ភ្នំពេញៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) លោក គង់ វិបុល បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ស្ថាប័ន​នេះ​ប្រមូលប្រាក់​ចំណូល​ពន្ធ​បាន​ប្រហែល ២,៦៩៧ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ១៦ ​ខែធ្នូ ឬ​សម្រេចបាន ៩៤,៦៣ ​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ បើទោះបី​ជា​ទទួលផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩ លើ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ក៏ដោយ​។

លោក គង់ វិបុល បាន​ឱ្យដឹង​តាមរយៈ​កម្មវិធី​ផ្សាយ​ពិសេស​លើ​ទំព័រ​ហ្វេសប៊ុក​របស់ GDT ថា គិត​ត្រឹម​ថ្ងៃទី​ ១៦ ខែធ្នូ GDT ប្រមូលប្រាក់​ចំណូល​ពន្ធ​បាន ២,៦៩៧ ​ពាន់​លាន​ដុល្លារ ប្រៀបធៀប​នឹង​ផែនការ​ឆ្នាំ​ ២០២០ នៃ​ផែនការ​ដែលមាន​ចំនួន ២,៨៥០ ​ពាន់​លាន​ដុល្លារ ឬ​ ៩៤,៦៣ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​ទោះបីជា​យើង​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ក៏ដោយ ក៏​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​កាលពី​ឆ្នាំ​ ២០១៩ មាន​លទ្ធផល​ល្អ ដូច្នេះ​ពួកគេ​ប្រកាស​ពន្ធ​ក្នុង​ឆ្នាំ​ ២០២០ ធ្វើឱ្យ​ចំណូល​យើង​ឆ្នាំនេះ​ក៏​នៅតែ​ល្អ​ដែរ​។ ខ្ញុំ​បាន​អង្កេត​ឃើញថា និន្នាការ​ប្រាក់ចំណូល​ប្រចាំខែ​របស់ យើង​ក៏​នៅ​តែ​កំពុង​ធ្វើបាន​ល្អ​ដែរ ការនេះ​បាន​ធ្វើឱ្យ​យើង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​ឆ្នាំនេះ​»​។

លោក​លើកឡើង​ថា​៖ «​ដូចដែល​យើង​បាន​មើលឃើញ​ហើយ​ថា យើង​ទទួលរង​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច យើង​នៅតែ​សម្រេចបាន​ចំណូល​ជាង ៩៤,៦៣ ​ភាគរយ​នៃ​ផែនការ​ឆ្នាំនេះ​។ ខ្ញុំ​គិតថា យើង​នឹង​សម្រេច​បាន​តាម​ទិសដៅ​ត្រឹម​ចុង​ឆ្នាំនេះ​ដូចដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​កំណត់​ផែនការ​ប្រចាំឆ្នាំ​មក​យើង​»​។

លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង​ពី​ប្រតិបត្តិការ​ល្អ​នៃ​ការប្រមូល​ប្រាក់ចំណូល​នៅ​ឆ្នាំ​នេះ ទោះបី​ជា​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​វា​មិនជា​ការបារម្ភ​អំពី​ការប្រមូល​ប្រាក់ចំណូល​ពន្ធ​នៅ​ឆ្នាំនេះ​ទេ​។ ដូចដែល​ខ្ញុំ​បាន​មើលឃើញ​ថា ការប្រមូល​ប្រាក់ចំណូល​ពន្ធ ល្អប្រសើរ​ជាង​ការរំពឹងទុក ដោយសារ​តែ​យើង​មើលឃើញ​វិស័យ​មួយចំនួន​ទៀត​នៅតែ​ដំណើរការ​បានល្អ​»​។

លោក គង់ វិបុល បានឱ្យ​ដឹងថា ផែនការ​អនុវត្ត​ឆ្នាំ​ ២០២១ នឹង​ទាបជាង​លទ្ធផល​ឆ្នាំ​ ២០២០ ដោយសារ​តែ​ប្រតិបត្តិការ​អាជីវកម្ម​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​ ២០២០ ជាពិសេស​នៅក្នុង​វិស័យ​ទេសចរណ៍​។ ប៉ុន្តែ​លោក​មើលឃើញថា វិស័យ​ផ្សេងទៀត ដូចជា​ការដឹកជញ្ជូន និង​មិនមែន​កាត់ដេរ​កំពុងមាន​ប្រតិបត្តិការ​ល្អប្រសើរ​។

លោក​ថ្លែងថា​៖ «​តាម​ផែនការ​ប្រចាំឆ្នាំ GDT ​ត្រូវតែ​ប្រមូល​ឱ្យបាន​ប្រហែល​ ២,២៧១ ​ពាន់​លាន​ដុល្លារ​នៃ​ផែនការ​អនុវត្ត​ឆ្នាំ​ ២០២១ ដែល​ទាប​ជាង​ឆ្នាំ​ ២០២០ ដោយសារតែ​ផលប៉ះពាល់​ជំងឺ​កូវីដ​១៩ ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជាច្រើន ដូច្នេះ​វា​នឹង​បន្ត​ដល់​ឆ្នាំ​ ២០២១»​។ តាមច្បាប់​ពន្ធ លោក​ពន្យល់ថា សម្រាប់​ក្រុមហ៊ុន​នានា​ដែល​បាន​ខាតបង់​ប្រាក់ចំណូល​ក្នុង​ឆ្នាំ​ ២០២០ ពួកគេ​អាច​បន្ត​ទៅមុខ​ចាប់ពី​ ៣ ​ទៅ​ ៥ ​ឆ្នាំ​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​នោះ​ជា​មូលហេតុ​ដែល​អ្នកមើល​ឃើញ ផែនការ​អនុវត្ត​ឆ្នាំ​ ២០២១ នឹង​ទាប​ជាង​ឆ្នាំ​ ២០២០»​។

កាលពី​ឆ្នាំ​ ២០១៩ GDT ប្រមូលប្រាក់​ចំណូល​ពន្ធ​បាន​ ២,៨១៩ ​ពាន់​លាន​ដុល្លារ លើសពី​ទិសដៅ​ប្រចាំឆ្នាំ​ចំនួន​ ៥៣០ ​លាន​ដុល្លារ ឬ​ ២៣,២០ ភាគរយ​។ វា​មាន​ចំនួន ២៨,២៨ ​ភាគរយ​ខ្ពស់ជាង​ចំនួន​ ២,១៩៧ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨៕ LA