ភ្នំពេញៈ ការប្រមូល​ប្រាក់ចំណូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ​បាន​ធ្លាក់ចុះ​ជាង ១៦ ​ភាគរយ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​ដែល​ការធ្លាក់ចុះ​នេះ​បណ្តាល​មកពី​សកម្មភាព​នាំចូល និង​នាំចេញ​ទំនិញ​បាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​សុខភាព​ពិភពលោក​។

យោងតាម​ទិន្នន័យ​ពី GDCE ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ អគ្គនាយកដ្ឋាន​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង​ ១,២៧ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ធ្លាក់ចុះ​ ១៦,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ចំនួន ១,៥១៧ ​ពាន់​លាន​ដុល្លារ​។

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​ប្រាក់ចំណូល​គឺ​ដោយសារ​ការធ្លាក់ចុះ​ប្រាក់ចំណូល​ពន្ធ​ពីមុខ​ទំនិញ​យានយន្ត​ដែល​មាន ៣១,៧ ​ភាគរយ គ្រឿងសំណង់ ធ្លាក់ ២៨,២ ​ភាគរយ និង​ប្រាក់ចំណូល​ពន្ធ​បាន​ពី​ប្រេងឥន្ធនៈ​កើនឡើង ៥,៥ ​ភាគរយ និង​មុខទំនិញ​ចម្រុះ​ផ្សេងទៀត​មាន​កំណើន ៣,១ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​ការ​នាំចូល​មុខទំនិញ​យានយន្ត​ដែលជា​ប្រភព​ចំណូល​គយ​សំខាន់​សម្រាប់ GDCE បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ជាពិសេស​នៅក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ នេះ​»​។

លោក​បាន​ពន្យល់ថា ការធ្លាក់ចុះ​ចំណូល​ពេលនេះ​ព្រោះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់ចុះ ដោយ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​ការនាំចូល​ទំនិញ​បាន​ធ្លាក់ចុះ ៩,៤ ​ភាគរយ ខណៈ​តម្លៃ​នាំចេញ​ធ្លាក់ចុះ​ ០,៧ ​ភាគរយ​ក្នុងចំណោម​នោះ​តម្លៃ​នាំចេញ​ផលិតផល​កាត់ដេរ​បាន​ធ្លាក់ចុះ ៧,៥ ​ភាគរយ ប៉ុន្តែ​តម្លៃ​ផលិតផល​ស្រូវ​អង្ករ កៅស៊ូ និង​កសិផល​ផ្សេងទៀត​សរុប​កើនឡើង​ ១៤,៥ ​ភាគរយ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​យល់ស្រប​ថា ការធ្លាក់ចុះ​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​ស្ថានការណ៍​ពិត ដែល​សកម្មភាព​នាំចូល និង​នាំចេញ​ត្រូវ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​តែ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ខណៈ​ដែល​ទីផ្សារ​បរទេស​បាន​បិទ​។

លោក​ថ្លែងថា​៖ «​ទោះជា​រដ្ឋាភិបាល​របស់​យើង​បាន​ជំរុញ​រក្សា​សកម្មភាព​នាំចូល និង​នាំចេញ ជាពិសេស​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​ក៏ដោយ ក៏​យើង​នៅតែ​មើលឃើញ​ថា ទំហំ​ការនាំចូល និង​នាំចេញ​របស់​យើង​ទាប​ជាង​អ្វីដែល​យើង​ធ្លាប់មាន ដោយសារ​តែ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​។ ការ​នេះ​ពិតណាស់​ប៉ះពាល់​ដល់​ការប្រមូល​ប្រាក់ចំណូល​របស់​យើង​ផងដែរ​»​។

ទោះយ៉ាងណា​លោក​លើកឡើង​​ថា​៖ «​យើង​សង្ឃឹមថា ជាមួយ​នឹង​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នឹង​ជួយ​បង្កើន​ការប្រមូល​ប្រាក់ចំណូល​ពន្ធ​របស់​យើង​នៅ​ឆមាស​ទី​ ២ ​នេះ​»​។

យោងតាម GDCE ប្រភព​ប្រាក់ចំណូល​សំខាន់ៗ​គឺ​មុខទំនិញ​យានយន្ត និង​គ្រឿងចក្រ ដែល​មាន​ចំនួន​ ៤២,៤ ​ភាគរយ​មុខ​ទំនិញ​ប្រេងឥន្ធនៈ​មាន ២១,៦ ​ភាគរយ ចំណែក​មុខទំនិញ​ចម្រុះ​ផ្សេងទៀត និង​សម្ភារ​សំណង់​មាន​ចំនួន ៣៤,៧ ​ភាគរយ​។

លោក គុណ ញឹម បាន​បន្ថែមថា​៖ «​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នឹង​ខំ​ពង្រឹង​ការប្រមូល​ប្រាក់ចំណូល​នៅ​ឆមាស​ទី​ ២ ដើម្បី​បង្កើន​ប្រាក់ចំណូល សម្រាប់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ​១៩»​។

កាលពី​ឆ្នាំមុន កម្ពុជា​ប្រមូល​បាន​ប្រហែល ៦ ​ពាន់​លាន​ដុល្លារ​កើនឡើង​ជាង ១,៤៨ ​ពាន់​លាន​ដុល្លារ​នៃ​ផែនការ​។ ក្នុងចំណោម​តួលេខ​នេះ​គឺ​ចំនួន ២,២៦ ​ពាន់​លាន​ដុល្លារ​ត្រូវបាន​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​ចំនួន ២,៣ ​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​៕ LA