ភ្នំពេញៈ ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈពេល​ ៤ ​ខែ​ដំបូង ឆ្នាំ​ ២០២០ សម្រេចបាន​បរិមាណ​ជាង​ ៣០ ​ម៉ឺន​តោន​ស្មើនឹង​តម្លៃ ២១០ ​លាន​ដុល្លារ ដែល​នេះ​ជា​បរិមាណ​នាំចេញ​ខ្ពស់បំផុត​ក្នុង​រយៈពេល​ទសវត្សរ៍​កន្លងមក​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​។

របាយការណ៍​សង្ខេប​ការនាំចេញ​អង្ករ​កម្ពុជា​បង្ហាញ​ថា ក្នុង​រយៈពេល ៤ ​ខែ ឆ្នាំ​ ២០២០ ការនាំចេញ​អង្ករ​សម្រេចបាន ៣០០ ២៥២ ​តោន​កើន ៤០,៤៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែលមាន ២១៣ ៧៦៣ ​តោន​។ «​នេះ​ជា​ការនាំចេញ​ដែល​មាន​បរិមាណ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​នៅក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​។ ចំណែក​ប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​ក្នុង​រយៈពេល​នេះ​គឺ ២១០ ​លាន​ដុល្លារ​។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​ទៅ​កាន់​ប្រទេស​ចិន​មាន​បរិមាណ ៤១ ​ភាគរយ​ទៅ​សហគមន៍​អឺរ៉ុប និង​អង់គ្លេស​មាន ៣២ ​ភាគរយ​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន ១៣ ​ភាគរយ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត មាន​ចំនួន ១៤ ​ភាគរយ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​ ២០២០ នេះ​នឹងមាន​បរិមាណ​ខ្ពស់​បើ​ធៀប​ឆ្នាំ​ ២០១៩ ព្រោះ​គ្រាន់តែ​ក្នុង​រយៈពេល​ ៤ ​ខែ​ការនាំចេញ​សម្រេច​បាន ៤៨,៤១ ​ភាគរយ​នៃ​ការនាំចេញ​សរុប​កាលពី​ឆ្នាំ​ ២០១៩ រួចទៅហើយ​។ លោក​បន្តថា ការរីករាលដាល​កូវីដ​១៩ បាន​ធ្វើឲ្យ​តម្រូវការ​ស្បៀង និង​ការស្តុក​ទុក​កើនឡើង​យ៉ាងខ្ពស់​នៅ​គ្រប់​ប្រទេស​លើ​សកលលោក​។

លោក​និយាយថា​៖ «​វា​ជា​មោទនភាព​មួយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ដែល​អាច​សម្រេច​បាន​កំណើន​នាំចេញ​ក្នុង​បរិមាណ​ខ្ពស់​បែបនេះ​»​។

ទាក់ទង​នឹង​ការដាក់ចេញ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ដើម​ខែ​មេសា​ដែល​ហាមឃាត់​ការនាំចេញ​ស្រូវ និង​អង្ក​រស​ទៅ​ក្រៅប្រទេស​លោក លន់ យ៉េង បាន​ប្រាប់ថា មិនបាន​ចូលរួម​ចំណែក​ជា​ដុំកំភួន​សម្រាប់​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​អំឡុង​ពេលនេះ​ទេ ព្រោះ​បើ​គិតតែ​ក្នុង​ខែ​មេសា​គឺ​ការនាំចេញ​ស្ទើរ​ ១០០ ​ភាគរយ​ជា​ប្រភេទ​ក្រអូប​។

លោក​អះអាង​ថា​៖ «​វា​មិនបាន​ចូលរួម​ចំណែក​ច្រើន​ក្នុង​នាំចេញ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការរក្សា​ស្ថិរភាព​សន្តិសុខ​ស្បៀង​សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាជន​ក្នុងស្រុក​ដែល​និយម​ទទួលទាន​អង្ក​រស​»​។

ការស្តារ និង​ពង្រីក​ប្រព័ន្ធធារាសាស្ត្រ​ថ្មីៗ​ក្នុង​ពេលនេះ​នឹង​ជួយ​ជំរុញ​ការដាំដុះ និង​ការប្រមូល​ផល​ក្នុង​ឆ្នាំ​នេះ​មាន​បរិមាណ​ខ្ពស់ជាង​ឆ្នាំមុន​។ នេះ​បើតាម​លោក លន់ យ៉េង​។

លោក ចាន់ សុខឃាំង ប្រធាន​ក្រុមហ៊ុន Signature of Asia Co., Ltd ដែលជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្តីបារម្ភ​ពី​ការរីក​រាលដាល​របស់​កូវីដ​១៩ បាន​ធ្វើឲ្យ​តម្រូវការ​ស្តុក​ទុក​អង្ករ នៅលើ​ពិភពលោក​កំពុង​កើនឡើង​ដែល​នេះ​ជា​ឱកាស​សម្រាប់​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា ប៉ុន្តែ​ទោះ​យ៉ាង​ណា​អ្វីៗ​ក៏​អាស្រ័យ​ទៅ​លើ​គុណភាព និង​ទិន្នផល​ស្រូវ​ដែល​កសិករ​យើង​ផលិត​បានដែរ​។

លោក​ថ្លែងថា​៖ «​យើង​មានជំនឿ​ថា ការនាំចេញ​ក្នុង​ឆ្នាំ​នេះ​នឹងមាន​កំណើន​ខ្ពស់​ធៀប​នឹង​ឆ្នាំ​ ២០១៩ តែ​យ៉ាងណា​អ្វីៗ​ក៏ត្រូវ​ពឹង​លើ​អាកាសធាតុ និង​ទឹកភ្លៀង​ផងដែរ​»​។

លោក​បន្តថា កំណើន​តម្រូវការ​បាន​ធ្វើឲ្យ​តម្លៃ​អង្ករ​លើ​ទីផ្សារ​អន្តរជាតិ​នៅពេលនេះ​កើនឡើង​ប្រហែល ៣០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ លោក​អះអាង​ថា​៖ «​តម្លៃ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ​កើនឡើង តែ​សម្រាប់​ក្នុងប្រទេស​កម្ពុជា​គឺ​មិន​កើនឡើង​ទេ​»​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​សៅរ៍​ថា កំណើន​ការនាំចេញ និង​ប្រាក់ចំណូល​ក្នុង​រយៈពេល​ខាងលើ​គឺ​ដោយសារ​តែ​ការងើបឡើង​វិញ​នៃ​តម្រូវការ​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​ប្រទេស​មួយចំនួន​ទៀត​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​អង្ករ ៦២០ ១០៦ ​តោន​ធ្លាក់ចុះ ០,៩៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ៦២៦ ២២៥ ​តោន​។ ចំណែក​តម្លៃ​មាន​ ៥០១ ​លាន​ដុល្លារ ធ្លាក់ ​៤,៣ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៨៕ LA