ភ្នំពេញ: អ្នក​ជាប់ពន្ធ​ទាំងអស់​នឹង​កាន់តែ​ងាយស្រួល​ក្នុង​ការដាក់​លិខិត​ប្រកាស​ពន្ធ និង​ពន្ធ​លើ​ប្រាក់ចំណូល​របស់​ពួកគេ តាមរយៈ​ប្រព័ន្ធ​អនឡាញ E-filling ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមីនា​។

យោងតាម​សេចក្ដី​ប្រកាស​បាន​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ១៨ ខែកុម្ភៈ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អភិវឌ្ឍ​ប្រព័ន្ធ​រួចរាល់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​តាម​អនឡាញ (ToI E-filing) ដើម្បី​សម្រួល​ការដាក់​លិខិត​ប្រកាស​ពន្ធ និង​បង់ប្រាក់​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​។

សេចក្ដី​ប្រកាស​នេះ​បន្តថា​៖ «​ប្រព័ន្ធ​នេះ ដើម្បី​ពង្រឹង​សេវា​ផ្នែក​ចាត់ចែង​លិខិត​ប្រកាស​ពន្ធ​ជូន​អ្នក​ជាប់ពន្ធ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ស័ក្ដិសិទ្ធិ​ភាព ធានា​បាន​នូវ​តម្លាភាព ភាពងាយស្រួល ឆាប់រហ័ស ចំណេញ​ពេលវេលា និង​ភាពជឿ​ទុកចិត្ត​ក្នុង​ការផ្ដល់សេវា​ជូន​ដល់​អ្នកជាប់ពន្ធ​»​។ អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ទាំងអស់ ត្រូវដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ តាម​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​តាម​អនឡាញ (ToI E-filing) ចាប់ពី​ខែមីនា ឆ្នាំ​ ២០២១ នេះ​តទៅ​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​ Cambodian Investment Management បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា ការចាប់ផ្ដើម​ប្រើប្រាស់​ប្រព័ន្ធ​​អនឡាញ E-filling បាន​ផ្លាស់ប្តូរ​ការរៀបចំ​ពន្ធ​របស់​កម្ពុជា និង​ការបំពេញ​ឯកសារ​ពី​ការទំនាក់ទំនង​ដោយផ្ទាល់ ការប្រើប្រាស់​ពេលវេលា និង​ដំណើរ​ការផលិតភាព​ទាប ជាមួយ​នឹង​ការចូលរួម​ពហុភាគី​ដែល​មិនចាំបាច់​ដូចជា ជាមួយ​នាយកដ្ឋាន​ពន្ធដារ និង​ធនាគារ​ទៅ​ជា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​រួមបញ្ចូល​គ្នា​ជាទូទៅ​។

លោក​បានឱ្យដឹងថា វា​ជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ធំៗ​ជាច្រើន​របស់ GDT លើ​ការផ្លាស់ប្តូរ​ឯកសារ​ពន្ធ​ទៅជា​ឌីជីថល​ដ៏ទំនើប​។ លោក​ថ្លែងថា​៖ «​ការដាក់បញ្ចូល​ពន្ធ​លើ​ប្រាក់ចំណូល គឺជា​ការរីកចម្រើន​ជាធម្មតា​មួយ និង​ជា​ការជឿនលឿន​មួយកម្រិត​ទៀត​របស់​ប្រព័ន្ធ​នេះ​។ ការប្រើប្រាស់​ប្រព័ន្ធ​នេះ​កាន់តែ​ទូលំទូលាយ គុណតម្លៃ​ក៏​កាន់តែ​ធំ​សម្រាប់​ទាំង​អ្នក​ជាប់ពន្ធ និង GDT»​។

ជាមួយ​នឹង​ការផ្លាស់ប្តូរ​របស់ GDT ទៅជា​ការធ្វើ​ទំនើបកម្ម​ផ្នែក​បច្ចេកវិទ្យា លោក​ថា ការប្រមូល​ពន្ធ ច្បាស់​ណាស់​នឹង​ប្រសើរឡើង ដោយសារ​តែ​ទិន្នន័យ​អ្នក​ជាប់ពន្ធ​សម្រាប់​ការដាក់​ឯកសារ​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ​នៅពេល​នេះ​គឺ​ស្ថិតនៅ​យ៉ាង​ពេញលេញ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​សូម​អបអរសាទរ GDT សម្រាប់​ការបន្ត​ធ្វើឱ្យ​ប្រសើរឡើង និង​ការកែលម្អ​នៃ​ប្រព័ន្ធ​អនឡាញ E-Filing​។ ខ្ញុំ​មាន​ភាពកក់ក្ដៅ សុវត្ថិភាព​ខ្លាំង​បំផុត ដោយ​ការដាក់​ឱ្យ​ដំណើរការ​នៅពេល​ថ្មីៗ​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​អនឡាញ និង​ការបន្ត​រីកចម្រើន​នៃ​ប្រព័ន្ធ​អនឡាញ E-Filing បាន​ធ្វើឱ្យ​កេរ្ដិ៍ឈ្មោះ​របស់​កម្ពុជា​កើនឡើង​ខ្លាំង​ទាក់ទង​នឹង​ការបន្ធូរបន្ថយ​ការធ្វើ​អាជីវកម្ម​»៕LA