ភ្នំពេញៈ ការប្រើប្រាស់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា (Fintech) នៅមានអត្រាទាបនៅឡើយ បើទោះបីវាបានបង្ហាញពីកំណើនខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។ នេះបើតាម Mekong Strategic Partners (MSP)។
ក្រុមហ៊ុន MSP បានឲ្យដឹងថា ការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាក្នុងឆ្នាំ ២០១៩ នេះត្រូវបានព្យាករថានឹងមានតម្លៃសរុបប្រមាណ ២ ២១៥ លានដុល្លារកើនឡើង ៣៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ MSP បានព្យាករថា អត្រានេះនឹងកើនឡើងដល់ ៣ ៤៦៩ លានដុល្លារនៅឆ្នាំ ២០២០។
ទោះបីជានិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានការវិវឌ្ឍទៅមុខយ៉ាងលឿនក៏ដោយក៏អត្រានៃអ្នកប្រើប្រាស់នៅមានកម្រិតទាបនៅឡើយបើធៀបនឹងការទូទាត់តាមរយៈភ្នាក់ងារដែលមានរហូតដល់ជាង ៩០ ភាគរយ។
ថ្លែងក្នុងទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Cambodia Fintech Day) កាលពីថ្ងៃពុធម្សិលមិញលោក គាម បូរ៉ា តំណាងមកពីក្រុមហ៊ុន Mekong Strategic Partners បានឲ្យដឹងថា ការប្រើប្រាស់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាបានបង្ហាញពីការរីកចម្រើនយ៉ាងរហ័ស ប៉ុន្តែអត្រាអ្នកប្រើប្រាស់នៅទាបនៅឡើយ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នការទូទាត់តាមរយៈភ្នាក់ងារ (Wing TrueMoney) មានសកម្មភាពខ្លាំងនៅកម្ពុជា ប៉ុន្តែការប្រើប្រាស់តាមរយៈមធ្យោបាយប្រព័ន្ធអេឡិចត្រូនិកតាមរយៈ Mobile App មានអត្រាមិនដល់ ១០ ភាគរយនោះទេ»។
តាមលោក គាម បូរ៉ា ចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា និងការផ្សព្វផ្សាយក្នុងចំណោមសាធារណជននៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុមានភាគច្រើនតែនៅភ្នំពេញប៉ុណ្ណោះ។ លោកថ្លែងថា៖ «ទោះបីយ៉ាងណាខ្ញុំគិតថា ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជានឹងមានកំណើនខ្ពស់នៅពេលអនាគត»។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាអ្នកស្រី នាវ ច័ន្ទថាណា ដែលបានចូលរួមក្នុងទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃម្សិលមិញបាននិយាយថា បច្ចេកវិទ្យាហិរញ្ញវត្ថុបានរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជាបានយ៉ាងច្រើន ខណៈវាជួយធ្វើឲ្យការទូទាត់មានភាពឆាប់រហ័ស និងចំណាយតិច។
អ្នកស្រីថ្លែងថា៖ «បច្ចេកវិទ្យាហិរញ្ញវត្ថុមានតួនាទីយ៉ាងសំខាន់ ព្រោះវាជានវានុវត្តន៍ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាពក្នុងប្រព័ន្ធទូទាត់នៅកម្ពុជា»។
បើតាមអ្នកស្រី ច័ន្ទថាណា ធនាគារ ADB បានចូលរួមចំណែកយ៉ាងច្រើនដល់ធនាគារជាតិនៅក្នុងការជំរុញការប្រើប្រាស់ Fintech នៅកម្ពុជា។
អ្នកស្រី អំ គីមតុល នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតតាមបណ្តាញទូរស័ព្ទ BIMA បាននិយាយថា បច្ចេកវិទ្យាហិរញ្ញវត្ថុបានចូលរួមចំណែកយ៉ាងច្រើនក្នុងការដំណើរការរបស់ក្រុមហ៊ុនរបស់អ្នកស្រី ព្រោះគ្រប់ប្រតិបត្តិការផ្ទេរប្រាក់រវាងអតិថិជនជាមួយក្រុមហ៊ុនគឺធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ១០០ ភាគរយ។
អ្នកស្រីថ្លែងថា៖ «BIMA ជាមួយនឹងវត្តមានរយៈពេល ៥ ឆ្នាំនៅកម្ពុជា បច្ចុប្បន្នក្រុមហ៊ុន BIMA មានអតិថិជនចំនួនប្រហែល ៥០ ម៉ឺននាក់កំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន។
បើតាមអ្នកស្រី គីមតុល BIMA បានបង្កើតបណ្តាញទូទាត់ជាមួយភ្នាក់ងារជាច្រើននៅកម្ពុជាដូចជា Pipay ទ្រូម៉ាន់នី តារាផេ និង វីង ជាដើម៕ LA