ភ្នំពេញៈ វិស័យ​ឯកជន​បាន​ស្វាគមន៍​វិធានការ​ជា​បន្ត​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន​អាច​រក្សា​លំនឹង​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​នៅតែ​បន្ត ជាពិសេស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។

កាលពី​ថ្ងៃទី​ ២៥ ខែមីនា រដ្ឋាភិបាល​បានប្រកាស​ដាក់ចេញ​វិធានការ​បន្ថែម​ជុំ​ទី​ ៨ សម្រាប់​វិស័យ​កាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​ដែល​រដ្ឋាភិបាល​នឹង​បន្ត​ផ្ដល់​ប្រាក់ឧបត្ថម្ភ ៤០ ​ដុល្លារ ​ក្នុង ១ ​ខែ​សម្រាប់​កម្មករ និយោជិត​ ១ ​នាក់​ ដែល​បំពេញការងារ​ក្នុង​វិស័យនេះ​សម្រាប់​រយៈពេល ៣ ​ខែ​បន្ថែមទៀត​ពី​ខែ​មេសា-មិថុនា ឆ្នាំ​ ២០២១​។ ម្ចាស់​រោងចក្រ សហគ្រាស ក្នុង​វិស័យ​នេះ​ត្រូវ​បន្ថែមចំនួន ៣០ ​ដុល្លារ សម្រាប់​កម្មករនិយោជិត ១ ​នាក់ (​សរុប​កម្មករ និយោជិត ១ ​នាក់​ទទួលបាន ៧០ ​ដុល្លារ​ក្នុង​ ១ ​ខែ​)​។

លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​សាទរ​ការធ្វើអន្តរាគមន៍​ពី​រដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​ឧស្សាហកម្ម​នេះ​ដែល​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​។

លោក​ថ្លែងថា​៖ «​ការសម្រេចចិត្ត​បន្ត​ផែនការ ៤០ ​ដុល្លារ​ សម្រាប់​កម្មករ​ដែល​ផ្អាក​ការងារ​គឺ​ល្អ​ណាស់​។ ការបន្ត​នេះ​នឹង​ជួយ​ដល់​កម្មករ​ដែល​រង​ប៉ះពាល់ ក្នុងពេល​ដ៏ពិបាក​ក៏ដូចជា​ការជួយ​ដល់​ថៅកែ​ផងដែរ​។ ថៅកែ​ដែល​បច្ចុប្បន្ន មិនមាន​ការបញ្ជាទិញ​អាច​ដាក់​ពាក្យ​សម្រាប់​ការផ្អាក​ដំណើរការ និង​ប្រើប្រាស់​ពេលវេលា​ក្នុង​ការព្យាយាម និង​ទទួលបាន​ឱកាស​អាជីវកម្ម​ថ្មីៗ​»​។

ទន្ទឹមនឹងនេះ​សម្រាប់​វិស័យ​ទេសចរណ៍ រដ្ឋាភិបាល​ក៏​នឹង​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ៤០ ​ដុល្លារ ​ក្នុង ១ ​ខែ​សម្រាប់​កម្មករ ១ ​នាក់​សម្រាប់​រយៈពេល​ ៣ ​ខែ​ផងដែរ​។ សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្ដែង​បន្ថែម​លើ​អ្វីដែល​រដ្ឋាភិបាល​បាន​ផ្ដល់ជូន​។

ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​នឹង​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ សម្រាប់​រយៈពេល​ ៣ ​ខែ​បន្ថែមទៀត​ពី​ខែមេសា-មិថុនា​។ ការលើកលែង​នេះ​អនុវត្ត​ចំពោះ​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តកំពត ក្រុង​បាវិត​ (​ស្វាយរៀង​) និង​ក្រុង​ប៉ោយប៉ែត (​បន្ទាយមានជ័យ​)​។ អាជីវកម្ម​ទាំងនេះ​នៅតែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​ (E-VAT) ជា​រៀងរាល់​ខែ​ក្នុង​អំឡុង​ពេល​លើកលែង​នេះ​។

លោក​ ធួន ស៊ីណាន ប្រធាន PATA Cambodia Chapter បានទទួល​ស្គាល់​ការធ្វើអន្តរាគមន៍​ពី​រដ្ឋាភិបាល​ក្នុង​ការជួយ​ឧស្សាហកម្ម​ទេសចរណ៍ ទោះបី​ជា​វា​មិន​ច្រើន​ក៏ដោយ​។ លោក​បញ្ជាក់ថា​៖ «​យើង​ពិតជា​កោតសរសើរ​ការជួយ​ពី​រដ្ឋាភិបាល​សម្រាប់​ឧស្សាហកម្ម​របស់​យើង​។ ទោះបីយ៉ាងណា យើង​ចង់ឱ្យ​រាជរដ្ឋាភិបាល​កំណត់​មូលនិធិ​ពិសេស​សម្រាប់​វិស័យ​ទេសចរណ៍​សម្រាប់​ក្រោយ​ជំងឺ​កូវីដ ​១៩ ព្រោះ​អាជីវករ​ភាគច្រើន​មិន​ទទួលបាន​ប្រាក់ចំណូល​ទាល់តែ​សោះ ដូច្នេះ​យើង​ចង់ឱ្យ​រដ្ឋាភិបាល​ពិចារណា​សំណើ​របស់​យើង នៅពេលដែល​វីរុស​កូរ៉ូណា​ត្រូវ​ទប់ស្កាត់​បាន​»​។

យោងតាម​សេចក្ដីប្រកាស​នេះ រដ្ឋាភិបាល​ក៏​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ​ ១៩ សម្រាប់​រយៈពេល ៣ ​ខែ​បន្ថែមទៀត​ពី​ខែ​មេសា​ខែមិថុនា ឆ្នាំ​ ២០២១​។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​បន្ត​ណែនាំ​ដល់​ក្រសួង ស្ថាប័នរដ្ឋ និង​អំពាវនាវ​ដល់​បុគ្គល​ឯកជន ដែល​ជា​ម្ចាស់​អគារ​ទីតាំង​អាជីវកម្ម និង​រោងចក្រ​ជួយ​សម្រួល​ដល់​ភាគី​អ្នក​ជួល​ដោយ​ចៀសវាង​ការបញ្ឈប់​កិច្ចសន្យា ឬ​ការបណ្ដេញ​ចេញ​ក្នុង​ករណី​ដែល​ភាគី​អ្នក​ជួល​មិនមាន​លទ្ធភាព​បង់ថ្លៃ​សេវា​ជួល​បាន​ទាន់ពេលវេលា​។

សេចក្ដី​ប្រកាស​បាន​បន្ត​ថា​៖ «​រាជរដ្ឋាភិបាល​បន្ត​តាមដាន​ជាប់​ជាប្រចាំ​នូវ​ស្ថានភាព​នៃ​ជំងឺ​កូវីដ ​១៩ លើ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ក្របខ័ណ្ឌ​សកល តំបន់ និង​ប្រទេស ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ មកលើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ទិសដៅ​ធ្វើ​បច្ចុប្បន្នភាព និង​ត្រៀម​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែម​ចាំបាច់​នានា សំដៅ​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោម​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ដ្រ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្នុង​អំឡុងពេល និង​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩៕LA