ភ្នំពេញៈ ខណៈ​ពិភពលោក​បាន​ឈានដល់​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​នៅក្នុង​វិស័យ​វាយនភណ្ឌ គឺ​ពិតជា​មាន​ភាពចាំបាច់​ណាស់​ដោយ​វា​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ពេលវេលា និង​ថវិកា​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ជួយ​ធ្វើ​ឲ្យ​ផលិតផល​មានគុណភាព​ល្អ​ថែមទៀត​។

នេះ​ជាការ​លើកឡើង​របស់​ប្រធាន​ប្រតិបត្តិ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ក្នុង​សន្និសីទ​ស្តីពី​ «​សូហ្វវែរ​រោងចក្រ​» ដែល​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ GMAC កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក លី តេកហេង ប្រធាន​ប្រតិបត្តិ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​និយាយ​ថា​ការប្រើប្រាស់​ប្រព័ន្ធ​សូហ្វវែរ​លើ​ការត្រួតពិនិត្យ និង​ដំណើរការ​តាម​ខ្សែចង្វាក់​ផលិតកម្ម​តាម​រោងចក្រ​នីមួយៗ​គឺ​ពិតជា​មាន​ភាពចាំបាច់​ណាស់​នៅក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ។ ប្រព័ន្ធ​បច្ចេកវិទ្យា​បាននិង​កំពុង​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​ប្រសិទ្ធភាព និង​ភាពរីកចម្រើន​របស់​ក្រុមហ៊ុន​នីមួយៗ​។ លោក​បន្តថា​ការមកដល់​នៃ​ប្រព័ន្ធ​សូហ្វវែរ​របស់ Zilingo នេះ​គឺអាច​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការបង្កើន​ប្រសិទ្ធភាព​នៅតាម​រោងចក្រ​កាត់ដេរ​នីមួយៗ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា Zilingo នឹង​ចូលរួម​ចំណែក​ក្នុង​ការជួយ​អភិវឌ្ឍ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​លឿន​បន្ថែមទៀត ខណៈ​ដែល​ការប្រើប្រាស់​បច្ចេកវិទ្យា​រីកចម្រើន​ផងដែរ​» ​បើ​តាម​លោក តេកហេង ប្រព័ន្ធ​សូហ្វវែរ​របស់ Zilingo នឹង​ជួយ​ដល់​រោងចក្រ​ចាប់ផ្តើម​តាំងពី​ការបញ្ជាទិញ​ក្រណាត់​ចូល​ក្នុង​រោងចក្រ​រហូត​ដល់​បញ្ចប់​ប្រតិបត្តិការ​ក្នុង​រោងចក្រ​តែម្តង​។

ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហគមន៍​អឺរ៉ុប​ (EBA) ក្នុងពេល​ឆាប់ៗ​នេះ​លោក តេកហេង បាន​និយាយថា​៖ « យើង​ពិតជា​មាន​ការបារម្ភ​ខ្លះ ប៉ុន្តែ​ទោះយ៉ាងណា​ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​មិន​មាន​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​»​។

លោក យិន សូសាកុល ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន Zilingo បាន​ប្រាប់ថា នេះ​ជា​លើកដំបូង​ដែល​ក្រុមហ៊ុន​លោក​បាន​នាំយក​ប្រព័ន្ធ​សូហ្វវែរ​ថ្មី​មួយ​ពី​ប្រទេស​ឥណ្ឌា​មក​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។

លោក​បាន​បន្តទៀត​ថា ប្រព័ន្ធ Zilingo (Zilingo Production software) នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​រោងចក្រ​កាត់ដេរ ដូចជា បង្កើន​ប្រសិទ្ធភាព​ចង្វាក់​ផលិតកម្ម​ពី​ ១០ ទៅ​ ១២ ​ភាគរយ ការគ្រប់គ្រង​ពេលវេលា និង​មាន​ទិន្នន័យ​ច្បាស់លាស់​ជួយ​កាត់បន្ថយ​កំហុស​នៅលើ​ចង្វាក់​ផលិតកម្ម​បាន​ពី​ ២០ ​ទៅ​ ៥០ ​ភាគរយ និង​មាន​ភាពងាយស្រួល​ដោយ​មិន​ចាំបាច់​ធ្វើ​របាយការណ៍​ដោយ​ការសរសេរ​លើ​ក្រដាស​ទៀតឡើយ​។

លោក​បាន​អះអាង​ថា​៖ «​នេះ​ជា​លើក​ទី​ ១ ដែល​ក្រុមហ៊ុន​យក​ប្រព័ន្ធ​នេះ​មក​ផ្សព្វផ្សាយ​ក្នុង​វិស័យ​វាយនភណ្ឌ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ប្រព័ន្ធ​នេះ​កំពុង​ប្រើប្រាស់​យ៉ាងច្រើន​នៅ​តាម​រោងចក្រ​ក្នុង​ប្រទេស​មួយចំនួន​រួចមកហើយ​»​។

បើ​តាម​លោក សូសាកុល បច្ចុប្បន្ន​សូហ្វវែរ​របស់ Zilingo កំពុង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ប្រទេសមួយ​ចំនួន​ដូចជា ដូចជា ឥណ្ឌា ស្រីលង្កា បង់ក្លាដែស ឥណ្ឌូនេស៊ី និង​វៀតណាម​។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោងចក្រ​កាត់ដេ រោងចក្រ​ផលិត​កាបូប និង​ស្បែកជើង​សរុប​ជាង ៦០០ ​ក្រុមហ៊ុន​៕LA