ភ្នំពេញៈ ការផលិត​ស្រា​ពី​ផ្លែស្វាយ​កែវ​រមៀត​របស់​សហគមន៍​កសិកម្ម​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​រំពឹង​នឹង​ទទួលបាន​លទ្ធផល​ល្អ​ដើម្បី​ឈាន​ទៅ​ផលិត​សម្រាប់​ដាក់លក់​លើ​ទីផ្សារ​ក្នុងស្រុក ខណៈ​លទ្ធផល​នៃ​ការសាកល្បង​នឹងត្រូវ​បង្ហាញ​នៅ​ដើម​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ​។

ស្រា​ផលិត​ពី​ផ្លែ​ស្វាយកែវ​រមៀត​នេះ​បានចាប់ផ្តើម​ផលិត​សាកល្បង​លើកដំបូង​កាលពី​ថ្ងៃទី​ ៩ ខែមីនា នៅក្នុង​សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ ខេត្ត​ត្បូងឃ្មុំ​។ សហគមន៍​នេះ​មានគ្រួសារ​អ្នក​ដាំ​ស្វាយ​ចំនួន ៧០ ​គ្រួសារ ដោយ​មាន​ផ្ទៃដី​ដាំ​ស្វាយកែវរមៀត​ប្រមាណ ១២៧ ​ហិកតា​ ស្មើនឹង​ប្រមាណ ៣​ ម៉ឺន​ដើម​ ដែល​អាច​ផ្តល់​ទិន្នផល​ជា​មធ្យម​ក្នុង​រង្វង់ ៣០ ​តោន​ ក្នុង​ ១ ​ឆ្នាំ​។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៥ ខែមីនា​ថា នេះ​គឺជា​គំនិត​ផ្តួចផ្តើម​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ក៏​ដូចជា​មន្ទីរ​កសិកម្ម​ខេត្ត​ក្នុង​ការរិះរក​វិធីសាស្ត្រ​ដើម្បី​ជួយ​លើកតម្កើង​តម្លៃ​បន្ថែមទៀត​សម្រាប់​ផលិតផល​កសិកម្ម​ដែលមាន​ក្នុង​ស្រុក ក៏ដូចជា​ប្រាក់ចំណូល​ដល់​ប្រជាកសិករ​ដែល​កំពុង​ដាំដុះ​ស្វាយ ការបង្កើត​ការងារ​ថ្មីៗ និង​ការប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ឱ្យ​អស់​លទ្ធភាព​។

លោក​បន្តថា ការផលិត​ស្រា​ពី​ផ្លែ​ស្វាយកែវរមៀត​នេះ​នឹងត្រូវ​ប្រើប្រាស់​ពេល ១៤ ​ថ្ងៃ ប៉ុន្តែ​បន្ទាប់ពី​ចាប់ផ្តើម​ផលិត​សាកល្បង​កាលពី​ថ្ងៃទី​ ៩ ខែមីនា រហូត​មក​ដល់​ពេលនេះ​លទ្ធផល​ដែល​ទទួលបាន​គឺ​មាន​ភាពវិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់​។

លោក​បាន​ថ្លែងថា​៖ «​បើ​ទទួលបាន​លទ្ធផល​ល្អ ទាំង​គុណភាព និង​រសជាតិ ខ្ញុំ​នឹង​ខិតខំ​ជំរុញ​ការផលិត​ស្រា​ពី​ផ្លែ​ស្វាយកែវ​រមៀត​នេះ​ឱ្យបាន​ច្រើន ព្រោះនេះ​គឺជា​ការបង្កើត​នូវ​តម្លៃបន្ថែម​ ១ ​ទៀត​សម្រាប់​ប្រជាកសិករ​ដាំដុះ​ស្វាយ​ដែល​ពីមុន​ពឹងផ្អែក​តែ​ទៅលើ​ការនាំចេញ​ផ្លែស្វាយ​ស្រស់ និង​ការកែច្នៃ​បន្តិចបន្តួច​»​។ លោក​បន្ថែមថា បើ​មាន​ការគាំទ្រ​ច្រើន​លោក​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ការផលិត​លក់​សម្រាប់​ទីផ្សារ​ក្នុង​ប្រទេស​ផងដែរ​។

ទោះបី​យ៉ាងណា​លោក​បញ្ជាក់ថា នេះ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ដោយ​លោក និង​សហគមន៍​នៅ​មិនទាន់​បាន​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​ធ្វើ​ផែនការ​អាជីវកម្ម​កែច្នៃ​ស្រា​ស្វាយ​នេះ​ឱ្យ​មាន​លក្ខណៈ​ពាណិជ្ជកម្ម ព្រមទាំង​សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​កែច្នៃ​ស្វាយ​ឱ្យមាន​លក្ខណៈ​ស្តង់ដា​ (​ការវេចខ្ចប់​) ​នៅឡើយ​ទេ​។

លោក អុំ សុភា ប្រធាន​សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ ខេត្ត​ត្បូងឃ្មុំ​បាន​និយាយ​ថា នៅពេល​រដូវ​ប្រមូលផល​ម្តងៗ​ផ្លែស្វាយ​តែមាន​បរិមាណ​ច្រើន ដែល​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​ខ្លាំង ហេតុនេះ​ទើប​លោក និង​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម ពិភាក្សាគ្នា​ដើម្បី​រៀបចំ​ឱ្យមាន​អ្នកជំនាញ​មកជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ក្នុង​ការកែច្នៃ​ផ្លែស្វាយ​ទៅជា​ស្រា​។

ការផលិត​ស្រា​ពី​ផ្លែស្វាយ​កំពុង​ទទួល​ការចាប់អារម្មណ៍​ច្រើន​ពី​ប្រជាកសិករ​នៅក្នុង​សហគមន៍​កសិកម្ម​សាមគ្គី​តំបែរ​។ លោក​បន្តថា ការផលិត​សាកល្បង​លើកដំបូង​ត្រូវបាន​ផលិតឡើង​ចំនួន​ ១១ ធុង​ (​ចំណុះ ២០​ លីត្រ​) ក្នុង​ ១ ​ធុង​មាន​ផ្លែ​ស្វាយកែវ​រមៀត​ចំនួន ៧,៥ ​គីឡូក្រាម​។

លោក​និយាយថា​៖ «​ការផលិត​ស្រា​ពី​ស្វាយ​រយៈពេល ១ ​អាទិត្យ​មកនេះ​មាន​លទ្ធផល​ល្អ​ច្រើន​។ យើង​រំពឹងថា នៅ​អាទិត្យ​ក្រោយ​ (១៤ ​ថ្ងៃ​ បន្ទាប់ពី​ចាប់ផ្តើម​ផលិត​) ​ស្រា​ដែល​យើង​ផលិត​នឹងមាន​គុណភាព​ល្អ​»​។ លោក​បន្ថែមថា​៖ «​គោលបំណង​របស់​សហគមន៍​គឺ​មិន​ត្រឹមតែ​ផលិត​ស្រា​ប៉ុណ្ណោះ​ទេ ដោយ​យើង​ក៏មាន​បំណង​ផលិត​ជា​តំណាប់ ទឹក​ផ្លែស្វាយ និង​ចាហួយ​ពី​ផ្លែស្វាយ​ផងដែរ​»​។

យោងតាម​លោក ពិសិដ្ឋ បច្ចុប្បន្ន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មាន​ផ្ទៃដី​ដាំដុះ​ស្វាយ​ប្រមាណ ២ ០០០ ​ហិកតា​ ដោយ​ក្នុង​ ១ ​ហិកតា​ ផ្តល់​ផល​ប្រមាណ​ ៣០ ​តោន​ ក្នុង​ ១ ​ឆ្នាំ​។ ផ្លែស្វាយ​ពេលនេះ​មានតម្លៃ​ប្រមាណ ២០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​ (​ប្រហែល​ឆ្នាំមុន​) ​ហើយ​ភាគច្រើន​ត្រូវ​នាំ​ចេញទៅ​វៀតណាម​។

យោងតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ៤៣ ៦៨០ តោន​ កាលពី​ឆ្នាំ​ ២០២០​។ ចិន ថៃ វៀតណាម រុស្ស៊ី បារាំង និង​កូរ៉េខាងត្បូង គឺជា​ទីផ្សារ​ធំ​សម្រាប់​ផ្លែស្វាយ​ពី​កម្ពុជា​៕ LA