ភ្នំពេញៈ មន្ដ្រី​វៀតណាម​បញ្ជាក់ថា ទោះបី​ជាការ​រឹតបន្តឹង​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​ដោយសារតែ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​ក៏​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​នេះ​នៅតែ​ស្ថិតក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​បានកំណត់​ ៥ ​ពាន់​លាន​ដុល្លារ​ត្រឹម​ចុង​ឆ្នាំនេះ​។

ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ​ត្រូវបាន​រឹតបន្តឹង​ការឆ្លងកាត់ និង​ដាក់​ការហាមឃាត់​សម្រាប់​អ្នកដំណើរ​បរទេស​រយៈពេល​ ១ ​ខែ លើកលែងតែ​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​។

លោក Minh Quang Vu ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​លើ​ទំព័រ facebook របស់លោក​កាលពី​ថ្ងៃ​ពុធ​ដោយ​បញ្ជាក់ថា ព័ត៌មាន​ក្លែងក្លាយ​នេះ​ត្រូវ​បាន​រីករាលដាល​។ បច្ចុប្បន្ន​ប្រទេស​វៀតណាម​កំពុង​ពង្រឹង​វិធានការ​ការទប់ស្កាត់​ការរីក​រាលដាល​កូវីដ​ ១៩​។ ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ដោយ​បង្ខំ​នៅក្នុង​អគារ​ដែល​បានកំណត់​នឹង​ត្រូវបាន​ពង្រីក​ដើម្បី​ដាក់បញ្ចូល​អ្នក​ទាំងអស់​ដែល​ចូល​មកពី​អាមេរិក អឺរ៉ុប និង​បណ្ដា​ប្រទេស​អាស៊ាន​។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ពុធ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ហាម​ប្រជាជន​វៀតណាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូលមក​ប្រទេស ​កម្ពុជា ​ក្នុង​អំឡុងពេល​ការរឹតបន្តឹង​ការធ្វើ​ដំណើរ​របស់​វៀតណាម ទោះបី​យ៉ាងណា​នៅតែ​បើកចំហ​សម្រាប់​ការផ្លាស់ប្តូរ​ទំនិញ​។

លិខិត​នេះ​ឲ្យ​ដឹងថា​៖ «​ភាគី​កម្ពុជា​ស្នើឡើង​ថា អាជ្ញាធរ​របស់​ប្រទេស​ទាំង​ ២ ​ត្រូវធ្វើ​ការងារ​ជាមួយ​គ្នា ដើម្បី​ជួយ​សម្រួល និង​ធានាថា​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ធម្មតា​អាច​ត្រូវបាន​ធ្វើឡើង​ដោយ​មិនមាន​ការរំខាន​»​។

មន្ដ្រី​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ទោះបី​ប្រទេស ​វៀតណាម​ កំពុង​ពង្រឹង​វិធានការ​ឆ្លងកាត់​តាម​បណ្ដោយ​ព្រំដែន​ដោយសារ​តែ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​ប្រទេស​ទាំង ២ ​នៅតែ​ផ្លាស់ប្តូរ​ទំនិញ​ទៅវិញទៅមក​។

មន្ដ្រី​នោះបាន​បន្តថា​៖ «​សកម្មភាព​ពាណិជ្ជកម្ម​នៅតែ​ធ្វើឡើង​ជាធម្មតា​។ ភាគី​វៀតណាម​នៅ​ថ្នាក់មូលដ្ឋាន​ដែលមាន​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ធ្វើឲ្យ​ប្រាកដថា​សកម្មភាព​នោះ​ត្រូវបាន​ធ្វើឡើង​យ៉ាង​ល្អប្រសើរ​»​។

មន្ដ្រី​នោះ​លើកឡើង​ថា​៖ «​ខ្ញុំ​គិតថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី មិនអាច​ចៀសផុត​នោះ​ទេ ដោយសារ​តែ​ការរីករាលដាល​នេះ​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដ៏អាក្រក់​លើ​បណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក មិន​គ្រាន់តែ​វៀតណាម ឬ​កម្ពុជា​នោះទេ​»​។

មន្ដ្រី​នោះ​បញ្ជាក់​​ថា​៖ «​ប៉ុន្តែ​ភាគី​វៀតណាម បាន​រៀបចំ​ផែនការ​លើកកម្ពស់​ពាណិជ្ជកម្ម​រួចហើយ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​យើង​បន្ទាប់ពី​វីរុស​នេះ​បញ្ចប់​ការរីករាលដាល​។ ដូច្នេះ​សូម​ជឿជាក់​ថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​យើង​នឹង​ស្ទុះ​ងើបឡើង​វិញ​ក្នុងពេល​ឆាប់ៗ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការបិទ​ព្រំដែន​នេះ​នឹង​ប៉ះពាល់​ដល់​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​ជាពិសេស​វិស័យ​ទេសចរណ៍​។ លោក​បន្តថា​៖ «​តាម​ដែល​ខ្ញុំ​ដឹង​ការបិទ​នេះ​គឺ​គ្រាន់តែ​រឹតបន្តឹង​ប្រជាជន​ឆ្លងកាត់​ព្រំដែន​។ ​ទោះយ៉ាងណា​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នៅតែ​មាន​។ ប៉ុន្តែ​ផលប៉ះពាល់​ខ្លាំង​បំផុត​គឺ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ ប្រសិនបើ​ការបិទ​នោះ​មាន​រយៈពេល​វែង​»​។

មេដឹកនាំ​របស់​ប្រទេស​ទាំង ២ ​បាន​សន្យាថា​នឹង​លើកកម្ពស់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​ដើម្បី​សម្រេច​បាន​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​ត្រឹម​ចុង​ឆ្នាំនេះ​។

ទិន្នន័យ​បាន​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​សរុប​សម្រាប់​ឆ្នាំ​ ២០១៨ បាន​កើនឡើង​ដល់​ ៤,៧០៤ ​ពាន់​លាន​ដុល្លារ​ កើនឡើង​ ២៣,៨ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៧​។ ទំហំ​ពាណិជ្ជកម្ម​ក្នុងអំឡុង ១១ ​ខែ​ដំបូង​កាលពី​ឆ្នាំមុន​បាន​កើន​ឡើងដល់​ ៤,៨ ​ពាន់​លាន​ដុល្លារ​ កើនឡើង​ ១៣,៨ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

មាន​គម្រោង​វិនិយោគ​របស់​វៀតណាម​ចុះបញ្ជី​ចំនួន ២១៤ នៅ​កម្ពុជា​ដែលមាន​តម្លៃ​សរុប ៣,០៧៤ ពាន់​លាន​ដុល្លារ​។ នៅក្នុង​ចំណោម​នោះ ១៧៦ ​គម្រោង ​កំពុងដំណើរការ​ជាមួយ​នឹង​ទុន​ចុះបញ្ជី​សរុប​ ២,៧៧​ ពាន់​លាន​ដុល្លារ​។

នៅក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​កាលពី​ឆ្នាំមុន រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គម្រោង​ថ្មី​ ៣ ជាមួយនឹង​ទុន​ចុះបញ្ជី​សរុប ៥៣០ ០០០ ដុល្លារ​។ គម្រោង​ ៣ ​បន្ថែមទៀត​បានកែតម្រូវ​ការប្ដេជ្ញាចិត្ត​របស់​ពួកគេ​ដែល​បង្កើន​ការវិនិយោគ​សរុប​ដល់​ ៣៧,៥ ​លាន​ដុល្លារ​។ ជា​លទ្ធផល​ប្រទេស​វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​ទី​ ៣ ​របស់​ប្រទេស​កម្ពុជា​ដោយ​មាន​ក្រុមហ៊ុន​វិនិយោគ​រហូត​ដល់​ ៥០ ​លាន​ដុល្លារ​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំមុន​៕LA