ភ្នំពេញៈ ការនាំចេញអង្កររបស់កម្ពុជាចាប់ពីខែមករា ដល់ខែមិថុនា បង្ហាញពីនិន្នាការកើនឡើងប្រកបដោយស្ថិរភាព ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្រុមហ៊ុននាំចេញអង្ករធំៗបានឲ្យដឹងថា កំណើននេះបានកើតមានឡើងដោយសារកំណើនតម្រូវការអង្ករសពីប្រទេសចិន និងអង្ករចំហុយពីបណ្ដាប្រទេសនៃសហភាពអឺរ៉ុប (EU)។
យោងតាមតួលេខពីលេខាធិការដ្ឋានសេវាច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ កម្ពុជាបាននាំចេញអង្ករសរុប ២៨៣ ៨២៥ តោននៅក្នុងរយៈពេល ៦ ខែដំបូងនៅឆ្នាំនេះ ដោយបានកើនឡើង ៥៩,៥០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមតួលេខសរុបនេះ អង្ករក្រអូបមានបរិមាណ ៤៤,៥០ ភាគរយ អង្ករស មានចំនួន ៤៧,៤០ ភាគរយ ខណៈដែលអង្ករចំហុយមានចំនួន ៨,១០ ភាគរយ។
លោក សុង សារ៉ន អគ្គនាយក Amru Rice Cambodia ដែលជាក្រុមហ៊ុននាំចេញមួយក្នុងចំណោមក្រុមហ៊ុននាំចេញឈានមុខគេនៅកម្ពុជា បានថ្លែងកាលពីចុងសប្តាហ៍មុនថា តម្រូវការមកពីប្រទេសចិនកំពុងជួយជំរុញកំណើននាំចេញអង្ករនៅឆ្នាំនេះ ខណៈដែលកម្ពុជាក៏កំពុងផ្ដល់ជូនផលិតផលថ្មីផងដែរ ដូចជា អង្ករចំហុយ បន្ថែមលើអង្ករស និងអង្ករក្រអូប ដល់អតិថិជនជាច្រើន។
លោកថ្លែងថា៖ «ទីផ្សារអង្ករកម្ពុជានៅតាមបណ្ដាប្រទេសនៅសហភាព អឺរ៉ុបនៅតែមានស្ថិរភាព ខណៈដែលទីផ្សារអង្ករកម្ពុជានៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស។ ចិនបានចាប់ផ្ដើមនាំចូលអង្ករកាន់តែច្រើនពីប្រទេសកម្ពុជា ដែលប្រទេសនេះមិនបាននាំចូលសោះកាលពីឆ្នាំ២០១៣ »។
លោកបន្តថា៖ «កម្ពុជាក៏កំពុងចាប់ផ្ដើមផលិតអង្ករចំហុយផងដែរ ដើម្បីផ្គត់ផ្គង់តម្រូវការទៅកាន់បណ្ដាប្រទេសនានា ដូចជា ប្រទេសអ៊ីតាលី ជាដើម។ រហូតមកដល់ពេលនេះ យើងមានរោងម៉ាស៊ីនកិនស្រូវចំនួន ៥ ដែលអាចកែច្នៃអង្ករចំហុយបាន។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយផ្សេង ទៀតនៃការធ្វើពិពិធកម្មលើផលិតផល របស់យើងដែលអនុញ្ញាតឲ្យប្រទេសកម្ពុជានាំចេញកាន់តែច្រើន»។
លោក សារ៉ន ថ្លែងថា ប្រទេសកម្ពុជាគួរតែផ្ដោតលើការផលិតអង្ករប្រកបដោយគុណភាព ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ជាពិសេសទីផ្សារប្រទេសចិន ដែលជាអតិថិជនកំពុង ជ្រើសរើសអាហារដែលមិនមានសារជាតិគីមី ជាជាងផលិតអង្ករដែលមានតម្លៃកាន់តែទាបដែលផ្ដល់ប្រាក់ ចំណេញតិចតួចដល់កសិករ និងក្រុមហ៊ុននាំចេញ។
យោងតាមរបាយការណ៍នេះ គ្រាន់ តែប្រទេសចិនតែមួយបាននាំចូល អង្ករជាង ៧២ ០០០តោនពីប្រទេសកម្ពុជានៅក្នុងឆមាសទី១។ រហូតមក ទល់ពេលនេះ កម្ពុជាកំពុងរង់ចាំកូតាថ្មីពីប្រទេសចិនបន្ទាប់ពីកូតាចំនួន ១សែនតោនសម្រាប់ឆ្នាំ២០១៤-២០១៥ ត្រូវចប់នៅខែឧសភា។
លោក កែន រដ្ឋា អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
ក្នុងរយៈពេល៦ខែដំបូងនៅក្នុងឆ្នាំ២០១៣ ប្រទេសកម្ពុជាបាននាំចេញចំនួនតែ ១៧៥ ៩៥៩តោនប៉ុណ្ណោះ។ តួលេខនេះមិនបានផ្លាស់ប្តូរច្រើនទេកាលពីឆ្នាំ២០១៤ ដែលការនាំចេញ អង្ករសរុបមានចំនួន ១៧៧ ៩២៨តោន។
ប្រទេសនៅតំបន់អឺរ៉ុប រួមមានប្រទេសបារាំង ប៉ូឡូញ និងហូឡង់ នៅតែជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេទាំងបីចាប់ពីខែមករាដល់ខែមិថុនានៅឆ្នាំនេះ។ ប្រទេស អ៊ីតាលី ដែលបានដាក់ញ្ញត្តិទៅសហភាពអឺរ៉ុបឲ្យដកចេញអង្កររបស់ប្រទេសកម្ពុជាពីគម្រោងអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) និងដែលបានលើកឡើងពីការប្រកួតប្រជែងកាន់តែខ្លាំងពីប្រទេសកម្ពុជានោះ បានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចូលអង្ករទី៤ពីប្រទេសកម្ពុជា៕ PB