ក្រុមហ៊ុន Digi កំពុង​ធ្វើ​សេចក្តី​ជូន​ដំណឹង​ព័ត៌មាន​អំពី​ប្រតិបត្តិ​ការបញ្ចូល​សេវា​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន SingMeng Telemedia ។ ផែនការ​សហប្រតិបត្តិការ​នេះ​នឹង​មាន​ប្រសិទ្ធិភាព​ចាប់ពី​ថ្ងៃទី​ ០១ ខែ​តុលា ឆ្នាំ ២០១៨ នេះ​តទៅ​។

ក្រុមហ៊ុន​ផ្តល់​សេវា​ទាំង​ពីរ​នេះ​នឹង​សហការ​គ្នា​បង្កើត​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ឈាន​មុខ​គេ​តែ​មួយ​គត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់​ជូន​សេវា​ពិសេស​ជាង​គេ​មាន​ច្រើន​ជម្រើស​នៅ​ទូទាំង​ប្រទេស​រួម​មាន​អ៊ីនធឺណិត​ប្រ៊តប៊ែន ទូរទស្សន៍ កម្មវិធី​កម្សាន្ត ទូរទស្សន៍ និង​ខ្សែភាពយន្ត​លើ​ទូរសព្ទ​ដៃ សំឡេង និង​ដំណោះស្រាយ​សម្រាប់​សហគ្រាស​ឆ្លាត​វៃ ។

តើ​ការ​បញ្ជូល​គ្នា​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​អតិថិជន​?

ខណៈ​ដែល​ក្រុមហ៊ុន SingMeng ទិញ​យក​ក្រុមហ៊ុន Digi នៅ​ខែ​តុលា​ខាង​មុខ​នេះ​ប្រតិបត្តិការ​បញ្ចូល​គ្នា​មួយ​នេះ​នឹង​ផ្តល់​ជម្រើស​ដ៏ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់ ពង្រីក​មូលដ្ឋាន​អតិថិជន តាមរយៈ​ការលើក​ទឹក​ចិត្ត​ដល់​អតិថិជន​ឲ្យ​មាន​បទពិសោធន៍​ប្រើប្រាស់​សេវា​កាន់​តែ​ល្អប្រសើរ និង​គ្មាន​ដែន​កំណត់ សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន​ទាំង​ពីរ​។

SingMeng ទទួល​បាន​ជោគជ័យ​ជាច្រើន​ឆ្នាំ​លើ​​សេវា Triple Play និង Smart TV របស់​ខ្លួន​។ ដោយ​ធា្លប់​មាន​បទពិសោធន៍​ក្នុង​ការបើក​ដំណើរការ​សេវា​ទូរទស្សន៍ 4K Ultra High-Definition (UHD) ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧ និង​សេវា​ទូរទស្សន៍ និង​ភាពយន្ត​លើ​ទូរសព្ទ​ដៃ​ក្នុង​ឆ្នាំ ២០១៨ ដែល​កន្លង​មក​ក្រុមហ៊ុន SingMeng ក៏​មាន​ឈ្មោះ​ល្បីល្បាញ​ខាង​ផ្ដល់​សេវា Smart Community Platform បន្ថែម​លើ​សេវា Triple Play របស់​ខ្លួន​ផង​ដែរ​។ SingMeng ក៏​មាន​ផ្តល់​សេវា​អ៊ីនធឺណិត និង​សេវា​អ៊ីនធឺណិត​ប្រ៊តប៊ែន​ដ៏ល្បីល្បាញ​ក៏ដូចជា សេវា​ខ្សែភាពយន្ត​ និង​​ទូរទស្សន៍ On the Go និង​សេវា​ទូរសព្ទ​តាម​អ៊ីនធឺណិត​ (VoIP) ដែល​តភា្ជប់​បណ្តាញ​ខ្សែ​កាបិ៍​អុបទិក​រហូត​ដល់​ទៅ​ជាង 6.000 គីឡូម៉ែត្រ​នៅ​ទូទាំង​​ប្រទេស​កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ដែរ Digi ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ទីផ្សារ​អ៊ីនធឺណិត​តាម​ផ្ទះ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ២០០៨ ​មក​ម្ល៉េះ ហើយ​ក្រុមហ៊ុន​នេះ​បាន​បង្កើត​ទីផ្សារ​លក់​រាយ​ដ៏សកម្ម​មួយ​សេវា Triple Play របស់ SingMeng​។ ស្រប​ពេល​កំពុង​ប្រើ​បច្ចេកវិទ្យា​​អ៊ីនធឺណិត​ហ្វៃប៊័រ​តាម​ផ្ទះ (FTTH) បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Digi ក៏​ផ្តល់​ជូន​សេវា​អ៊ីនធឺណិត​រហ័ស ​និង​ទំហំ​គ្មាន​ដែន​កំណត់​។

ខណៈ​ដែល​ក្រុមហ៊ុន Digi ផ្តោត​ចម្បង​លើ​ការផ្តល់​សេវា​ជូន​អតិថិជន​ដល់​ផ្ទះ ប្រតិបត្តិការ​បញ្ចូល​គ្នា​នេះ​នឹង​ធ្វើឲ្យ​សេវា Triple Play របស់ SingMeng អាច​ជ្រៀតចូល​បាន​កាន់តែ​ច្រើន​ទៅ​ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់​គ្រួសារ​បន្ថែម​ទៀត​។

ពាណិសញ្ញា Digi នៅ​តែ​ត្រូវ​បាន​រក្សាទុក និង​ការផ្លាស់ប្តូរ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ព្រម​ទាំង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​អតិថិជន​ចាស់​។ អតិថិជន​ទើប​ជាវ​សេវា​នឹង​ងាយ​កត់សម្គាល់​ឃើញ​ពី​ភាព​​ប្រសើរ​ឡើង​ក្នុង​ការ​ប្រើប្រាស់​សេវា​រួម​ជាមួយ​នឹង​សេវា​ជាច្រើន​ផ្សេង​ទៀត​ដែល​កំពុង​ផ្តល់​ជូន​ផង​ដែរ​។

កំណត់​សម្គាល់​សំខាន់ៗ​៖ អតិថិជន Digi នឹង​មិន​តម្រូវ​ឲ្យ​ធ្វើ​អ្វី​មួយ​ពាក់ព័ន្ធ​នឹង​ការបញ្ចូល​គ្នា​នេះ​ទេ សេវា​អ៊ីនធឺណិត​បច្ចុប្បន្ន​ ការ​ចុះ​វិក្កយបត្រ គណនី និង​បណ្តាញ​ទូទាត់​ប្រាក់​នៅ​រក្សា​ដូច​ធម្មតា​។

ការ​សម្លឹង​មើល​ខាង​ក្នុង

ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ទាំង​ពីរ​សូម​បង្ហាញ​ពី​ទឹកចិត្ត​រំភើប​រីករាយ​ចំពោះ​ការបញ្ចូល​គ្នា​នេះ​។

លោកស្រី Sarah Xiaohua Wang ប្រធាន និង​ជា​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន SingMeng បាន​មាន​ប្រសាសន៍​ថា “​ការ​ទិញ​យក​ក្រុមហ៊ុន Digi នឹង​មិន​ត្រឹមតែ​ណែនាំ​ពី​សេវា​កម្សាន្ត និង​សេវា Triple Play របស់ SingMeng ដល់​អតិថិជន Digi ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​នឹង​អាច​ឲ្យ​យើង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ជូន​ដល់​ប្រជាជន​កម្ពុជា​។

ក្រុមហ៊ុន SingMeng ប្តេជ្ញា​វិនិយោគ​លើ​ការច្នៃប្រឌិត និង​បង្កើត​ឲ្យ​មាន​ស្តង់ដារ​សេវា​លំដាប់​អន្តរជាតិ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​។

ខុស​ពី​ប្រតិបតិ្តការ​ដទៃ​ទៀត​ដែល​សំអាង​លើ​ការកាត់បន្ថយ​ការចំណាយ​ហួសប្រមាណ ការបញ្ចូល​គ្នា​នេះ​ផ្តោត​លើ​ការរីកចម្រើន​ដែល​នឹង​បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​បុគ្គលិក ខណៈ​ដែល​យើង​នឹង​បម្រើ​សេវា​ជូន​ដល់​អតិថិជន​កាន់តែ​ច្រើន​ឲ្យ​បាន​ច្រើន​កន្លែង​ថែម​ទៀត​។

គន្លឹះ​នៃ​ភាពជោគជ័យ​របស់​យើង​ដែល​មាន​កន្លង​មក​នឹង​ក៏​នៅ​តែ​បន្ត​នោះ​គឺជា​កត្តា​ធនធាន​មនុស្ស​។ ​ដោយ​សព្វថ្ងៃ​មាន​បុគ្គលិក​ជាតិ​ចំនួន ៩៥% កំពុង​បម្រើការ​បន្ទាប់ពី​ការបញ្ចូល​គ្នា​នេះ ហើយ​ក្រុមហ៊ុន​ SingMeng នឹង​បន្ត​អភិវឌ្ឍ​សមត្ថភាព និង​កសាង​ភាព​ជា​អ្នកដឹកនាំ​ជូន​ដល់​បុគ្គលិក​ជាតិ​ក៏​ដូចជា​បង្កើន​ភាព​ជា​ដៃគូ​ក្នុង​តំបន់​ផង​ដែរ​។

យើង​ក៏​នឹង​ពង្រីក​កម្មវិធី​ទទួល​ខុសត្រូវ​លើ​កិច្ចការ​សង្គម និង​កម្មវិធី​អប់រំ​នានា​ផងដែរ​។ គោលដៅ​របស់​យើង​គឺ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​កន្លែង​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​”​។

ស្រដៀង​គ្នា​នេះ​ដែរ​លោក Andrey Sheen នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Digi បាន​បញ្ជាក់​ថា “​យើង​រំពឹង​ថា​នឹង​សម្រេច​បាន​នូវ​ការច្នៃប្រឌិត​ថ្មីៗ ដែល​អាច​ផ្លាស់ប្តូរ​ឧស្សាហកម្ម​តាមរយៈ​ការចូលរួម​ជាមួយ​ក្រុមហ៊ុន SingMeng​។ អតិថិជន​ច្បាស់​ជា​ពេញចិត្ត ពីព្រោះ​ការបញ្ចូល​គ្នា​នេះ​នឹង​បង្ហាញ​ប្រាប់​អតិថិជន​ថា យើង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ឱ្យ​ពួកគាត់​នូវ​ជម្រើស​កាន់តែ​ច្រើន សេវា​កាន់តែ​ល្អ ហើយ​មាន​តម្លៃ​សមរម្យ​បំផុត​”​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន​សូម​ចូល​ទៅ​កាន់​គេហទំព័រ Digi និង SingMeng

www.smtelemedia.com and www.digi.com.kh ។