ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​ឆ្នាំ​ ២០២០ ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ប៉ះពាល់​យ៉ាងខ្លាំង​ទៅ​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​បរទេស​មក​កាន់​ប្រទេស​កម្ពុជា​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​។

លោក រស់ ភិរុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ការប្រមូល​ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ ក្នុង​ឆ្នាំ​ ២០២០ សម្រេចបាន​ថវិកា ៤០ ​លាន​ដុល្លារ ថយចុះ​ជាង​ ៥០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែល​កាលនោះ​សម្រេច​បាន​រហូតដល់​ ៨៥ ​លាន​ដុល្លារ ដោយសារ​តែ​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​ ១៩ ជា​សកល​ដែល​បង្ក​ផលប៉ះពាល់​លើ​វិស័យ​នានា​ក្នុង​នោះបាន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​វិស័យ​កាស៊ីណូ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ដូច​យើង​ទាំងអស់​គ្នា​ជ្រាប​ហើយ​ថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ចាប់ផ្តើម​តាំងពី​ចុងឆ្នាំ​ ២០១៩ និង​បន្ត​រហូត​មកដល់​បច្ចុប្បន្ន​នេះ​គឺ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​នានា​ដែល​ក្នុងនោះ​ឧស្សាហកម្ម​កាស៊ីណូ​ក៏​រង​ផលប៉ះពាល់​ខ្លាំង​ដែរ គឺ​ប្រតិបត្តិការ​កាស៊ីណូ​ស្ទើរ​ទាំងស្រុង​ត្រូវបាន​បិទ​កាលពី​ឆ្នាំ​ ២០២០ ដោយ​មានតែ​កាស៊ីណូ​ប្រមាណ​ជា​ ៧ ​ទៅ​ ៨ ​ប៉ុណ្ណោះ​ដែល​ត្រដាបត្រដួស​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​។ ការណ៍​នេះហើយ​ទើប​ធ្វើឱ្យ​ការប្រមូល​ចំណូល​របស់​យើង​ធ្លាក់ចុះ​ខ្លាំង​មែនទែន​»​។

កាលពី​ខែសីហា ឆ្នាំ​ ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញ​បទបញ្ជា​មួយ​ក្នុង​ការហាម​រាល់​សកម្មភាព​ល្បែង​តាម​អនឡាញ​គ្រប់​ប្រភេទ​ដោយ​ត្រូវ​បិទ​បញ្ចប់​ពី​កម្ពុជា​នៅត្រឹម​ដំណាច់​ចុងឆ្នាំ ​២០១៩​។ បម្រាម​នេះ​ធ្វើឱ្យ​ដំណើការ​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​ល្បែង និង​កាស៊ីណូ​នៅ​កម្ពុជា​ធ្លាក់ចុះ​យ៉ាងគំហុក ពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ម្ចាស់​អាជីវកម្ម និង​អ្នកលេង​ភាគច្រើន​ជា​ជនជាតិ​ចិន​។

លោក​បន្ថែមថា ការបិទ​សកម្មភាព​ល្បែង​តាម​អនឡាញ​ក៏​រួមចំណែក​ធ្វើឱ្យ​ការប្រមូល​ពន្ធ​ធ្លាក់ចុះ​ផងដែរ ស្របពេល​នឹង​ការផ្ទុះ​រីករាលដាល​កូវីដ ​១៩ ជា​សកល​។ ជាមួយ​គ្នា​នេះ​ក្នុង​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​ក៏បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​ក្នុង​វិស័យ​កាស៊ីណូ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩​។ ការផ្អាក​ដំណើរការ​នេះ​សម្រេច​នៅ​ដើមខែ​មេសា ឆ្នាំ​ ២០២០ ហើយ​ក្នុងអំឡុង​ខែសីហា និង​ខែកញ្ញា​ត្រូវ​នឹង​ត្រីមាស​ទី ៤ មាន​កាស៊ីណូ​មួយចំនួន​តូច​បាន​ដំណើរការ​ឡើង​វិញ​។

លោក​ថ្លែងថា​៖ «​តាមពិត​ទៅ​យើង​មាន​ក្តី​រំពឹងថា ការប្រមូល​ពន្ធ​ពី​ឧស្សាហកម្ម​កាស៊ីណូ​របស់​យើង​នឹង​មាន​ភាពល្អប្រសើរ​ក្នុង​ឆ្នាំ​ ២០២១ នេះ ដោយសារ​តែ​យើង​អនុវត្ត​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ដែល​ទើប​ទទួល​បាន​ការអនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ដោយ​រំពឹងថា នឹង​មាន​ការកើនឡើង​ទ្វេដង​។ យើង​នឹង​ប្រមូល​ប្រកប​ដោយ​តម្លាភាព តែ​ជំងឺ​កូវីដ​១៩​នេះ​នៅតែ​បន្ត​រីករាលដាល ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការមកដល់​នៃ​ភ្ញៀវ​ទេសចរ ដូច្នេះ​យើង​មិន​ហ៊ាន​ធ្វើការ​ព្យាករ​ថា ចំណូល​ពី​វិស័យនេះ​នឹង​ទៅជា​យ៉ាងណា​នោះទេ​»​។

កាលពី​ថ្ងៃទី​ ១៥ ខែមីនា ក្រុមហ៊ុន NagaCorp ដែលជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​កាស៊ីណូ NagaWorld មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា នឹង​បែងចែក​ ១០០ ​ភាគរយ ​នៃ​ប្រាក់ចំណេញ​សុទ្ធ​ដែល​រកបាន​នៅ​ឆមាស​ទី​២ ឆ្នាំ​ ២០២០​។ ការបែងចែក​ភាគលាភ​សម្រាប់​ភាគទុនិក​គឺ​មាន​ចំនួន​ ១,៨៨ ​សេន​ដុល្លារ​ ក្នុង​ ១ ​ភាគហ៊ុន​ ដែល​តំណាងឱ្យ​អនុ​បាត​ការបែងចែក ១០០ ​ភាគរយ ​ដោយ​ពឹង​ផ្អែកលើ​ប្រាក់ចំណេញ​សុទ្ធ​ដែល​រកបាន​ក្នុង​អំឡុង​ឆមាស​ទី​២ ឆ្នាំ​ ២០២០​។

ក្រុមហ៊ុន​នេះ​ឱ្យដឹងថា​៖ «​ក្នុង​អំឡុងពេល​រៀងរាល់ ៦ ​ខែ​នៅក្នុង​ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​នឹង​ត្រួតពិនិត្យ វាយតម្លៃ និង​ពេលវេលា​ដ៏សមរម្យ កែតម្រូវ​គោលនយោបាយ​ភាគលាភ​របស់ខ្លួន​ស្រប​ជាមួយ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន សេដ្ឋកិច្ចពិភពលោក ស្ថានភាព​ជំងឺ​កូវីដ​១៩ និង​កត្តា​ផ្សេងទៀត​។ ការណ៍​នេះ​បង្ហាញ​ពី​កំណត់ត្រា​តាមដាន​ការបែងចែក​ភាគលាភ​ប្រចាំឆ្នាំ ជាមួយ​នឹង​ការបែងចែក​ភាគលាភ​សរុប​លើសពី ១,៥ ​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់​តាំងពី​ការបោះ​ផ្សាយ IPO របស់ខ្លួន​កាលពី​ឆ្នាំ​ ២០០៦»​។

បើ​យោងតាម​លោក រស់ ភិរុណ គិត​ត្រឹម​ខែមីនា ឆ្នាំ​ ២០២១ កម្ពុជា​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន​ ១០១ បានដាក់​ពាក្យ​បន្ត​អាជ្ញាប័ណ្ណ​ក្នុងចំណោម​កាស៊ីណូ​សរុប​ចំនួន​ ១៩៣ នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២០៕ LA

វីដេអូ៖