ភ្នំពេញៈ ការបិទព្រំដែនគោកទាំងអស់រវាងកម្ពុជា និងថៃនឹងមិនជះឥទ្ធិពលអ្វីខ្លាំងដល់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសថៃទេ តែវាអាចប៉ះពាល់ខ្លាំងសម្រាប់ទំនិញនាំចូលមួយចំនួនពីប្រទេស ថៃ។ នេះបើតាមថ្នាក់ដឹកនាំនៃមន្ទីរពាណិជ្ជកម្មតាមបណ្តាខេត្តមួយចំនួននៅជាប់ព្រំដែនកម្ពុជា-ថៃ។
ក្រោមហេតុផលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ អាជ្ញាធរថៃបានប្រកាសបិទច្រកឆ្លងកាត់ព្រំដែនទាំងអស់ជាមួយកម្ពុជាចាប់តាំងពីថ្ងៃទី ១៨ ខែមីនា មកដោយច្រកចុងក្រោយត្រូវបានប្រកាសបិទកាលពីថ្ងៃម្សិលមិញ ដូចជាច្រកអន្តរជាតិភ្នំដី ច្រកបឹងត្រកួន និងច្រកម៉ាឡៃជាដើម។
ដោយឡែកចំពោះច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតភាគីថៃបានស្នើសុំបិទរយៈពេល ១៤ ថ្ងៃដូចគ្នា ប៉ុន្តែអនុញ្ញាតឲ្យរថយន្តធុនធំដឹកទំនិញចេញ-ចូលធម្មតាដោយតម្រូវឲ្យមានអ្នកបើកបរតែម្នាក់គត់។ ចំពោះមធ្យោបាយផ្សេងៗដូចជារថយន្តលក្ខណៈគ្រួសារ ម៉ូតូ រទេះរុញ កម្មករ អាជីវករលក់ដូរក្នុងផ្សារ រ៉ុងក្លឿ មិនអនុញ្ញាតឲ្យចេញ-ចូលឡើយ។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងកាលពីថ្ងៃចន្ទបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបិទច្រកព្រំដែននាអំឡុងពេលនេះនឹងមិនសូវមានផលប៉ះពាល់ខ្លាំងសម្រាប់ប្រជាកសិករនៅខេត្តបាត់ដំបងទេ ព្រោះការប្រមូលផលកសិផលទាំងអស់ជិតផុតអស់ទៅហើយ។ លោកបន្តថា ជាមួយគ្នានេះព័ត៌មានពីការបិទនៅច្រកព្រំដែនមួយចំនួនដែលចាប់ផ្តើមតាំងពីថ្ងៃទី ១៨ ខែមីនាបានធ្វើឲ្យប្រជាកសិករពន្យារពេលការប្រមូលផលរបស់ពួកគាត់ផងដែរ។
លោកថ្លែងថា៖ «ខ្ញុំគិតថា វាមិនមានបញ្ហាសម្រាប់កសិផលកម្ពុជាដែលត្រូវនាំចេញទៅកាន់ប្រទេសថៃទេ តែអ្វីដែលជាបញ្ហាគឺការនាំចូលផលិតផល (អាហារ) ពីថៃមកកម្ពុជាដែលអាចកើនឡើងតម្លៃខ្ពស់ជាងមុន ព្រោះការដឹកជញ្ជូនអាចត្រូវចំណាយខ្ពស់ជាងមុន»។ ទោះយ៉ាងណាលោកជឿថា ការបិទនេះអាចនឹងមិនមានរយៈពេលយូរទេ។
លោកស្រី ឈុន សេរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់បាននិយាយថា ដោយសារខេត្តពោធិ៍សាត់មានច្រកព្រំដែនជាប់ជាមួយប្រទេសថៃតែ ១ ច្រក (ច្រកថ្មដារ) ដែលមិនមែនជាច្រកអន្តរជាតិនោះ ដូច្នេះសកម្មភាពនៃការដោះដូរពាណិជ្ជកម្មគឺមិនមានទ្រង់ទ្រាយធំឡើយ ដោយភាគច្រើនជាការដោះដូរដោយផ្ទាល់រវាងប្រជាជន និងប្រជាជនតែប៉ុណ្ណោះ។
លោកស្រីថ្លែងថា៖ «បើនិយាយទៅវាអាចមានផលប៉ះពាល់តិចតួចដែរចំពោះប្រជាជនរស់នៅតាមព្រំដែនដែលតែងយកផលិតផលគាត់ដាំដុះបានទៅលក់នៅថៃ និងទិញផលិតផលពីថៃមកប្រើប្រាស់ក្នុងគ្រួសារ»។
លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានប្រាប់ថា លោកមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់នៃការធ្វើពាណិជ្ជកម្មជាមួយថៃបានទេ ខណៈពេលនេះលោក និងក្រុមការងារកំពុងទៅពិនិត្យតាមច្រកព្រំដែនដើម្បីសិក្សាពីផលប៉ះពាល់នៃការបិទព្រំដែនភ្លាមៗនេះ។
លោកបន្តថា សម្រាប់ពេលនេះវាមិនទាន់មានបញ្ហាអ្វីនោះទេ។ លោកបន្តថា៖ «ខ្ញុំមិនទាន់អាចវាយតម្លៃបានទេនៅពេលនេះដោយត្រូវរង់ចាំរយៈពេល ១ សប្តាហ៍សិន»។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងលោក អ៊ុក សារិទ្ធ បានលើកឡើងថា បើទោះបីជាការបិទច្រកព្រំដែនទើបតែចាប់ផ្តើមតែលោកគិតថានឹងមិនធ្វើឲ្យមានផលប៉ះពាល់ច្រើនទេសម្រាប់កម្ពុជា។ លោកបន្តថា៖ «ផលប៉ះពាល់នៅមិនទាន់មានទេ តែយើងត្រូវរង់ចាំមើលបន្តិចទៀតសិន»។
លោកបន្តថា បើការបិទនេះរយៈពេលវែង វានឹងធ្វើឲ្យមានផលប៉ះពាល់មួយចំនួនតាមរយៈកង្វះវត្ថុធាតុដើមសម្រាប់ទ្រទ្រង់ដល់តំបន់សេដ្ឋកិច្ចពិសេស និងសម្ភារសំណង់ជាដើម។
កម្ពុជា ថៃ បានសន្យាថានឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានឲ្យដឹងថា ជារួមការបិទព្រំដែនរវាងកម្ពុជា និងថៃពេលនេះមិនមានប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីទេ ព្រោះការបិទព្រំដែនពេលនេះគឺអនុវត្តសម្រាប់តែការធ្វើដំណើររបស់មនុស្សតែប៉ុណ្ណោះ ចំណែកការផ្លាស់ប្តូរទំនិញគឺមានការសម្របសម្រួលឲ្យមានដំណើរការជាធម្មតា។ លោកនិយាយថា៖ «យើងនឹងមើលទៅតាមស្ថានភាពជាក់ស្តែងប្រសិនបើមានបញ្ហា តែពេលនេះគឺមិនមានបញ្ហាអ្វីនោះទេ»។
លោកបន្តថា ទោះយ៉ាងណាខណៈគ្រប់ប្រទេសនៅលើពិភពលោកសុទ្ធតែកំពុងរងនូវផលអវិជ្ជមានពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
របាយការណ៍ពីស្ថានទូតថៃប្រចាំកម្ពុជាឲ្យដឹងថាកាលពីឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង ៩,៤១ ពាន់លានដុល្លារ កើនឡើង ១២ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៨,៣៨ ពាន់លានដុល្លារ។
ការនាំចូលពីប្រទេសថៃមកកម្ពុជាមានតម្លៃ ៧,១៤ ពាន់លានដុល្លារធ្លាក់ចុះ ៦ ភាគរយ ពី ៧,៦១ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ និងកម្ពុជានាំចេញទៅប្រទេសថៃមានជាង ២,២ ពាន់លានដុល្លារ កើនឡើង ១៩៥ ភាគរយ ពីឆ្នាំ ២០១៨ ដែលមានចំនួន ៧៦៨ លានដុល្លារ។
កម្ពុជានាំចេញទៅថៃភាគច្រើនជាកសិផលកសិកម្មដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈថៃនាំចូលមកកម្ពុជាវិញមានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង និងសម្ភារប្រើប្រាស់ក្នុងផ្ទះ៕LA