ភ្នំពេញៈ កម្ពុជា​អាច​នឹង​ផ្គត់ផ្គង់​អំបិល​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​នៅក្នុង​ស្រុក​នា​ឆ្នាំ​ ២០២០ ​នេះ ខណៈ​ទិន្នផល​ដែល​ប្រមូល​បាន​មកដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ ៧០ ​ភាគរយ​នៃ​តម្រូវការ​ក្នុងស្រុក​សរុប​។ នេះ​បើតាម​សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត-កែប​ (SPCKK)​។

លោក ប៊ុន បារាំង បាន​ឲ្យ​ដឹងថា អាកាសធាតុ​អំណោយផល​បាន​ជំរុញ​ឲ្យ​ចង្វាក់​ផលិតកម្ម​អំបិល​ឆ្នាំនេះ​ទទួល​បាន​ទិន្នផល​ខ្ពស់ជាង​ឆ្នាំមុនៗ​។ លោក​បន្តថា បើ​តាម​ការប៉ាន់ស្មាន​គិត​ត្រឹម​ពាក់កណ្តាល​ខែ​មេសា​នេះ ការប្រមូល​ផល​អំបិល​ទទួល​បាន​ប្រមាណ ៧ ​ម៉ឺន​តោន​។

លោក​ថ្លែងថា​៖ «​ឆ្នាំនេះ​យើង​ផលិត​អំបិល​បាន​ច្រើនជាង​រាល់​ឆ្នាំ យើង​អាច​ផលិត​បាន​តាំងពី​ខែមករា​មក​ដោយសារ​រាំងភ្លៀង ហើយ​តួលេខ​ជាក់លាក់​យើង​នឹង​ធ្វើការ​បូកសរុប​នៅ​ខែ​មិថុនា ដោយសារ​ការប្រមូល​អំបិល​ពេលនេះ​មិនទាន់​បញ្ចប់​»​។

លោក​បន្ថែមថា អំបិល​ដាក់លក់​នៅ​កន្លែង​ប្រមូលផល​តាម​ស្រែអំបិល​មានតម្លៃ ១៥ ០០០ ​រៀល​ ក្នុង​ ១ ​ការុង ទម្ងន់ ៥០ ​គីឡូក្រាម តម្លៃ​នេះ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំមុន​ដែរ​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​បូកសរុប​របាយការណ៍​ទៅ​ឃើញ​ថា កង្វះ​អំបិល យើង​នឹង​ស្នើសុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល​ដើម្បី​នាំចូល តែ​យើង​សង្ឃឹម​ថា​ឆ្នាំនេះ​យើង​មិន​ខ្វះ​ទេ​»​។

ការផលិត​អំបិល​នៅ​កម្ពុជា​មាន​នៅ​ក្នុង​ខេត្តកំពត និង​កែប​។ ជា​មធ្យម​កម្ពុជា​មាន​តម្រូវការ​អំបិល​ចន្លោះ​ពី ៨-១០ ​ម៉ឺន​តោន ​ក្នុង​ ១ ​ឆ្នាំ​។ ឆ្នាំ​ ២០១៤, ២០១៥ និង​ឆ្នាំ​ ២០១៦ គឺជា​ពេលដែល​កម្ពុជា​ប្រមូលផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង​ ១ ​ឆ្នាំៗ​បាន​ផល​ជាង ១០ ​ម៉ឺន​តោន​។ នេះ​បើតាម SPCKK​។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​បង្ហាញ​ថា​កាលពី​ឆ្នាំ​ ២០១៩ ដោយសារ​ខ្វះ​អំបិល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​សហគមន៍​នាំចូល​អំបិល ៣០ ០០០ ​តោន​។ របាយការណ៍​នេះ​បង្ហាញថា ការផលិត​អំបិល​ក្នុង​ខេត្ត​ទាំង ២ ​ស្ថិត​លើ​ផ្ទៃដី​ប្រមាណ ៤ ៧៤៨​ ហិកតា ​ដោយ​ត្រូវការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ ៥ ០០០ នាក់​ កាលពី​ឆ្នាំ​មុន​៕ LA