ភ្នំពេញៈ ក្រុមហ៊ុន ហ្គ្រីនត្រេត និង​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា​បាន​ឲ្យ​ដឹងថា វិធានការ​នៃ​ការបញ្ចេញ​ស្ដុក​អង្ករ​ទៅក្នុង​ទីផ្សារ​ក្នុង​រយៈពេល​ជាង​ ១ ​សប្ដាហ៍​ គិត​ត្រឹម​ថ្ងៃ​ពុធ​បាន​ជួយ​ក្នុងការ​ធ្វើឲ្យ​មាន​ស្ថិរភាព​តម្លៃ​ទីផ្សារ​ជុំវិញ​ការបារម្ភ​ដោយសារតែ​កូវីដ​ ១៩​។

កាលពី​ដើមខែ​នេះ ដោយសារ​តែ​ការបារម្ភ​ការរីក​រាលដាល​កូវីដ​ ១៩ បាន​ជំរុញ​ឲ្យ​ប្រជាជន​ជាច្រើន​នៅ​ភ្នំពេញ​បាន​ទិញ​អង្ករ​ជាច្រើន និង​អាហារ​សម្រាប់​ស្ដុក​ទុក​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ-កម្ពុជា (CRF) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ដើម្បី​បង្ការ​ការបារម្ភ​មួយចំនួន​ថា ទីផ្សារ​នឹង​អស់​ទំនិញប្រើប្រាស់​សំខាន់ៗ​ដូចជា អង្ករ រដ្ឋាភិបាល និង​វិស័យ​ឯកជន​បាន​បង្កើន​ការផ្គត់ផ្គង់​អង្ករ​បន្ថែម​ពី ១០០ ទៅ​ ៥០០ ​តោន​ដល់​ហាង​លក់​នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​ការរីក​រាលដាល​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ការលក់​អង្ករ​នៅក្នុង​ស្រុក​គឺ​ល្អ និង​តម្លៃ​អង្ករ​មាន​ស្ថិរភាព​នៅពេលនេះ​»​។ លោក​បន្ថែមថា​នៅពេល​នេះ​ប្រជាជន​អាច​ទិញ​អង្ករ​នៅ​ក្រុមហ៊ុន ហ្គ្រីនត្រេត ដែល​មាន​សាខា​នៅ​ខណ្ឌ​ដូនពេញ និង​ខណ្ឌឫស្សីកែវ​នៅ​ទីក្រុង​ភ្នំពេញ​។

តំណាង​មួយរូប​របស់​ក្រុមហ៊ុន ហ្គ្រីនត្រេត ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​លោក​លក់​អង្ករ​ ១ ​តោន​ក្នុង​ ១ ​ថ្ងៃ ហើយ​លោក​ចាប់ផ្ដើម​ដាក់លក់​តាំងពី​ថ្ងៃទី​ ៩ ខែមីនា មក​។ លោក​បានលើកឡើង​ថា​៖ «​មាន​ប្រជាជន​ជាច្រើន​រីករាយ​ក្នុង​ការទិញ​អង្ករ​ពី​ហាង​លក់​របស់ខ្ញុំ និង​លក់​ក្នុងតម្លៃ​សមរម្យ​»​។

អង្ករ​ក៏​អាច​ទិញ​បាន​នៅ​ក្រុមហ៊ុន Amru Rice (Cambodia) Co Ltd ក្រុមហ៊ុន Mekong Oryza Trading ក្រុមហ៊ុន Baitong Rice Export Company ក្រុមហ៊ុន Khmer Food Group និង​តាមរយៈ​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​នានា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ CRF បាន​ឲ្យ​ដឹងថា អង្ករ​ក្រអូប​លក់​ក្នុងតម្លៃ​ ១៥២ ០០០ ​រៀល (៣៨ ​ដុល្លារ​)​។ សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បន្តថា​៖ «​ដូច្នេះ​សូមកុំ​បារម្ភ​ខ្លាំងពេក​។ មិនមាន​កង្វះ​អង្ករ​នោះទេ​។ ប្រសិនបើ​អ្នក​ភ័យខ្លាច​ខ្លាំងពេក តម្លៃ​អង្ករ​នឹង​កើនឡើង​ខ្លាំង​ជាមិនខាន​»​។

ទន្ទឹមនឹងនេះ​តម្លៃ និង​តម្រូវការ​ម៉ាស់​មុខ និង​ទឹក​លាងដៃ​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាងខ្លាំង ដោយសារ​តែ​ការបារម្ភ​ការរីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​របស់​វីរុស​នេះ​នៅពេល​បច្ចុប្បន្ន​៕LA