ភ្នំពេញៈ តម្លៃ​មូលបត្រ​បំណុល​សាជីវកម្ម​របស់​ធនាគារ PPCBank ជួញដូរ​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​កាលពី​ថ្ងៃ​អង្គារ​បាន​កើនឡើង ១០៥ ៣០៩ រៀល​ ធៀប​នឹង​តម្លៃ​ដំបូង ១០០ ០០០ ​រៀល ដែលជា​ការកើនឡើង​ជា​ប្រវត្តិសាស្ដ្រ​នៃ​ទីផ្សារ​មូលបត្រ​បំណុល​របស់​កម្ពុជា បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​កាលពី​ពេល​ថ្មីៗ​នេះ​។

បើ​យោងតាម​ទិន្នន័យ​បាន​ពី CSX សន្ទស្សន៍​មូលបត្រ​បំណុល FX-index របស់ PPCBank ត្រូវបាន​ជួញដូរ​នៅក្នុង​ទីផ្សារ​បន្ទាប់​ក្នុង​អត្រា​ទិន្នផល​ចំនួន ៤,៥ ​ភាគរយ ​ដែល​ទាប​ខ្លាំង​ជាង​អត្រា​ទិន្នផល​ចំនួន ៦,៥ ​ភាគរយ ​នៅពេល​មូលបត្រ​បំណុល​បាន​បោះផ្សាយ​ដំបូង ដែល​មានន័យថា តម្លៃ​មូលបត្រ​បំណុល​របស់ PPCbank បាន​កើន​ដល់ ១០៥ ៣០៩ រៀល ​ធៀប​ទៅនឹង​តម្លៃ​ការចេញ​ដំបូង ១០០ ០០០ ​រៀល​។

សន្ទស្សន៍​មូលបត្រ​បំណុល FX-index គឺជា​មូលបត្រ​បំណុល​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ និង​ការទូទាត់​ប្រាក់​ដើម​ជាប់ទាក់ទង​នឹង​អត្រា​ប្តូរប្រាក់​។ ជារួម​មូលបត្រ​បំណុល​នេះ​នឹង​ត្រូវ​បាន​ការពារ​ដោយ​ហានិភ័យ​អត្រា​ប្តូរប្រាក់​ជា​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ ខណៈ​ដែល​អត្រា​ទិន្នផល​មានន័យថា ជា​អត្រា​ប្រាក់ចំណេញ​សរុប​របស់​មូលបត្រ​បំណុល ប្រសិន​បើ​វា​ត្រូវបាន​គេ​រក្សាទុក​រហូត​ដល់​ពេលវេលា​កំណត់​។

លោក Jong Weon Ha អនុប្រធាន CSX បានឱ្យដឹងថា លទ្ធផល​របស់ PPCBank បង្កើត​សមិទ្ធផល​ដ៏ល្អ​មួយ​នៃ​ទីផ្សារ​មូលបត្រ​បំណុល​សាជីវកម្ម​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​នេះ​ជាការ​រីកចម្រើន​ដ៏ខ្លាំង​សម្រាប់​ទីផ្សារ​មូលបត្រ​បំណុល​សាជីវកម្ម​ដែល​ទើប​ដាក់​ដំណើរការ​នៅពេល​ថ្មីៗ​នេះ​។ តាមពិត ទីផ្សារ​មូលបត្រ​បំណុល​មិន​ត្រូវគេ​សន្មត​ថា ជា​ការប្តូរ​ជា​ប្រាក់​ដូច​ភាគហ៊ុន​ទេ ដោយសារ​តែ​ក្រុម​វិនិយោគិន​របស់ខ្លួន​ភាគច្រើន​គឺជា​វិនិយោគិន​ជា​ស្ថាប័ន​ដែល​ចង់​ទិញ និង​រក្សាទុក​សម្រាប់​ប្រាក់ចំណូល​ថេរ ប៉ុន្តែ​ទីផ្សារ​នេះ​ពិតជា​ធំ​ណាស់​»​។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន Yuanta Securities បានឱ្យ​ដឹងថា ការធ្លាក់ចុះ​ទិន្នផល ២,០០ ​ភាគរយ ​កំពុង​ឆ្លុះបញ្ចាំង​ពី​កម្រិត​ដ៏សំខាន់​នៃ​ការធ្លាក់ចុះ​ផ្នែក​អត្រា​ការប្រាក់​ទីផ្សារ​ជារួម​ជា​ផលវិបាក​មួយ​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​ថ្លែងថា​៖ «​ចំណុច​សំខាន់​ ២ បាន​ពី​ប្រតិបត្តិ​ការមូលបត្រ​បំណុល​កាលពី​ថ្ងៃ​អង្គារ​គឺជា​តម្លៃ​មួយ​ដ៏គួរ​ឱ្យ​កត់សម្គាល់​។ ទី​ ១ វា​បង្ហាញ​ព្រឹត្តិការណ៍​ដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ​ទីផ្សារ​មូលបត្រ​កម្ពុជា ដែល​ប្រតិបត្តិ​ការមូលបត្រ​បម្រើ​ជា​សូចនាករ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន (​ធម្មតា​ករណី​នៅក្នុង​ទីផ្សារ​រីកចម្រើន​ខ្លាំង​) ខណៈ​ដែល​យើង​នៅតែ​ប្រុងប្រយ័ត្ន​ចំពោះ​ការធ្វើ​សេចក្ដីសន្និដ្ឋាន​រហ័ស ដោយសារ​ការពិត​ដែលថា ទំហំ​ប្រតិបត្តិការ​នេះ​មាន​សារៈសំខាន់​បើ​ធៀប​នឹង​សកម្មភាព​ការផ្ដល់​កម្ចី​របស់​ធនាគារ និង​ថា វា​មិនមែន​ជា​អថេរ​ដែល​កំណត់​តម្លៃ​ទីផ្សារ​នោះទេ​»​។

លោក​បន្ថែមថា​៖ «​ទោះ​យ៉ាងណា​ច្បាស់​ណាស់​វា​ជា​វិធានការ​ដ៏សំខាន់ និង​មាន​ប្រយោជន៍​ដែល​ចង្អុលបង្ហាញ​ពី​ស្ថានការណ៍​សេដ្ឋកិច្ច​នៅក្នុងពេល​បច្ចុប្បន្ន​។ ទី​ ២ ប្រតិបត្តិការ​នេះ​ពន្យល់​ពី​សារៈសំខាន់​របស់​ទីផ្សារ​មូលធន​ថា ជា​កន្លែង​លើក​កម្ពស់​ប្រសិទ្ធភាព​លំហូរ​មូលធន​ដែល​អ្នកលក់​ត្រូវការ​សន្ទនីយភាព​ជួប​អ្នកទិញ​ដែលមាន​ទ្រព្យសកម្ម ហើយ​អាច​វិនិយោគ​លើសពី​តម្រូវការ​»​។

PPCBank បានចេញ​មូលបត្រ​បំណុល​ជា​ផ្លូវការ​នៅ CSX កាលពី​ចុងខែ​មេសា ប្រមូល​មូលនិធិ​បាន​ ១០ ​លាន​ដុល្លារ​។ កាលពី​ដើម​ខែតុលា ធនាគារ​ប្រមូល​មូលនិធិ​បាន​ ១០ ​លានដុល្លារ​ជុំ​ទី​ ២ ពី​ទីផ្សារ​៕LA