ភ្នំពេញៈ ការ​នាំចេញ​អង្ករ​របស់​​កម្ពុជា​នៅ​ក្នុង​ការ​ចាប់​ផ្តើម​​ឆ្នាំ ​២០១៩ ​នេះ​ បាន​បន្ត​ធ្លាក់​ចុះ​​ចំនួន ៥ ​ភាគរយ​ បន្ទាប់​ពី​ការ​ធ្លាក់ចុះ​បាន​កើត​ឡើង​ស្ទើរ​ពេញ ​១ ​ឆ្នាំ​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ ​២០១៨ ខណៈ​អ្នក​នៅ​ក្នុង​វិស័យ​នេះ​មិន​ចាត់​ទុក​ថា​ជា​រឿង​បារម្ភ​ទេ​ ដោយ​សារ​វា​ទើប​ជា​ការ​ចាប់​ផ្តើម​។​

របាយ​ការណ៍​ពី​លេខាធិការ​ដ្ឋាន​ច្រក​ចេញ​ចូល​តែ​​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំចេញ​អង្ករ​កាល​ពី​​​ថ្ងៃ​ម្សិលមិញ​បង្ហាញ​ថា ​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​​ខែ​មករា​ ឆ្នាំ ​២០១៩ មាន​​បរិមាណ​ចំនួន​ ៥៩ ៦២៥ តោន ​​ធ្លាក់ចុះ​ ៥ ​ភាគរយ​បើ​ធៀប​នឹង​ខែ​មករា ឆ្នាំ ​២០១៨​ ដែល​មាន​​ ៦២ ៦២៣ តោន។

ទិន្នន័យ​​បង្ហាញ​ទៀត​ថា អង្ករ​ចំនួន ២៣ ៨៩៩ ​តោន ដែល​ស្មើ​នឹង​​ ៤០​,៧ ​ភាគរយ​នៃ​​បរិមាណ​​​នាំចេញ​សរុប​​ត្រូវ​បាន​នាំ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ប្រទេស ​ចិន ​មាន​ ១៨ ​៦៧១ ​តោន ​ក្រុម​ប្រទេស​​សមាជិក​អាស៊ាន​មាន​ ៩​ ២២៦ ​តោន​ និង​ទិស​ដៅ​ផ្សេង​ទៀត​មាន​ចំនួន​ ៧ ៨៣៩ ​តោន​។

កាល​ពី​ឆ្នាំ ​២០១៨ ​កម្ពុជា​នាំចេញ​អង្ករ​បាន​ ៦២៦ ​២២៥ ​តោន​ ធ្លាក់​ចុះ​តិច​តួច​ពី​ចំនួន ​៦៣៥ ​៦៧៩ ​តោន​​កាល​ពី​ឆ្នាំ ​២០១៧។​

វិស័យ​នាំចេញ​អង្ករ​កម្ពុជា នា​ពេល​នេះ​ក៏​កំពុង​ជួប​​នឹង​បញ្ហា​ប្រឈម​ផង​ដែរ​ ខណៈ​កាល​ពី​ថ្ងៃ​ទី ​១៨ ខែ​មករា សហគមន៍​​អឺរ៉ុប​បាន​កំណត់​យក​ពន្ធ​អង្ករ​នាំចេញ​ពី​កម្ពុជា​រយៈ​ពេល ​៣ ​ឆ្នាំ ​ដោយ​ឆ្នាំ​ដំបូង​តម្រូវ​ឲ្យ​បង់​ពន្ធ ​២០០ ​ដុល្លារ​​ក្នុង ១ ​តោន​ ឆ្នាំ​ទី២ ​ចំនួន​ ១៧០ ​ដុល្លារ​ និង​ឆ្នាំទី​៣​ ចំនួន ​១៤២ ​ដុល្លារ។ ​អង្ករ​កម្ពុជា​ក៏​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ទៀត​ទៅ​ទីផ្សារ​អឺរ៉ុប​ផង​ដែរ ​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ ត្រូវ​បាន​ព្យួរ​​នោះ​។

លោក ហ៊ុន​ ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ ​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមហ៊ុន​នាំចេញ​អង្ករ​ Mekong OryzaTrading បាន​និយាយ​ថា​ ការ​នាំចេញ​​អង្ករ​កម្ពុជា​ធ្លាក់ចុះ​​​កាល​ពី​ខែ​មករា​ មិនមែន​ជា​​​រឿង​​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​តួលេខ​រយៈ​ពេល​ ១ ​ខែ​ប៉ុណ្ណោះ ហើយ​​ការ​ធ្លាក់ចុះ​នេះ​​ក៏​មិន​មាន​បរិមាណ​ច្រើន​​ទេ​។ លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​មិន​ទាន់​​អាច​​​វាយ​តម្លៃ​ថា​បែប​ណា​នោះ​​​ទេ​ដោយ​យើង​គួរ​តែ​រង់​ចាំ​មើល ​២-៣ ​ខែ​ទៀត​សិន»។

លោក​​​បន្ត​ថា សម្រាប់​ការ​យក​ពន្ធ​​​អង្ករ​កម្ពុជា​នៅ​ពេល​នាំចូល​ទីផ្សារ​​​អឺរ៉ុប​នោះ​ លោក​គិត​ថា ​មិន​​ប៉ះពាល់​អ្វី​ច្រើន​ទេ ព្រោះ​តម្លៃ​អង្ករ​​បន្ទាប់​ពី​​យក​ពន្ធ គឺ​​​កើន​ឡើង​តិច​តួច​ប៉ុណ្ណោះ​​។ លោក​អះអាង​ថា៖ ​«​ខ្ញុំ​គិត​ថា អ្នក​និយម​រសជាតិ​​អង្ករ​កម្ពុជា​នឹង​នៅ​តែ​បន្ត​​បរិភោគ​អង្ករ​​កម្ពុជា​ដដែល​ ព្រោះ​តម្លៃ​កើន​ឡើង​តែ​ប៉ុន្មាន​សេន​ប៉ុណ្ណោះ ​ក្នុង ​១ ​គីឡូ​ក្រាម​»៕​LA