ភ្នំពេញៈ ការផ្តល់ហិរញ្ញប្បទានរបស់វិស័យធនាគារនៅកម្ពុជាដោយផ្តោតទៅលើកិច្ចគាំពារផ្នែកបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា អាចនឹងត្រូវបានពង្រឹងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ២ ដោយស្ថាប័នពាក់ព័ន្ធមួយចំនួនកាលពីល្ងាចថ្ងៃពុធ។
អនុស្សរណៈនៃការយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការលើហិរញ្ញវត្ថុប្រកបដោយចីរភាព» ចំនួន ២ ត្រូវបានសមាគមធនាគារនៅកម្ពុជា (ABC) ចុះហត្ថលេខាជាមួយស្ថាប័នធំៗចំនួន ៣ ដោយអនុស្សរណៈមួយក្នុងចំណោមនោះ ត្រូវបានចុះហត្ថលេខាដោយសមាគមធនាគារនៅកម្ពុជា ជាមួយក្រសួងបរិស្ថាន និងធនាគារជាតិនៃកម្ពុជា ហើយអនុស្សរណៈមួយទៀតត្រូវបានចុះហត្ថលេខាដោយសមាគមធនាគារនៅកម្ពុជា និង USAID។
គោលបំណងរួមរបស់ MoU ទាំង ២ នេះគឺដើម្បីពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងវិស័យធនាគារ សំដៅជួយគាំទ្រដល់កិច្ចគាំពារផ្នែកបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា ដែលមានធនាគារជាសមាជិកជាង ៦០ បាននិយាយថា ការចុះ MoU ជាមួយស្ថាប័នធំៗនេះ គឺបញ្ជាក់ពីការចូលរួមរបស់វិស័យធនាគារកម្ពុជា ចំពោះការថែរក្សាបរិស្ថានលើភពផែនដីប្រកបដោយចីរភាព។ លោកបន្តថា វិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្តសេដ្ឋកិច្ច តាមរយៈការផ្តល់ប្រាក់កម្ចីទៅវិនិយោគិន ឬសាធារណជន។
លោកថ្លែងថា៖ «បើធនាគារយកចិត្តទុកដាក់ចំពោះការផ្តល់កម្ចីទៅអតិថិជនដែលចូលរួមថែរក្សាបរិស្ថាននោះ វានឹងក្លាយជាចំណែកមួយដ៏សំខាន់សម្រាប់ការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយចីរភាព»។
លោកបន្តថា ដើម្បីឲ្យការវិនិយោគមួយអាចដំណើរការល្អទៅបាន ការផ្តល់ប្រាក់កម្ចីរបស់ធនាគារ គួរគិតទៅលើចំណុចសំខាន់ៗរួមមាន មនុស្ស ប្រាក់ចំណេញ និងភពផែនដី។ លោកបន្ថែមថា បើធនាគារនានាអនុវត្តបាននូវការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ធនាគារទាំងនោះ ក៏អាចមានឱកាសទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនផងដែរ ពេលទៅខ្ចីប្រាក់ពីធនាគារធំៗនៅបរទេស។
មុនពេលចុះអនុស្សរណៈនេះ មិនទាន់មានគោលការណ៍រួមជាក់លាក់ណាមួយត្រូវបានដាក់ចេញនោះទេ ទាក់ទងនឹងការផ្តល់កម្ចីរបស់ធនាគារក្នុងស្រុកដល់គម្រោងវិនិយោគណាដែលអាចបង្កផលប៉ះពាល់ ឬជួយដល់បរិស្ថាន ឬធនធានធម្មជាតិ។
លោកស្រី ឡាយ រចនា អគ្គនាយិការងរបស់ធនាគារ FTB បានឲ្យដឹងថា បច្ចុប្បន្ននេះការផ្តល់ឥណទានរបស់ធនាគារត្រូវបានធ្វើឡើងតាមគោលការណ៍រៀងខ្លួនរបស់ធនាគារ ប៉ុន្តែលោកស្រីរំពឹងថា នៅពេលមាន MoU នេះសង្ឃឹមថា អ្វីៗនឹងអាចធ្វើក្រោមគោលការណ៍រួមតែមួយ។
លោកស្រីបន្តថា តាមរយៈការចុះអនុស្សរណៈនេះសមាគមធនាគារនៅកម្ពុជា នឹងទទួលបាននូវកិច្ចសហការទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីយកមកធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយពីការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយចីរភាព។
លោកស្រីលើកឡើងថា ជាក់ស្តែងក្រសួងបរិស្ថាន នឹងជួយ ABC ទៅលើផ្នែកព័ត៌មានទាក់ទងនឹងច្បាប់បរិស្ថាន ការប្រែប្រួលអាកាសធាតុជាដើម។ នៅពេលមានព័ត៌មាននេះ មុនការផ្តល់ឥណទានដល់អតិថិជន ធនាគារដែលជាសមាជិករបស់សមាគមនឹងយកមកពិនិត្យ និងអនុវត្តតាម។
លោកស្រីថ្លែងថា៖ «បើមិនមាន MoU ស្ថាប័នទាំងអស់អាចមានការពិបាកក្នុងការជួយដល់សមាគមជាលក្ខណៈផ្លូវការ»។
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងថា ការចូលរួមជាមួយសមាគមធនាគារនៅកម្ពុជា គឺជាឧទាហរណ៍គំរូមួយបង្ហាញពីកិច្ចសហប្រតិបតិ្តការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណក្នុងការការពារភពផែនដី។
អង្គការ USAID បានគាំទ្រដល់សមាគមធនាគារលើគំនិតផ្តួចផ្តើមហិរញ្ញវត្ថុប្រកបដោយចីរភាពនេះចាប់តាំងពីឆ្នាំ ២០១៥ មក៕ LA