ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថាការប្រមូលមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទូរគមនាគមន៍ពីក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍មកដល់ពេលនេះមានមិនដល់ ១ ភាគ ៣ នោះទេ។ នេះបើយោងតាមមន្ត្រី។
ក្នុងសន្និសីទព័ត៌មានកាលពីម្សិលមិញនាយកមូលនិធិ ២ ដែលបានបង្កើតឡើងដោយក្រសួងបានថ្លែងថាមានតែក្រុមហ៊ុន ១១ ប៉ុណ្ណោះក្នុងចំណោមក្រុមហ៊ុន ៣៣ ដែលបានផ្តល់ប្រាក់ ១ ភាគរយពីចំណូលរបស់ខ្លួននៅឆ្នាំ ២០១៧ ដោយអះអាងថាក្រសួងនឹងមានវិធានការបើក្រុមហ៊ុនទាំងនោះមិនព្រមបង់ ១ ភាគរយនេះ។
ច្បាប់ទូរគមនាគមន៍ឆ្នាំ ២០១៦ បានបង្កើតមូលនិធិ ២ ដែលនឹងតម្រូវឲ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់នៅកម្ពុជាត្រូវបង់ ១ ភាគរយនៃប្រាក់ចំណូលដុលប្រចាំឆ្នាំរបស់ពួកគេទៅក្នុងគណនីរដ្ឋាភិបាល។
មូលនិធិនៃការកសាងសមត្ថភាព និងស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (CBRD) និងតម្រូវឲ្យបង់ ១ ភាគរយនៃប្រាក់ចំណូលដុលប្រចាំឆ្នាំរបស់ក្រុមហ៊ុនទាំងអស់។ ដោយឡែកមូលនិធិកាតព្វកិច្ចសកលទូរគមនាគមន៍ (USO) តម្រូវឲ្យក្រុមហ៊ុនបង់ ២ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដុលរបស់ខ្លួន។
គោលបំណងរបស់មូលនិធិទាំង ២ នេះគឺលើកកម្ពស់យ៉ាងទូលំទូលាយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវានៅតំបន់ជនបទដែលក្រុមហ៊ុនជាច្រើនមិនអាចវិនិយោគ។
លោក ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋាន ICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ CBRD បានឲ្យដឹងថាបច្ចុប្បន្នមូលនិធិនេះប្រមូលបានប្រាក់ ១,៧ លានដុល្លារ ហើយរំពឹងថានឹងទទួលបាន ៧,១៥ លានដុល្លារនៅពេលប្រតិបត្តិករទាំងអស់បង់ប្រាក់នេះ។
លោក តុល ញ៉ាក់ អគ្គនាយកអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ USO ថា មូលនិធិនេះប្រមូលបានប្រាក់ ២,៥ លានដុល្លារ ប៉ុន្តែរំពឹងថានឹងមានជាង ១០ លានដុល្លារត្រឹមចុងខែនេះ។
លោក ជុន វ៉ាត បានថ្លែងថា៖ «ដោយសារតែនៅតែមានពេលវេលាសម្រាប់ប្រតិបត្តិករក្នុងការចូលរួមនៅក្នុងមូលនិធិនេះ យើងបានសម្រេចចិត្តមិនចេញផ្សាយអត្តសញ្ញាណប្រតិបត្តិករណាមួយដែលមិនបានចូលរួមនោះទេ ដោយសារការកំណត់ពេលវេលាមិនទាន់ចប់»។
លោក ញ៉ាក់ ថ្លែងថាខណៈក្រសួងនឹងធ្វើការដោយទន់ភ្លន់ តែក្រសួងនឹងអនុម័តវិធានការដាក់វិន័យយោងតាមច្បាប់នេះប្រសិនបើចាំបាច់។
ច្បាប់ទូរគមនាគមន៍ចែងថាការរំលោភណាមួយលើច្បាប់នេះអាចត្រូវបានដាក់ទណ្ឌកម្មដោយការផ្អាក ឬការដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ៕LA