ភ្នំពេញៈ ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ ២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​ក្នុងនោះ​ត្រូវបាន​នាំមុខ​ដោយ​ទីផ្សារ​ចិន​។ នេះ​បើ​តាម​ទិន្នន័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)​។

ទិន្នន័យ​បង្ហាញថា ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ចិន​កើន​ជាង​ ៤៤ ​ភាគរយ ខណៈ​ទីផ្សារ​អឺរ៉ុប​បាន​ធ្លាក់ចុះ​ជិត​ ៣០ ​ភាគរយ​។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈពេល​ ៩ ​ខែ​ ឆ្នាំ​នេះ​សម្រេច​បាន ៣៩៨ ៥៨៦ ​តោន​ កើនឡើង ២,៣ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែល​មាន ៣៨៩ ២៦៤ ​តោន​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​និយាយថា កំណើន​នាំចេញ​តិចតួច​ក្នុង​រយៈពេល​ ៩ ​ខែ​នេះ​ដោយសារ​តែ​កម្ពុជា​មិន​មាន​បរិមាណ​អង្ករ​ក្នុង​ស្តុក​គ្រប់គ្រាន់​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​អង្ករ ៩ ​ខែ​កន្លងមក​នេះ​មាន​កំណើន​តិចតួច​ដោយសារ​ការប្រមូលផល​ស្រូវ​ឆ្នាំនេះ​យឺត​ជាង​ពេល​ធម្មតា​ចន្លោះ​ពី ២ ​ទៅ​ ៣ ​សប្តាហ៍​។ ហេតុនេះ​យើង​មិន​មាន​អង្ករ​គ្រប់គ្រាន់​សម្រាប់​នាំចេញ​ច្រើន​ទេ ពិសេស​ក្នុង​រយៈពេល ៨ ​ខែ​ដំបូង​»​។

លោក​បន្តថា ទោះ​យ៉ាងណា​ដោយសារ​ការប្រមូលផល​ស្រូវ​នៅ​កម្ពុជា​ពេលនេះ​បាន​កើនឡើង​ជា​បន្តបន្ទាប់​នោះ​ធ្វើឲ្យ​ការនាំចេញ​ក្នុង​ខែកញ្ញា កើនឡើង​រហូតដល់ ១៨,៧ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​រហូត​ដល់​ចុងឆ្នាំ​តែម្តង​។

លោក​អះអាង​ថា​៖ «​សម្រាប់​ឆ្នាំ​ ២០១៩ នេះ​ខ្ញុំ​គិតថា ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​កើន​ចន្លោះ​ពី ៥-៨ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ឆ្នាំ​ ២០១៨ កម្ពុជា​នាំចេញ​អង្ករ ៦២៦ ២២៥ តោន​ ធ្លាក់ចុះ​ ១,៥ ភាគរយ​ បើ​ធៀប​នឹង ៦៣៥ ៦៧៩ តោន​ កាលពី​ឆ្នាំ ២០១៧​។ ក្នុង​នោះ​ទីផ្សារ​អឺរ៉ុប​មាន​ចំនួន ២៦៩ ១២៧ តោន និង​ប្រទេស​ ចិន​ មាន ១៧០ ១៥៤ តោន​។ ទោះ​យ៉ាងណា​ការនាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្រោយពី​សហភាព​អឺរ៉ុប​សម្រេច​យក​ពន្ធ​ពី​ការ​នាំចូល​អង្ករ​កម្ពុជា​កាលពី​ខែ​ មករា​ ឆ្នាំ​ ២០១៩​។

បើ​តាម​លោក សុខឃាំង អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំនេះ​មាន​តម្លៃ​ខ្ពស់ជាង​ឆ្នាំ​មុន​ប្រហែល​ ១០ ​ភាគរយ​។

របាយការណ៍​នាំចេញ​អង្ករ​កម្ពុជា​ពី​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែមួយ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ៩ ​ខែ​នេះ​កម្ពុជា​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន​បាន ១៥៧ ៧៩៣ ​តោន អឺរ៉ុប ​១៣៥ ៤៧១ ​តោន និង​តំបន់​អាស៊ាន ៥៣ ៣៤៧ ​តោន​៕ LA