ភ្នំពេញៈ ​ការ​បាក់​រលំ​អគារ​កម្ពស់ ​៧ ​ជាន់​ ដែល​ជា​គម្រោង​សណ្ឋាគារ​របស់​​វិនិយោគិន​ចិន​នៅ​​​ក្រុង​ព្រះសីហនុ នឹង​មិន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ណា​មួយ​​ទៅ​ដល់​វិស័យ​ទេសចរណ៍​នៅ​​កម្ពុជា​ទេ​។ នេះ​បើ​តាម​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​។

ខេត្ត​ព្រះសីហនុ ​ត្រូវ​បាន​គេ​ដឹង​​ថា​​ ជា​កន្លែង​ដែល​សំណង់​អគារ​ធំៗ​កំពុង​លេច​ឡើង​យ៉ាង​ច្រើន​ ពិសេស​សំណង់​សណ្ឋាគារ​ កាស៊ីណូ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​ខុនដូ ​និង​អាផាតមិន​ជាដើម ​ដែល​ជា​គម្រោង​វិនិយោគ​របស់​ចិន​។​

លោក​ តុប ​សុភ័ក ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ម្សិលមិញ​​ថា ការ​ដួល​រលំ​សំណង់​​​សណ្ឋាគារ​​ក្នុង​ក្រុង​ព្រះសីហនុ ​កាល​ពី​សប្តាហ៍​មុន​​មិន​​ធ្វើ​ឲ្យ​​ប៉ះពាល់​​ដល់​ទំនុក​ចិត្ត​​ភ្ញៀវ​ទេសចរ​បរទេស​ដែល​​ចង់​ធ្វើ​ដំណើរ​ខេត្ត​នេះ​​ទេ​​។ លោក​បន្ត​ថា ​ក្រសួង​ទេសចរណ៍​តែង​ខិតខំ​ធ្វើ​​ការងារ​ជា​ច្រើន ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​​។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ការ​ដួល​រលំ​នៃ​អគារ​ដែល​គ្រោង​នឹង​ប្រើប្រាស់​ជា​សណ្ឋាគារ​​នេះ ​មិន​មាន​ផល​ប៉ះពាល់​​ទៅ​ដល់​ទំនុក​ចិត្ត​របស់​ភ្ញៀវ​ទេសចរ​បរទេស ​ពិសេស​ភ្ញៀវ​ជនជាតិ​ចិន​នោះ​ទេ ព្រោះ​វា​​គ្រាន់​តែ​ជា​ឧបទ្ទវហេតុ​ក្នុង​​វិស័យ​​សំណង់​​ប៉ុណ្ណោះ​»។​

ទោះ​យ៉ាង​ណា ​លោក​និយាយ​​​​ថា ក្នុង​នាម​ក្រសួង​ទេសចរណ៍​ក៏​សូម​ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​គុណភាព​នៃ​ការ​សាងសង់​​បន្ថែម​ទៀត ​ដើម្បី​ធានា​បាន​នូវ​ការ​ទុក​ចិត្ត​ទុក​ដាក់​មួយ​កម្រិត​ថែម​ទៀត​។ លោក​ថ្លែង​​ថា៖​ «​ប្រសិន​​បើ​គុណភាព​សំណង់​សណ្ឋាគារ​មិន​មាន​គុណភាព​នោះ វា​ក៏​អាច​ធ្វើ​ឲ្យ​ការ​ចូល​មក​ស្នាក់នៅ​ធ្លាក់​ចុះ​ផង​ដែរ​»។​

លោក ​ធួន​ ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​បាន​ប្រាប់​ថា វា​មិន​មាន​បញ្ហា​ទេ​សម្រាប់​ព័ត៌មាន​​ពី​​ការ​ដួល​រលំ​អគារ​សណ្ឋាគារ​​​​ក្នុង​ក្រុង​ព្រះសីហនុ​ ព្រោះ​ហេតុការណ៍​ដូច​គ្នា​នេះ​ក៏​​ធ្លាប់​កើត​មាន​នៅ​​តាម​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​រួច​​ហើយ​។​ លោក​ថ្លែង​​ថា៖​ «​នេះ​​​គ្រាន់​តែ​ជា​​ការ​​រំញោច​អារម្មណ៍​តិចតួច​ប៉ុណ្ណោះ ​ហើយ​វា​នឹង​​មិន​​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​​នៅ​កម្ពុជា ​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​​ទេ​»។​

លោក​បន្ត​ថា ហេតុការណ៍​នេះ​ក៏​អាច​និយាយ​ថា​ ជា​កង្វះ​ខាត​នៃ​ការ​ត្រួត​ពិនិត្យ ​និង​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ផង​ដែរ​។​ ទោះ​យ៉ាង​ណា​លោក​​​ថា៖​ «​គ្រប់​ទីក្រុង​ធំៗ​នៅ​លើ​ពិភព​លោក ​ឲ្យ​តែ​​មាន​ការ​អភិវឌ្ឍ​សម្រុក​​ខ្លាំង​ដូច​ជា​នៅ​ក្រុង​ព្រះសីហនុ​ ការ​ប៉ះ​ទង្គិច ការ​ខ្វះខាត​នូវ​ការ​អនុវត្ត​ច្បាប់​ និង​ការ​ត្រួត​ពិនិត្យ​ប្រាកដ​ជា​កើត​មាន​»​។

ទោះបី​យ៉ាង​នេះ​ក្តី ​លោក ​ហូ វណ្ឌី ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​បាន​ប្រាប់​ថា ទោះ​តិច​ឬ​ច្រើន ហេតុការណ៍​នេះ​​ ពិត​ជា​ធ្វើ​ឲ្យ​​មាន​ផល​ប៉ះពាល់​​​ទៅ​ដល់​ផ្លូវ​ចិត្ត​សម្រាប់​ភ្ញៀវ​ទេសចរ​​ ពិសេស​​ភ្ញៀវ​ជនជាតិ​ចិន​ដែល​កំពុង​​មាន​វត្តមាន​យ៉ាង​​​ច្រើន​​នៅ​ក្នុង​ខេត្ត​​ព្រះសីហនុ។ លោក​​ថ្លែង​ថា៖ ​«​ការ​ខ្លាច​​រអា​ចំពោះ​ការ​ស្នាក់នៅ​ទាំង​រយៈពេល​ខ្លី និង​វែង ពិត​ជា​​​កើត​មាន​សម្រាប់​ភ្ញៀវ​ទេសចរ និង​អ្នក​ស្នាក់នៅ​ផ្សេង​ទៀត​»​​។​

លោក​បាន​​បន្ត​​ថា ឧបទ្ទវហេតុ​នេះ​​​​កើត​​ឡើង​ដោយសារ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​វិនិយោគ​ និង​​​ការ​​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ការ​​ត្រួត​ពិនិត្យ​ទៅ​លើ​គុណភាព​សំណង់​​​។

លោក​បញ្ជាក់​ថា៖​ «​យើង​ចង់​ឲ្យ​​មាន​គណៈកម្មការ​ត្រួត-​ពិនិត្យ​គុណភាព​សំណង់​អគារ​ទាំង​អស់​ឡើង​វិញ​នៅ​គ្រប់​រាជធានី​ ខេត្ត​ក្រុង ​ដើម្បី​បន្ថែម​​សេចក្តីសុខ​ផ្លូវ​ចិត្ត​​សម្រាប់​គ្រប់​គ្នា ព្រោះ​នៅ​ពេល​​មាន​សេចក្តី​សុខ​ផ្លូវ​ចិត្ត​ សេចក្តី​សុខ​ផ្លូវ​កាយ​នឹង​ជំរុញ​ឲ្យ​ភ្ញៀវ​កាន់​តែ​ច្រើន​​ធ្វើ​ដំណើរ​មក​សម្រាក​កម្សាន្ត​នៅ​កម្ពុជា​​»៕​AL