ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME Ba-nk) និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) ​ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​បញ្ចេញ​ឥណទាន​សរុប​ចំនួន ៦៣,៤៤ ​លាន​ដុល្លារ​សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​គិត​ត្រឹម​ចុងខែ​កក្កដា​នេះ​។

លោក តាន់ បេងគង់ អគ្គនាយក​ធនាគារ SME Bank បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែ​កក្កដា​គម្រោង​សហហិរញ្ញប្បទាន​នេះ​ទទួល​បាន​ពាក្យស្នើសុំ​ឥណទាន​សរុប​ ១៧៥ តាមរយៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​ដែលមាន​ទឹកប្រាក់​សរុប ២១,៤៤ ​លាន​ដុល្លារ​។ ក្នុងនោះ​ធនាគារ SME Bank បាន​សម្រេច​អនុម័ត​ប្រាក់កម្ចី​ចំនួន ១៩,៧៥ ​លាន​ដុល្លារ​ (១៦៨ ​ពាក្យស្នើសុំ​)​។

លោក​បាន​បន្តថា សំណើ​កម្ចី​ដែល​បាន​អនុម័ត​ទាំងនេះ​បាន​មកពី​ប្រភេទ​អាជីវកម្ម​ដូចជា ផលិតកម្ម និង​ការកែច្នៃ​ចំណីអាហារ កម្មន្តសាល​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក កែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ព្រមទាំង​កម្មន្តសាល​ដែល​ផលិត​នូវ​គ្រឿង​ផ្គុំ​សម្រាប់​ផ្គត់ផ្គង់​កម្មន្តសាល​ផ្សេងទៀត ការស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួមទាំង​ការផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។

លោក​ថ្លែង​ថា​៖ «​យើង​ជឿថា​ទឹកប្រាក់ ១០០ ​លាន​ដុល្លារ​ក្នុង​គម្រោង​នេះ​នឹងត្រូវ​ប្រើ​អស់​នៅត្រឹម​ចុង​ឆ្នាំ​នេះ​»​។

មូលនិធិ​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ​មាន​ទំហំ​ទឹកប្រាក់ ១០០ ​លាន​ដុល្លារ​ដែល​ជា​សហហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង SME bank ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន ៣៣ ​រួមមាន ធនាគារពាណិជ្ជ​ចំនួន ២៣ ធនាគារ​ឯកទេស ២ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ ៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ២​។

សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ខ្ចីប្រាក់​ចំនួន ២០ ​ម៉ឺនដុល្លារ​សម្រាប់​ទុន​បង្វិល និង​ ៣០ ​ម៉ឺន​ដុល្លារ សម្រាប់​ទុនវិនិយោគ​ដែល​មាន​អត្រា​ការប្រាក់​អតិបរមា ៧ ​ភាគរយ​ក្នុង ១ ឆ្នាំ និង​មាន​រយៈពេល​សង​ត្រឡប់​ក្នុង​រយៈពេល ៧ ​ឆ្នាំ​។

ចំណែក​លោក កៅ ថាច អគ្គនាយក​ធនាគារ ARDB បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែ​កក្កដា ARDB ទទួល​បាន​ពាក្យស្នើសុំ​ឥណទាន​បន្ត​កើនឡើង​រហូតដល់ ៤៣០ មាន​ទឹកប្រាក់​សរុប​ចំនួន ៤២ ​លាន​ដុល្លារ​ក្នុង​នោះ ឥណទាន​ដែល​បាន​អនុម័ត​ចំនួន​ជាង ១១,៣៧ ​លាន​ដុល្លារ​។

លោក​បន្ថែមថា​៖ «​សំណើសុំ​ឥណទាន​ភាគច្រើន​ពី​អ្នក​ប្រកបរបរ​ចិញ្ចឹម​ជ្រូក ត្រី មាន់ ទា គោ រួមទាំង​អ្នក​ដាំ​បន្លែ​ផ្លែឈើ និង​ការកែច្នៃ​ផលិតផល​កសិកម្ម​។ យើង​សង្ឃឹមថា​ឥណទាន​នឹងត្រូវ​បញ្ចេញ​អស់​នៅ​ចុង​ឆ្នាំនេះ​»​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ខែ​មុន​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បានសម្រេច​ធ្វើការ​បញ្ចុះ​អត្រា​ការប្រាក់​ពី ៦ ​ភាគរយ​មក​នៅ ៥ ​ភាគរយ​ក្នុង ១ ​ឆ្នាំ​សម្រាប់​ទុន​បង្វិល និង​ពី ៦,៥ ​មក ៥,៥ ​ភាគរយ​សម្រាប់​ទុនវិនិយោគ​ដោយ​មិន​គិត​កម្រៃ​សេវា​ផ្សេងៗ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា រដ្ឋាភិបាល​ក៏បាន​សម្រេច​កែសម្រួល​រយៈពេល​ឥណទាន​អតិបរមា​ពី ៥ ​ទៅ ៧ ​ឆ្នាំ​សម្រាប់​ទុនវិនិយោគ ខណៈ​រក្សាទុក​រយៈពេល​ខ្លី​អតិបរមា ២ ​ឆ្នាំ​សម្រាប់​ទុន​បង្វិល​។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយថា ការផ្តល់​កម្ចី​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​វិធានការ​ឆ្លើយតប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ក៏បាន​ត្រៀម​ថវិកា ៥០០ ​លាន​ដុល្លារ​ទៀត​សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងដំណាក់កាល​ទី​ ២ ដោយ​ប្រាក់ ៣០០ ​លាន​ដុល្លារ​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន និង ២០០ លាន​ដុល្លារ​សម្រាប់​គម្រោង​ធានា​ឥណទាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​ទំហំ​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​យើង​ឲ្យ​មាន​ចីរភាព​ក្នុង​អំឡុងពេល​មាន​វិបត្តិ​សុខភាព​នេះ ហើយ​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ស្ទុះ​ងើប​ឡើងវិញ​នៅពេល​វិបត្តិ​នេះ​ចប់​»៕ LA