ក្រុងប៉ារីសៈ ពិភពលោកកំពុងប្រើប្រាស់ធនធានធម្មជាតិរហូតដល់ជាង ១០០ ពាន់លានតោន ក្នុង ១ ឆ្នាំ ជាលើកដំបូងមិនធ្លាប់មាន ខណៈដែលការកែច្នៃវត្ថុធាតុដើមឡើងវិញក្នុងពិភពលោកបានធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
របាយការណ៍ Circularity Gap Report 2020 បានរកឃើញថា ចំណែកនៃសារធាតុរ៉ែ ឥន្ធនៈផូស៊ីល លោហធាតុ និងជីវម៉ាស់ដែលផ្គត់ផ្គង់សេដ្ឋកិច្ចពិភពលោកដែលត្រូវបានប្រើប្រាស់ជាថ្មីបានធ្លាក់ចុះក្នុងរយៈពេល ២ ឆ្នាំ ពី ៩,១ ភាគរយ មកនៅត្រឹម ៨,៦ នៅពេលបច្ចុប្បន្ន។
លោក Marc de Wit នាយកអង្គការមិនស្វែងរកប្រាក់ចំណេញ Circle Economy និងជាអ្នកនិពន្ធជាន់ខ្ពស់នៃរបាយការណ៍នេះបានថ្លែងថា៖ «មិនមានប្រទេសណាមួយកំពុងឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ពលរដ្ឋរបស់ខ្លួននោះទេ ខណៈកំពុងប្រតិបត្តិការក្នុងផែនដីរបស់យើង»។
ធនធានដែលត្រូវបានប្រើប្រាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចពិភពលោកបានកើនឡើងជាង ៨ ភាគរយគ្រាន់តែនៅក្នុងរយៈពេល ២ ឆ្នាំពីចំនួន ៩៣ ពាន់លានតោនកាលពីឆ្នាំ ២០១៥ ដល់ ១០០,៦ ពាន់លានកាលពីឆ្នាំ ២០១៧ ដែលជាឆ្នាំចុងក្រោយដែលទិន្នន័យអាចរកបាន។
ចាប់តាំងពីឆ្នាំ ១៩៧០ ចំនួនប្រជាជនបានកើនឡើង ២ ដង សេដ្ឋកិច្ចពិភពលោកបានកើនឡើង ៤ ដង និងពាណិជ្ជកម្មបានកើនឡើង ១០ ដងជាផ្លូវមួយដែលជំរុញកំណើនតម្រូវការមិនឈប់ឈរនូវថាមពល និងធនធានក្នុងគ្រាដែលអវត្តមានការរីកចម្រើននៃការកែច្នៃឡើងវិញ ។
របាយការណ៍នេះបានឲ្យដឹងថា ការប្រើប្រាស់ធនធានទាំងនេះនៅលើពិភពលោកត្រូវបានព្យាករថានឹងកើនឡើងខ្លាំងពីចំនួន ១៧០ ដល់ ១៨៤ ពាន់លានតោនត្រឹមពាក់កណ្ដាលសតវត្សរ៍នេះ។
ក្រុមអ្នកនិពន្ធរបាយការណ៍នេះបានឲ្យដឹងថា ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ ជាពិសេសនៅក្នុងប្រទេសមានប្រាក់ចំណូលទាប ខណៈដែលការការពារប្រព័ន្ធអេកូឡូស៊ីដែលផ្ដល់ទឹកស្អាត ខ្យល់ និងដី ពិភពលោកត្រូវតែបង្កើនយ៉ាងខ្លាំងនូវចំណែកធនធានធម្មជាតិដែលកែច្នៃឡើងវិញ។
ក្រុមអ្នកនិពន្ធកត់សម្គាល់ថា ប្រទេសអ្នកមានប្រើប្រាស់ធនធាន ១០ ដង ច្រើនជាងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងមនុស្សម្នាក់ៗ និងផលិតកាកសំណល់កាន់តែច្រើន។
របាយការណ៍នេះបានឲ្យដឹងថា បណ្ដាប្រទេសអ្នកមានត្រូវតែ «ទទួលខុសត្រូវលើផលប៉ះពាល់ដោយសារតែការនាំចូល និងការនាំចេញរបស់ពួកគេ។ របាយការណ៍នេះកត់សម្គាល់ថា ភាគច្រើននៃអ្វីដែលពួកគេប្រើប្រាស់បានមកពីបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច ខណៈដែលកាកសំណល់ភាគច្រើនរបស់ពួកគេត្រូវបាននាំចេញ។
របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា អត្រាការកែច្នៃឡើងវិញមានកម្រិតខ្ពស់នៅក្នុងប្រទេសកាន់តែក្រីក្រ ខណៈដែលកាកសំណល់អាច «ផ្ដល់ជាប្រភពមានតម្លៃនៃប្រាក់ចំណូលសម្រាប់កម្មករក្រៅប្រព័ន្ធ»។
របាយការណ៍នេះបន្តថា៖ «ឧទាហរណ៍ចិនមានសួនអេកូឧស្សាហកម្មឈានមុខគេ ដែលកាកសំណល់អាជីវកម្មក្លាយជាវត្ថុធាតុដើមសម្រាប់ប្រទេសផ្សេងទៀត»៕ LA