The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការប្រមូល​ចំណូល​ពន្ធដារ​ឆ្នាំ​ ២០១៩ កើន​លើស​ផែនការ ២៣%

ការប្រមូល​ចំណូល​ពន្ធដារ​ឆ្នាំ​ ២០១៩ កើន​លើស​ផែនការ ២៣%

Content image - Phnom Penh Post
អគ្គនាយកដ្ឋាន​ពន្ធដារ​ស្ថិតនៅ​កែង​មហាវិថី​ម៉ៅសេទុង សហព័ន្ធរុស្ស៊ី​។ ហុង មិនា

ការប្រមូល​ចំណូល​ពន្ធដារ​ឆ្នាំ​ ២០១៩ កើន​លើស​ផែនការ ២៣%

ភ្នំពេញៈ ការប្រមូល​ចំណូល​ពី​វិស័យ​ពន្ធដារ​ក្នុង​ឆ្នាំ​ ២០១៩ កន្លងមក​សម្រេច​លើស​ផែនការ ៥៣០ ​លាន​ដុល្លារ​ ស្មើនឹង​ជាង ២៣ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT)​។

របាយការណ៍​នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ចំណូល​ពន្ធដារ​ប្រចាំ​ខែធ្នូ និង​ប្រចាំឆ្នាំ​ ២០១៩ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​ ២០២០ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ១២ ​ខែ​ឆ្នាំ​ ២០១៩ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ២ ៨១៩,៣៣ លាន​ដុល្លារ កើន​លើស​ផែនការ​ប្រចាំ​ឆ្នាំ​ ២០១៩ ចំនួន ២៣,២០ ​ភាគរយ​។ ចំនួន​នេះ​បើ​ធៀប​នឹង​ការប្រមូល​ចំណូល​កាលពី​ឆ្នាំ​ ២០១៨ គឺមាន​កំណើន ២៨,២៨ ​ភាគរយ​។

ដោយឡែក​សម្រាប់​ខែ​ធ្នូ ឆ្នាំ​ ២០១៩ ការប្រមូល​ចំណូល​ពន្ធអាករ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​បាន​ចំនួន ១៩៥,០៤ ​លាន​ដុល្លារ កើនឡើង ៣៦,៨៥ ​ភាគរយ ​ធៀប​នឹង​ពី​ខែ​ធ្នូ ឆ្នាំ​ ២០១៨​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និយាយថា កំណើន​សេដ្ឋកិច្ច និង​ការវិនិយោគ​បាន​ធ្វើឲ្យ​ការប្រមូល​ចំណូល​ពន្ធអាករ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​សមិទ្ធផល​ដ៏ថ្លៃថ្លា​សម្រេច​បាន​ក្នុង​ឆ្នាំ​ ២០១៩ គឺជា​ការឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ​នៃ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​ ២០១៩-២០២០ ដែល​ជា​នវានុវត្តន៍​ប្រកប​ដោយ​និរន្តរភាព​នៃ​ការបន្ត​អនុវត្ត​ប្រកប​ដោយ​ភាពជោគជ័យ​នូវ​ការកែទម្រង់​គោលនយោបាយ​រដ្ឋបាល​សារពើពន្ធ និង​ទំនើបកម្ម​ពន្ធដារ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ នៃ​ការកែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​»​។

របាយការណ៍ GDT បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​ឆ្នាំ​ ២០១៩ ការប្រមូល​ចំណូល​អាករ​លើ​តម្លៃបន្ថែម​បាន​កើនឡើង ៣១,០៥ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ចំណែក​ការប្រមូល​ចំណូល​តាមរយៈ E-VAT រួមជាមួយ​វិធានការ​ពន្ធដារ​សំខាន់​ផ្សេងៗ​ទៀត​បាន​កើនឡើង ២៨,៤៧​ ភាគរយ អាករ​ពិសេស​កើន​ ៣០,៧២ ​ភាគរយ ពន្ធ​ប្រថាប់ត្រា កើន ៤៣,៧៣ ​ភាគរយ ពន្ធ​លើ​ប្រាក់បៀវត្សរ៍​កើន​ ១៨,២១ ​ភាគរយ និង​ពន្ធ​លើ​ឈ្នួល​ដី និង​ផ្ទះ កើន ៦៨,២០ ​ភាគរយ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា GDT តែងតែ​សម្រេច​បាន​នូវ​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់ ដែល​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​។ លោក​បន្តថា ទោះ​យ៉ាងណា​ដើម្បី​ធ្វើឲ្យ​ការប្រមូល​ចំណូល​កាន់តែ​មាន​ប្រសិទ្ធភាព អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ស្ថានភាព​នៃ​ការប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ និង​ស្ថានភាព​នៃ​​ម៉ាក្រូសេដ្ឋកិច្ច​សកល​ផងដែរ​។

លោក​ថ្លែងថា​៖ «​សូម​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​វិធានការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ដែល​ផ្តល់​នូវ​ស្ថានភាព​អំណោយផល និង​ភាពទាក់ទាញ​ការវិនិយោគ​»​។

កាលពី​ឆ្នាំ​ ២០១៨ ការប្រមូល​ GDT ប្រមូល​ចំណូល​បាន​ប្រមាណ ២ ១៩៧,៨៥ លាន​ដុល្លារ កើន​ ១៣,៣៧ ​ភាគរយ ​ស្មើនឹង​ប្រមាណ ២៥៩,១៥ លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧៕LA

អត្ថបទគួរចាប់អារម្មណ៍