ក្រុងប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំ​ចូល និង​នាំចេញ​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ខ្លាំង​ជាង​ការរំពឹងទុក​កាលពី​ខែ​កញ្ញា ដោយសារ​តែ​ពន្ធ​នាំចូល​អាមេរិក និង​ការធ្លាក់ចុះ​តម្រូវការ​ក្នុង​ស្រុក និង​ក្រៅប្រទេស​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ ​របស់​ពិភពលោក​មួយ​នេះ​។

សម្រាប់​ទូទាំង​ពិភពលោក ការនាំចេញ​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ៣,២ ភាគរយ​​ កាលពី​ខែ​កញ្ញា​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ការនាំ​ចូល​បាន​ធ្លាក់ចុះ​ ៨,៥ ភាគរយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​រដ្ឋបាល​គយ​។

តួលេខ​ទាំងនេះ​មាន​ស្ថានភាព​អាក្រក់​ជាង​ការព្យាករ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ដែល​ប៉ាន់ប្រមាណ​ថា ការនាំចេញ​នឹង​ធ្លាក់ចុះ ២,៨ ​ភាគរយ ហើយ​ការនាំចូល​ធ្លាក់​ចុះ​ ៦ ​ភាគរយ​។

នៅពេល​នេះ​អាមេរិក​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​ ៣ ​របស់​ប្រទេស ​ចិន បន្ទាប់ពី​សហភាព​អឺរ៉ុប និង​ប្លុក​ពាណិជ្ជកម្ម​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដោយ​ការនាំ​ចូល​ពី​អាមេរិក​នៅ​ខែ​កញ្ញា​ធ្លាក់​ចុះ​ ២៦,៤ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

ប្រទេស​ចិន​បាន​សន្យា​ថា​នឹង​បង្កើន​ការទិញ​ផលិតផល​កសិកម្ម​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​ចិន​ដែល​សម្រេច​បាន​ដោយ​ផ្នែក​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ កិច្ចព្រមព្រៀង​នេះ​រួមមាន​ទាំង​ការការពារ​សម្រាប់​កម្មសិទ្ធិ​បញ្ញា និង​ការបើកចំហ​ទីផ្សារ​ហិរញ្ញវត្ថុ​ផងដែរ​។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ថ្លែងថា កិច្ចព្រមព្រៀង​នេះ​គឺជា​ការ​បំបែក​ភាពទាល់ច្រក​ដ៏សំខាន់​មួយ​។

ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​ប្រាប់ AFP ថា កិច្ចព្រមព្រៀង​នេះ​អាច​ត្រឹមតែ​ផ្ដល់​ការពន្យារពេល​ដល់​ការដក​ហូតពន្ធ​នាំចូល​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ដោយសារ​វា​កង្វះ​ភាពជាក់លាក់ និង​ទុក​បញ្ហា​ដ៏ស្មុគស្មាញ​ជាច្រើន​ឲ្យ​នៅ​សេសសល់ ដូចជា​ការឧបត្ថម្ភ​ធន​រដ្ឋ​មិន​ស្មើភាព​ដល់​ក្រុមហ៊ុន​ចិន​ជាដើម​។

រហូត​មក​ដល់​ពេលនេះ​ភាគី​ទាំង​ ២ ​បាន​ហូតពន្ធ​នាំចូល​ពិន័យ​លើ​ទំនិញ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ​ជាង ៣៦០ ពាន់​លាន​ដុល្លារ​៕ LA