថា ការរីករាលដាល​កូវីដ​ ១៩ បានធ្វើឱ្យ​តម្រូវការ​អង្ករ​សរីរាង្គ​លើ​ពិភពលោក​ធ្លាក់ចុះ ជាក់ស្តែង​ការនាំចេញ​របស់​ក្រុមហ៊ុន​លោក​បាន​ធ្លាក់ចុះ​ប្រមាណ ២០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ខណៈ​ការនាំចេញ​អង្ករ​ធម្មតា​មាន​កំណើន​ប្រហែល ៣០ ​ភាគរយ​។

លោក​បាន​បន្តថា កាលពី​ឆ្នាំ​ ២០២០ ​ការនាំចេញ​អង្ករ​របស់ Signatures of Asia Co., Ltd សម្រេចបាន​ជាង ២២ ០០០ ​តោន​ ក្នុង​នោះ​អង្ករ​សរីរាង្គ​មាន​ជាង ២ ០០០ ​តោន​។

លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ប្រាក់ចំណូល​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​១៩ បានធ្វើឱ្យ​មនុស្ស​ងាក​ទៅ​ជ្រើស​រើសយក​ប្រភេទ​អង្ករ​ដែលជា​តម្រូវការ​ចាំបាច់ ដោយ​មិនសូវ​ផ្តោត​ទៅ​លើ​អង្ករ​សរីរាង្គ​ (​ប្រភេទ​អង្ករ​សុខភាព​) ​ទេ ព្រោះ​អង្ករ​សរីរាង្គ​មានតម្លៃ​ជិត​ទ្វេដង​ធៀប​អង្ករ​ធម្មតា​»​។

តម្លៃ​អង្ករ​សរីរាង្គ​នៅលើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២០ មិនមាន​ការប្រែប្រួល​ច្រើន​ទេ​ធៀប​ឆ្នាំ​ ២០១៩ ដោយ​អង្ករ​សរីរាង្គ​ (​ស​) ​មាន​តម្លៃ​ក្នុង​រង្វង់ ៩៥០ ​ដុល្លារ​ ក្នុង​ ១ ​តោន និង​អង្ករ​សរីរាង្គ​ (​ក្រអូប​) តម្លៃ​ពី ១ ២០០-១ ៣០០ ​ដុល្លារ​ក្នុង​ ១ ​តោន​។ នេះ​បើតាម​លោក សុខឃាំង​៕