ភ្នំពេញៈ ការប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០១៩ នេះ​មាន​កំណើន​ប្រមាណ​ជិត ២៨ ​ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

របាយការណ៍​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ខែ​មករា​ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន​ចំនួន ២,៦៣ ​ពាន់​លាន​ដុល្លារ ​ស្មើនឹង ១១៥ ​ភាគរយ​ នៃ​ផែនការ​ប្រចាំឆ្នាំ​។ ចំនួន​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ គឺ​កើនឡើង ២៧,៦៨ ភាគរយ ឬ​ស្មើនឹង ៥៧០ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ខែវិច្ឆិកា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន ២២៧,៤៨ ​លាន​ដុល្លារ​ បើ​ធៀប​ទៅនឹង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ បាន​កើនឡើង ២១,៣២ ​ភាគរយ​ ស្មើនឹង​ជិត ៤០ ​លាន​ដុល្លារ​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និយាយថា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​ទៅ​សម្រេចបាន​លើស​ផែនការ​ជា​អតិបរមា​នោះ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​។

បើតាម​លោក គង់ វិបុល វិធានការណ៍​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ត្រូវ​អនុវត្ត​មានដូចជា ការចុះ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ពង្រឹង​ការចាត់ចែង​លិខិត​ប្រកាស​ពន្ធ ការយកចិត្ត​ទុកដាក់​លើ​ការអនុវត្ត E-VAT System ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ និង​ការលើកកម្ពស់ និង​បញ្ជ្រាប​វប្បធម៌​បង់ពន្ធ​ជាដើម​។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ប្រាប់ថា ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ​កំណែទម្រង់​ពន្ធដារ​បាន​ផ្តល់នូវ​ផល​ល្អ​ជា​ច្រើន​សម្រាប់​កម្ពុជា​។ ជាក់ស្តែង​កំណើន​ដែល​ទទួល​បាន​នេះ គឺ​ដោយសារ​តែ​លទ្ធផល​នៃ​ការកាត់បន្ថយ​អំពើពុករលួយ​ព្រម​ជាមួយ​នឹង​ការអនុវត្ត​របស់​មន្ត្រី​ពន្ធដារ និង​គយ​ក៏ដូចជា​ដោយសារ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ប្រមូល​ពន្ធ​ប្រកប​ដោយ​គណនេយ្យភាព និង​តម្លាភាព​។

លោក​បន្តថា​៖ «​ការប្រមូល​ចំណូល​ពន្ធដារ​នៅ​កម្ពុជា​នឹង​ឈានដល់​ចំណុច​ខ្ពស់ នៅពេល​ដែល​អាជីវកម្ម​ទាំងអស់​ដែល​កាន់កាប់ ឬ​គាំទ្រ​ដោយ​មន្ត្រី​មានអំណាច និង​អ្នកនយោបាយ​បង់ពន្ធ​ពេញលេញ​»​។

បើទោះបី​ជា​អាជ្ញាធរ​បាន​ខិតខំ​ធ្វើការ​អប់រំ និង​ផ្សព្វផ្សាយ​ជាយូរ​មក​ហើយ​ក៏ដោយ រហូត​មក​ដល់​ពេលនេះ​ការប្រមូល​ពន្ធ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ដឹងថា នៅមាន​ការបាត់បង់​ជាច្រើន​រាប់​តាំងពី​ចំណូល​ពី​សហគ្រាស​ធុន​ធំ មធ្យម និង​តូច​។

តាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​ជាង ៥០ ម៉ឺន​ ក្នុង​នោះ​សហគ្រាស​ដែល​មក​ចុះបញ្ជី​គឺមាន​តែ​ ៥ ភាគរយ​ប៉ុណ្ណោះ​៕