
លោក ថង លិនថោង ប្រធានក្រុមហ៊ុន A-SmileArt Architecture & Construction ក្នុងពេលផ្តល់បទសម្ភាស។ ហ៊ឹន ពីសី
ភ្នំពេញៈ ទន្ទឹមគ្នានឹងការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា កំណើននៃការប្រើប្រាស់សេវាកម្មរបស់អ្នកជំនាញស្ថាបត្យកម្មក៏បានកើនឡើងគួរឲ្យចាប់អាម្មណ៍ផងដែរនាពេលបច្ចុប្បន្ននេះ។
ជាមួយនឹងបទពិសោធការងារជាង ១ ទសវត្សរ៍ លោក ថង លិនថោង ប្រធានក្រុមហ៊ុន A-SmileArt Architecture & Construction ដែលជាក្រុមហ៊ុនសិក្សាប្លង់ស្ថាបត្យកម្ម និងសាងសង់ កាលពីសប្តាហ៍មុនបានជួបជាមួយអ្នកយកព័ត៌មាននៃកាសែតភ្នំពេញ ប៉ុស្តិ៍ ដើម្បីពិភាក្សាអំពីដំណើរវិវឌ្ឍន៍របស់វិស័យស្ថាបត្យកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។
១. តើបច្ចុប្បន្នជំនាញស្ថាបត្យកម្មនៅកម្ពុជា មានទីផ្សារបែបណាដែរ?
ជំនាញស្ថាបត្យកម្មនៅពេលនេះអាចនិយាយថា មានទីផ្សារធំទូលាយបើធៀបទៅនឹងរយៈពេលប្រមាណ ១០ ឆ្នាំមុន ដោយនៅពេលនោះប្រជាជនខ្មែរមានទម្លាប់ធ្វើការរចនាប្លង់ផ្ទះ ឬរចនាអ្វីមួយដោយខ្លួនឯង។ ពេលនោះការរចនាផ្ទះ ឬអ្វីមួយភាគច្រើន គឺមានរចនាប័ទ្មប្រហាក់ប្រហែលគ្នា ខុសពីពេលនេះដែលមានភាពចម្រុះជាច្រើន ព្រោះពេលម្ចាស់ផ្ទះ ឬម្ចាស់សំណង់ណាមួយ នៅពេលគាត់ពេញចិត្តម៉ូដណាមួយហើយ គឺគាត់ប្រាប់ជាងឲ្យចម្លងទាំងដុលតែម្តង បើទោះបីជាទីតាំង និងស្ថានភាពដីរបស់គម្រោងទាំង ២ មិនដូចគ្នាក៏ដោយ។
ខ្ញុំអាចនិយាយថា បច្ចុប្បន្ននេះផ្នត់គំនិតក្នុងការរចនាដោយខ្លួនឯងនេះបានផ្លាស់ប្តូរយ៉ាងច្រើន ដោយសូម្បីតែការសាងសង់ផ្ទះ ឬហាងតូចៗ ក៏គេមករកស្ថាបត្យករឲ្យជួយរចនាប្លង់ដែរ។
ខ្ញុំហ៊ាននិយាយថា ប្លង់ដែលរចនាឡើងដោយអ្នកជំនាញ នឹងធ្វើឲ្យការប្រើប្រាស់លម្ហនៅក្នុងអគារ/ផ្ទះ មានប្រសិទ្ធភាពខ្ពស់ និងជួយកាត់បន្ថយថវិកាសម្រាប់ការចំណាយលើការសាងសង់ផងដែរ។
២. ទន្ទឹមនឹងការរីកចម្រើន តើទីផ្សារនេះមានជួបនឹងបញ្ហាប្រឈមអ្វីខ្លះ?
បញ្ហាប្រឈមមានច្រើន តែបញ្ហាសំខាន់ ២ ដែលកំពុងកើតមាននៅកម្ពុជានាពេលនេះ គឺសមត្ថភាពអ្នកជំនាញនៅមានកម្រិត និងការប្រកួតប្រជែងផ្នែកតម្លៃ។
ទាក់ទងនឹងធនធានមនុស្ស គឺក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះខ្ញុំសង្កេតឃើញថា ស្ថាបត្យករខ្មែរដែលទើបបញ្ចប់ការសិក្សាមួយចំនួនហាក់មិនសូវមានសមត្ថភាពលេចធ្លោក្នុងការបង្កើត និងរចនាប្លង់ថ្មីៗគួរឲ្យចាប់អារម្មណ៍ទេ ដែលចំណុចនេះទាមទារឲ្យពួកគេត្រូវខិតខំពង្រឹងសមត្ថភាពឲ្យបានកាន់តែប្រសើរបន្ថែមទៀត។
ចំណែកតម្លៃសម្រាប់ការរចនាគម្រោងមួយ គឺអាស្រ័យទៅលើទំហំទីតាំង និងរយៈពេល។ ពីមុនមានម្ចាស់ផ្ទះ ឬគម្រោងមួយចំនួនគិតថា ប្រសិនបើរកអ្នកជំនាញឲ្យមកជួយនឹងធ្វើឲ្យគាត់ត្រូវចំណាយប្រាក់ច្រើន តែតាមពិតទៅការប្រើសេវាកម្មពីក្រុមហ៊ុន ឬអ្នកដែលមានជំនាញច្បាស់លាស់ គឺអាចឲ្យពួកគាត់ទទួលផលចំណេញយ៉ាងច្រើន។ ប្លង់ដែលរចនាត្រឹមត្រូវ មិនត្រឹមតែធ្វើឲ្យមានពន្លឺ និងខ្យល់អាកាសចេញចូលមានគ្រប់គ្រាន់នោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យការបែងចែកកន្លែងសម្រាប់ប្រើប្រាស់មានភាពសមរម្យទៀតផង។
៣. ក្នុងការរចនាប្លង់គម្រោងមួយៗ តើគេត្រូវការពេលវេលាប៉ុន្មាន? និងតម្លៃមានប៉ុន្មាន?
ការរចនាប្លង់ គឺអាស្រ័យទៅលើទីតាំង ទំហំ និងការចង់បានរបស់ម្ចាស់គម្រោង ខណៈតម្លៃក៏ប្រែប្រួលទៅតាមនោះដែរ ដោយអាចមានតម្លៃចាប់ពីខ្ទង់រយដុល្លារ ឬអាចមានតម្លៃដល់រាប់លានដុល្លារក៏មាន។
៤. ក្នុងនាមជាស្ថាបត្យករខ្មែរ តើយើងគួរធ្វើអ្វីខ្លះ?
ក្នុងនាមជាអ្នកជំនាញ យើងត្រូវតែខិតខំចូលរួមថែរក្សា និងអភិរក្សរចនាប័ទ្មបែបខ្មែរដែលជាកេរមរតកមានតាំងពីដូនតាមកតាមរយៈការរចនាប្លង់ដែលមានការបញ្រ្ជាបចូលនូវរចនាប័ទ្មបែបខ្មែរ។ ការថែរក្សា និងអភិរក្សរចនាប័ទ្មបែបខ្មែរ គឺជារឿងចាំបាច់មួយដែលស្ថាបត្យករខ្មែរគួរធ្វើ តាមរយៈការដាក់បញ្ចូលទៅក្នុងផ្នែកណាមួយនៃអគារ ឬទៅក្នុងអគារទាំងមូលតែម្តង។ វាក៏ជាមោទនភាពរបស់ជាតិខ្មែរផងដែរ។
៥. តើលោកមានផែនការពង្រីកក្រុមហ៊ុនទៀតដែរឬទេ?
ជាមួយនឹងបុគ្គលិកជំនាញប្រមាណជិត ១០ នាក់ យើងគ្រោងនឹងពង្រីកក្រុមហ៊ុនឲ្យបានកាន់តែធំបន្ថែមទៀតនាពេលឆាប់ៗ ដើម្បីដណ្តើមយកចំណែកទីផ្សារកាន់តែធំ។ ការរីកចម្រើនរបស់វិស័យសំណង់នៅកម្ពុជា នឹងមានរយៈពេលយូរទៅមុខជាបន្តទៀត។
៦. តើលោកមានអ្វីនិយាយ ទៅកាន់អ្នកដែលមានបំណងចង់សិក្សាជំនាញស្ថាបត្យកម្ម?
ជានិច្ចកាល ខ្ញុំតែងនិយាយទៅកាន់អ្នកដែលមានបំណង ឬកំពុងសិក្សាជំនាញស្ថាបត្យកម្មថា ដើម្បីអាចទទួលបានជោគជ័យក្នុងការសិក្សា និងការងារ គឺត្រូវតែយកចិត្តទុកដាក់ទៅលើមុខវិជ្ជាធរណីមាត្រក្នុងលម្ហ និងមុខវិជ្ជាគំនូសព្រាងឲ្យបានច្បាស់លាស់។ មុខវិជ្ជាទាំង ២ នេះអាចជួយឲ្យអ្នកសិក្សាជំនាញស្ថាបត្យកម្មស្រមើស្រមៃឃើញរូបភាព ហើយតាមរយៈនេះគេអាចបញ្ចេញនូវគំនិតថ្មីៗ និងប្លែកៗចៀសវាងពីការចាំតែចម្លងប្លង់រចនាពីអ្នកដទៃ។
មួយវិញទៀតសម្រាប់អ្នកដែលទើបចេញមកប្រឡូកក្នុងវិស័យស្ថាបត្យកម្មនេះ ក៏សូមយកជំនាញដែលបានសិក្សាមកបញ្ចេញឲ្យអស់ពីសមត្ថភាព ព្រមទាំងផ្តល់នូវគំនិតដែលត្រឹមត្រូវទៅកាន់អតិថិជន ដើម្បីធ្វើឲ្យគម្រោងរបស់ពួកគាត់មានភាពស្រស់បំព្រង និងផាសុកភាព។
លើសពីនេះទៅទៀត ស្ថាបត្យករក៏គួរចៀសវាងការសម្របតាមគំនិតអតិថិជនជ្រុលពេកផងដែរ ព្រោះយើងជាអ្នកជំនាញពិតជាអាចដឹង និងមើលឃើញមុន បើគំនិតរបស់អតិថិជនប្រាស់ចាកពីបទដ្ឋានដែលអាចធ្វើឲ្យអតិថិជនវាយតម្លៃមកលើកម្រិតយល់ដឹងរបស់ស្ថាបត្យករខ្មែរទាំងមូល៕ LA