មួយប៉ប្រិចភ្នែកឆ្នាំ ២០១៥បានកន្លងផុតទៅ ជាមួយអ្វីដែលនៅសេសសល់ត្រូវបានគេរំពឹងថានឹងបញ្ចប់ ឬបន្តនៅឆ្នាំ ២០១៦ នេះ។ នៅឆ្នាំនេះ វិស័យខ្លះបង្ហាញពីស្ថានភាពវិជ្ជមានខ្ពស់លើសពីឆ្នាំ២០១៥ ប៉ុន្តែវិស័យខ្លះត្រូវគេរំពឹងថានឹងមិនប្រែប្រួលទេ។
ម៉ាក្រូសេដ្ឋកិច្ច
លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា
នៅក្នុងឆ្នាំ២០១៥ សេដ្ឋកិច្ចពិភពលោកបានឆ្លងកាត់បញ្ហាមិនល្អ ហើយកំណើនយឺតជាងឆ្នាំ២០១៤។ សម្រាប់ប្រទេសអភិវឌ្ឍន៍ ដូចជាអាមេរិកទទួលបានកំណើនខ្លាំង ខណៈនៅក្នុងអឺរ៉ុប និងជប៉ុននៅតែទន់ខ្សោយ។ កម្ពុជាបាននិងកំពុងអភិវឌ្ឍដោយខ្លួនឯងតាមរយៈការអនុវត្តកម្មវិធីកែទម្រង់ទូលំទូលាយ និងគោលនយោបាយសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
កំណើនសេដ្ឋកិច្ចខ្លាំងនៅឆ្នាំនេះនឹងបង្កើនឋានៈកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលកណ្ដាលទាបនៅឆ្នាំ ២០១៦។

កម្ពុជា ត្រូវបានគេរំពឹងថានឹងរក្សាកំណើននេះចំពេលដែលមានបញ្ហាប្រឈមដែលកំពុងកើនឡើងដូចជាការធ្លាក់ចុះសមត្ថភាពប្រកួតប្រជែងការនាំចេញដោយសារតែការធ្លាក់ចុះតម្លៃប្រាក់ដុល្លារអាមេរិក ការបង្កើនប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យកាត់ដេរ ការអនុវត្តភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ការធ្វើឲ្យមានសេរីភាពសេដ្ឋកិច្ចនៅមីយ៉ាន់ម៉ា និងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងសហភាពអឺរ៉ុប (EU)។
ដោយមានការរំពឹងថាទំហំនៃការផ្គត់ផ្គង់ប្រេងឆៅមានស្ថិរភាព និងតម្រូវការសម្រាប់ប្រេងឆៅនៅតែទាប តម្លៃប្រេងឆៅត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំ២០១៦ ដែលនឹងរួមចំណែកក្នុងការបន្ទាបអតិផរណានៅក្នុងតំបន់ និងនៅក្នុងកម្ពុជា។
ដើម្បីគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងការកាត់បន្ថយភាពក្រីក្រជាង១ភាគរយក្នុងមួយឆ្នាំ និងដើម្បីគោរពតាមគំនិតផ្តួចផ្តើមតំបន់អាស៊ាន NBC នឹងអនុវត្តគោលនយោបាយក្នុងការលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ ដែលមានន័យថា ពង្រីកសេវាហិរញ្ញវត្ថុផ្លូវការជាមួយនឹងតម្លៃសមហេតុផល។
លោកស្រីបន្តថា បច្ចុប្បន្ន ចំនួនប្រជាជនពេញវ័យដែលទទួលបានសេវាហិរញ្ញវត្ថុគឺពាក់កណ្ដាលចំនួនប្រជាជនពេញវ័យសរុប៕LA
ស្រូវ/អង្ករ
លោក សុង សារ៉ន នាយកប្រតិបត្តិនៃក្រុមហ៊ុន Amru Rice Co, .Ltd
លោកមានសុទិដ្ឋិនិយមលើការនាំចេញអង្ករក្នុងឆ្នាំ ២០១៦ នេះ ប៉ុន្តែ នឹងមិនមានចំនួនកើនឡើងច្រើនជាងឆ្នាំមុនទេ បើរដ្ឋាភិបាលមិនចាត់វិធានការលើថ្លៃដើមផលិតដែលមានតម្លៃខ្ពស់។ រដ្ឋាភិបាលគួរតែកាត់បន្ថយការចំណាយថាមពលអគ្គិសនី ពន្ធពិសេសដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ, ការរៀបចំឃ្លាំងនិងអន្តរាគមន៍លើវិស័យដឹកជញ្ជូនដែលមានដូចជាការពង្រីកកំពង់ផែជាដើម។
លោកថ្លែងថា៖ «ខ្ញុំនៅតែគិតថា ប្រទេសកម្ពុជានឹងមិនអាចឈានទៅដល់ការនាំចេញអង្ករ ១ លានតោននៅឆ្នាំ ២០១៦ ទេដរាបណាថ្លៃដើមផលិតនៅតែមិនកាត់បន្ថយបាន»។
ខណៈប្រទេសកម្ពុជារងផលប៉ះពាល់អាកាសធាតុ EL Nino ស្ថានភាពទិន្នផលស្រូវអង្ករនឹងត្រូវបានថយចុះក្នុងឆ្នាំ២០១៦ ទោះជាយ៉ាងណាប្រទេសកម្ពុជានឹងមិនប្រឈមមុខនឹងកង្វះខាតស្បៀងអាហារទេ ដោយសារប្រទេសកម្ពុជានៅតែមានសក្តានុពលកសិកម្ម និងតែងតែមានការត្រៀមទុកនូវស្បៀង អាហារ និង មានសល់អង្ករច្រើនសម្រាប់នាំចេញ។ អ្វីដែលជាផលវិជ្ជាមានសម្រាប់កសិករគឺថាពួកគេ នឹងអាចទទួលចំណូលខ្លះផងដែរ ខណៈដែលតម្លៃអង្ករនឹងមានការកើនឡើងប្រហែល៥ ភាគរយ។
បើទោះបីយ៉ាងនេះក្តីលោកសុង សារ៉ន ថ្លែងថា៖ «កសិករមិនអាចរកប្រាក់ចំណូលច្រើននៅក្នុងឆ្នាំ២០១៦ ដោយសារតែមានផលប៉ះពាល់ពីគ្រោះរាំងស្ងួត»៕LA
សហគ្រាស ធុនតូច និងមធ្យម
អ្នក ស្រី កែវមុំ អគ្គនាយកក្រុមហ៊ុនផលិតនំស្រួយ លីលី
អ្នកស្រីបានឲ្យដឹងថា ឆ្នាំ២០១៦ គឺជាឆ្នាំដ៏ល្អ តែវាក៏ជាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជាដែរ ជាពិសេសឧស្សាហកម្មខ្នាតតូច។ វាជាពេលវេលាដែលប្រទេសកម្ពុជាបានចូលជាសហគមន៍សេដ្ឋកិច្ចអាស៊ានដែលគ្មានរបាំងពន្ធគយមិនមែនជាឧបសគ្គប៉ុន្តែ របាំងភូតគាមបានក្លាយជាឧបសគ្គ ហើយកាន់តែតឹងរឹុងសម្រាប់នាំចេញ។

អ្នកស្រីបន្តថា៖ «វាគឺជាឆ្នាំនៃការចូលរួមរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាឱកាសថ្មីក្នុងការនាំចេញផលិតផលរបស់យើងទៅប្រទេសផ្សេងទៀត។ បើទោះបីយ៉ាងនេះក្តីអ្នកស្រីអះអាងពីបញ្ហាប្រឈមរបស់កម្ពុជាផងដែរ។
អ្នកស្រីលើកឡើងថា៖ «ក៏ជាពេលដែលយើងមានការប្រកួតប្រជែងដើម្បីបំពេញ តាមលក្ខខណ្ឌជាច្រើនសម្រាប់ការនាំចេញដូចដែលយើងបានដឹងហើយថា ភូតគាមនឹងត្រូវបានពង្រឹង ដើម្បីត្រួតពិនិត្យលំហូរនៃផលិតផលទៅកាន់ប្រទេសណាមួយ»។
អ្នកស្រីបន្តថា រដ្ឋាភិបាលគួរតែប្ដូរទៅពង្រឹងវិធីសាស្ត្រ ភូតគាមនៅក្នុងគោលបំណងដើម្បីទទួលបានផលិតផលមានសុវត្ថិភាពសម្រាប់ប្រទេស កម្ពុជាព្រមទាំង ដើម្បីគ្រប់គ្រងលំហូរនៃផលិតផលពីទីផ្សារប្រទេសជិតខាងមកក្នុងស្រុកខ្មែរដែលនឹងមិនបង្កផលប៉ះពាល់ច្រើនដល់ឧស្សាហកម្មខ្នាតតូចនិងមធ្យម។
អ្នកស្រីបន្ថែមថា៖ «រដ្ឋាភិបាលគួរតែពង្រឹងភូតគាមអនាម័យ ព្រមទាំងជួយសម្រួលដល់ឯកសារដើម្បីឧស្សាហកម្មខ្នាតតូច និងមធ្យមងាយស្រួលដល់ការនាំចេញផលិតផលកម្ពុជា»៕LA
ទូរគមនាគមន៍
Thomas Hundt អគ្គនាយក Smart
បើទោះបីយើងមើលឃើញចំនួនអ្នកជាវមានច្រើនក៏ដោយ ប៉ុន្តែភាគច្រើននៃអ្នកជាវចល័តនៅកម្ពុជាមិនប្រើប្រាស់អីុនធឺណិតសកម្មនៅឡើយ។ ជាមួយនឹងប្រព័ន្ធ3G ល្បឿនលឿន និងបណ្ដាញចល័ត4G LTE ដែលមានល្បឿនកាន់តែលឿនគឺមានស្ទើរទូទាំងប្រទេស មិនគ្រាន់តែនៅក្នុងទីក្រុងធំៗតាមខេត្តប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងក្រុងដូចជា ក្រុងឧដុង្គ ប៉ោយប៉ែត ស្គន់ មង្គលបុរី។ល។ ដែលនឹងកើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរបីឆ្នាំក្រោយ។

មិនមានភាពខុសគ្នាជាពិសេសរវាងទម្លាប់អតិថិជននៅកម្ពុជា និងនិន្នាការទីផ្សារពិភពលោកជុំវិញការទំនាក់ទំនងចល័តទេ។ អីុនធឺណិតជាមួយនឹងលទ្ធភាពគ្មានកំណត់របស់ខ្លួនបានផ្លាស់ប្តូរការប្រកួតប្រជែងនេះ។
ខណៈអតិថិជនបានប្រើប្រាស់ទូរស័ព្ទគ្រាន់តែសម្រាប់ការហៅចេញ ឬការបញ្ជូនសារជាអក្សរប៉ុណ្ណោះកាលពីពីរបីឆ្នាំមុន ទម្លាប់ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនពេលនេះគឺខុសគ្នាទាំងស្រុង។ ការហៅចេញគឺជារឿងបន្ទាប់បន្សំ ខណៈបណ្ដាញសង្គម កម្មវិធីបញ្ជូនសារ និងហ្គេមធ្វើឲ្យអ្នកប្រើប្រាស់កាន់ទូរស័ព្ទស្មាតហ្វូនក្នុងដៃគ្រប់ពេល៕LA
ផ្សារភាគហ៊ុន
លោក ស្វាយ ហៃ អគ្គនាយកក្រុមហ៊ុនមូលបត្រអេស៊ីលីដា
ការដែលមានក្រុមហ៊ុនបីឡើងផ្សារហ៊ុនកម្ពុជា (CSX) គឺជាការរួមចំណែកបន្ថែម និងជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ទីផ្សារនេះ។ វិនិយោគិនជាច្រើនទទួលបានការពេញចិត្តជាមួយនឹងការទទួលបានភាគលាភដែលមានការធានា និងបម្រែបម្រួលតម្លៃភាគហ៊ុន។ គំរូនេះអាចនាំឲ្យ CSX មើលឃើញកាន់តែប្រសើរឆ្ពោះទៅឆ្នាំ២០១៦ និងស្វាគមន៍ក្រុមហ៊ុនមួយចំនួនក្នុងការចុះឡើងផ្សារហ៊ុន។
ជាមួយនឹងការលើកទឹកចិត្តដែលបានផ្ដល់ដោយផ្សារហ៊ុននេះ ក្រុមហ៊ុនកាន់តែច្រើនកំពុងស្ថិតលើដំណើរការរៀបចំមុនការចុះបញ្ជី។
ការលើកទឹកចិត្តប្រកបដោយគុណភាពផ្សេងទៀតត្រូវការចាំបាច់ ដូចជាការបណ្ដុះបណ្ដាល និងការយល់ដឹងជាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ និងការគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយ។ ការជួញដូរឧបករណ៍និទស្សន៍កំពុងដំណើរការ។ នៅពេលនេះឧបករណ៍និទស្សន៍ត្រូវបានគ្រប់គ្រងយ៉ាងល្អ ការជួញដូរនៅក្នុងឧបករណ៍និទស្សន៍នឹងជានិន្នាការដែលនាំមុខគេ និងរួមចំណែកក្នុងការបង្កើនតម្លៃជួញដូរដែលមានស្រាប់។ ឧបករណ៍និទស្សន៍នឹងទាក់ទាញអ្នកស្វែងរកប្រាក់ចំណេញ ពាណិជ្ជករ និងវិនិយោគិនឲ្យចូលរួមក្នុងទីផ្សារនេះ៕LA
អចលនទ្រព្យ
លោក គឹម ហៀង អគ្គនាយក Khmer Real Estate
ការសម្លឹងមើលឆ្នាំ២០១៦ ការអភិវឌ្ឍបុរីជាច្រើនសម្រាប់ប្រជាជនកម្ពុជាថ្នាក់កណ្ដាល នឹងល្អដូចកាលពីឆ្នាំ២០១៥ ទោះបីជានឹងមានដៃគូប្រកួតប្រជែងកាន់តែច្រើនក៏ដោយ។ អាចមានការបារម្ភតិចតួចសម្រាប់គម្រោងខុនដូដែលមានតម្លៃខ្ពស់ ដោយសារតែគម្រោងរបស់ពួកគេធំពេក ហើយខ្ញុំមិនប្រាកដថា ពួកគេអាចបញ្ចប់គម្រោងនេះ ឬក៏លក់គម្រោងនេះនោះទេ។

តម្លៃឆ្នាំក្រោយនឹងពឹងផ្អែកលើតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងទីផ្សារនេះ។ ភាគច្រើននៃបុរី និងខុនដូបច្ចុប្បន្នកំពុងស្ថិតក្នុងតម្លៃខ្ពស់ និងមានប្រជាជនជាច្រើនដែលចង់ទិញ ប៉ុន្តែពួកគេមិនមានសមត្ថភាពទិញនោះទេ។ តម្លៃអចលនទ្រព្យនៅទីក្រុងភ្នំពេញមានការកើនឡើងដល់កំពូលរួចហើយ។
ត្រឹមឆ្នាំ២០១៨ នឹងមានខុនដូប្រហែលពី១៨ ០០០ ដល់ ២០ ០០០ នៅទីក្រុងភ្នំពេញ។ នេះគឺច្រើនពេកសម្រាប់ទីផ្សារបច្ចុប្បន្ន ។ ប៉ុន្តែនេះនឹងផ្លាស់ប្តូរជាមួយនឹងការធ្វើសមាហរណកម្មអាស៊ាន ខណៈប្រជាជនសរុបក្នុងតំបន់នេះមាន៦០០លាននាក់ ហើយមិនមែន១៦លាននាក់នោះទេ។ បញ្ហាគឺថាតើយើងអាចទាក់ទាញវិនិយោគិននៅទីនេះបានដែរឬទេ៕LA
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
លោក ប៊ុន មុនី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអគ្គនាយកធនាគារស្ថាបនា
ផ្អែកលើស្ថិតិក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) បានកើនឡើងជាង៣០ភាគរយ ហើយរំពឹងថា វានឹងកើនឡើងពី៤០ដល់៤៥ភាគរយនៅត្រឹមចុងឆ្នាំ២០១៥។ ដើម្បីរក្សាកំណើនវិជ្ជមាននេះក្នុងឆ្នាំ២០១៦ សមាគមហិរញ្ញវត្ថុកម្ពុជានឹងបន្តពង្រឹងសហប្រតិបត្តិការរវាងប្រតិបត្តិករ និងផ្ដល់សេវាថ្មីនិងងាយស្រួលដល់អតិថិជន។
នៅឆ្នាំនេះ យើងគ្រោងនឹងបង្កើនចំនួនម៉ាស៊ីនអេធីអឹមទូទាំងប្រទេស និងធ្វើឲ្យប្រាកដថា កាតអេធីអឹមដំណើរការទូទាំងម៉ាស៊ីនអេធីអឹមទាំងអស់នៅក្នុងប្រទេសនេះ។
មាន MFI ជាង៤០ នៅកម្ពុជា ក្នុងនោះ៨ បានរួមចំណែកចំនួន៨០ភាគរយនៃដើមទុនសរុបនៅក្នុងទីផ្សារនេះ។ យើងមិនដឹង MFI ប៉ុន្មាននឹងចាប់ផ្ដើមនៅឆ្នាំក្រោយនេះទេ ប៉ុន្តែយើងចង់មើលឃើញថា អ្នកមកថ្មីមានសមត្ថភាពនិងធនធានគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងនឹង MFI ដែលមានស្រាប់៕LA
ធនាគារ
លោក Grant Knuckey អគ្គនាយកធនាគារ ANZ Royal
ខ្ញុំជឿជាក់ថា ឆ្នាំ២០១៦ នឹងជាឆ្នាំមួយនៃកំណើនកាន់តែយឺតសម្រាប់វិស័យធនាគារ។ ឥណទាននឹងនៅតែកើនឡើង ប៉ុន្តែខ្ញុំគិតថាស្ថិតក្រោមកម្រិតរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មានមូលហេតុសំខាន់ពីរសម្រាប់បញ្ហានោះ។ ទី ១ គឺថា ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់កំពុងចាប់ផ្ដើមកម្រិតសកម្មភាពអាជីវកម្មក្នុងស្រុក។ ទី ២ គឺថាធនាគារជាតិនៃកម្ពុជា កំពុងអនុវត្តក្របខ័ណ្ឌអនុបាតគ្របដណ្ដប់សាច់ប្រាក់ងាយស្រួល និងថា នឹងបង្ខំឲ្យធនាគារត្រូវគិតដោយប្រុងប្រយ័ត្នបំផុតអំពីការសម្រេចចិត្តផ្ដល់កម្ចី និងការបង្កើនប្រាក់បញ្ញើ។ បញ្ហាទាំងនេះនឹងធ្វើឲ្យកំណើនយឺត និងកាត់បន្ថយប្រាក់ចំណេញនៅក្នុងវិស័យនេះ។ សម្រាប់សេវាមិនមែនធនាគារដូចជាប្រតិបត្តិករទូទាត់ចល័ត នឹងមានដំណើរការកាន់តែប្រសើរ។
បញ្ហាធំក្នុងវិស័យធនាគារគួរតែត្រូវសួរខ្លួនឯងគឺ «តើអ្វីដែលយើងនឹងធ្វើជាមួយនឹងសាខាទាំងនេះដែលយើងបានបង្កើតឡើង? ដោយសារកន្លែងជាច្រើននោះនឹងមានកាន់តែច្រើននៅក្នុងរយៈពេល៥ឆ្នាំដោយសារតែប្រតិបត្តិការតាមអនឡាញ»។
លោកបន្តថា៖ «ខ្ញុំជឿជាក់ថា ការច្របាច់បញ្ចូលគ្នា [នៅក្នុងវិស័យធនាគារ] នឹងជំរុញកំណើនប្រាក់ចំណេញ និងចាំបាច់ត្រូវវិនិយោគដើមទុនឡើងវិញ ដោយសារតែវាមានសហគមន៍សេដ្ឋកិច្ចអាស៊ាន៕LA
រ៉ែ ប្រេង ឧស្ម័ន
លោក ម៉េង សក្ដ័ធារ៉ា
យើងនៅតែកំពុងស្ថិតក្នុងដំណើរការដើម្បីកំណត់បេសកកម្មរបស់យើងសម្រាប់ឆ្នាំក្រោយ។ ២០១៥ គឺជាឆ្នាំមួយនៃការបង្កើត នៅពេលសា្ថប័នជាច្រើន និងក្របខ័ណ្ឌច្បាប់ត្រូវបានដាក់ឲ្យដំណើរការ។ ដូច្នេះ ឆ្នាំនេះ យើងនឹងសម្លឹងឆ្ពោះទៅមុខចំពោះបេសកកម្មថ្មីរបស់យើងដែលនឹងបង្កើនការចូលរួមរបស់ភាគីពាក់ព័ន្ធ។
ក្រុមហ៊ុន Mesco Gold កំពុងដំណើរការយ៉ាងល្អ។ ខ្ញុំជឿជាក់ថាពួកគេនឹងចាប់ផ្ដើមទាញយករ៉ែនៅពាក់កណ្ដាលឆ្នាំនេះ ហើយពួកគេនឹងបញ្ចប់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងផែនការគ្រប់គ្រងបរិស្ថាននិងសង្គម។
សម្រាប់ក្រុមហ៊ុន Kris Energy យើងមានមធ្យោបាយមួយចំនួនដើម្បីដំណើរការ ប៉ុន្តែសង្ឃឹមថាយើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងត្រីមាសដំបូងនៅឆ្នាំនេះ។ ចាប់ពីផ្នែករដ្ឋាភិបាល យើងនឹងជំរុញការអនុម័តច្បាប់ប្រេង ហើយនៅផ្នែកក្រុមហ៊ុនពួកគេនឹងមានការបង្ហាញគម្រោងដល់ក្រុមប្រឹក្សាភិបាលរបស់ពួកគេក្នុងការទទួលបានការសម្រេចចិត្តវិនិយោគចុងក្រោយដើម្បីដំណើរការទៅមុខជាមួយនឹងគម្រោងនេះ៕LA
ទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍
លោកថោង ខុន បានលើកឡើងថា កាលពីឆ្នាំ២០១៥ យើងបានទាក់ទាញភ្ញៀវទេសចរចំនួន ៤,៨ លាននាក់មកកាន់ប្រទេសកម្ពុជា និងត្រឹមឆ្នាំ ២០២០ យើងសង្ឃឹមថា ភ្ញៀវទេសចរបរទេសនឹងកើនឡើងពី ៧,៥ ដល់៨លាននាក់។

នៅឆ្នាំក្រោយ យើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីរក្សាអត្រាកំណើនពី៨ ដល់១០ភាគរយ។ ដើម្បីសម្រេចបានទិសដៅនេះ យើងចាំបាច់ត្រូវអភិវឌ្ឍផលិតផលទេសចរណ៍កាន់តែច្រើន ដូចជាអេកូទេសចរណ៍ និងពង្រឹងគុណភាពសេវារបស់យើង ដល់កម្រិត «សេវាមួយ ស្ដង់ដារមួយ»។
ទីផ្សារអនឡាញ និងការផ្សព្វផ្សាយជាផែនការយើងសម្រាប់ឆ្នាំក្រោយផងដែរ។ យើងនឹងឆ្លើយតបនឹងការផ្ដល់យោបល់ទាំងអស់នៅលើហ្វេសប៊ុក និងធ្វើវាឲ្យកាន់តែងាយស្រួលសម្រាប់ប្រតិបត្តិករក្នុងការកាត់បន្ថយការចំណាយដែលមិនចាំបាច់។
ក្រសួងកំពុងសម្លឹងមើលក្នុងការផ្សព្វផ្សាយការទាក់ទាញក្រៅពីប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរនៅភាគខាងត្បូង និងអេកូទេសចរណ៍នៅតំបន់ឦសាន នឹងក្លាយជាការទាក់ទាញភ្ញៀវទេសចរដ៏ធំ៕lA