The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការផ្គត់ផ្គង់​ថាមពល​ទំហំ​ ២០០ ​មេហ្គាវ៉ាត់​ ពី​ឡាវ​ចាប់ផ្តើម​ឆ្នាំក្រោយ

ការផ្គត់ផ្គង់​ថាមពល​ទំហំ​ ២០០ ​មេហ្គាវ៉ាត់​ ពី​ឡាវ​ចាប់ផ្តើម​ឆ្នាំក្រោយ

Content image - Phnom Penh Post
វារីអគ្គិសនីដនសាហុង ដែលត្រូវបានសាងសង់កាលពីឆ្នាំ ២០១៦។ Vientiane Times

ការផ្គត់ផ្គង់​ថាមពល​ទំហំ​ ២០០ ​មេហ្គាវ៉ាត់​ ពី​ឡាវ​ចាប់ផ្តើម​ឆ្នាំក្រោយ

ភ្នំពេញ: កម្ពុជា​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​ថាមពល​អគ្គិសនី​ទំហំ ២០០ មេហ្គាវ៉ាត់ ដែល​ទិញ​ពី​ឡាវ​នៅ​ដើម​ឆ្នាំ​ ២០២០ ដើម្បី​បំពេញ​កង្វះ​ថាមពល​​អគ្គិសនី ខណៈ​ការ​អូស​បណ្តាញ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

លោក​ វិចទ័រ ​ហ្សូនា អ្នក​នាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល បាន​ឲ្យ​ដឹងថា ការតភ្ជាប់​បណ្តាញ​អគ្គិសនី​របស់​កម្ពុជា​ពី​អនុស្ថានីយ​នៅ​ខេត្ត​ស្ទឹងត្រែង​ទៅ​ព្រំដែន​ឡាវ​ដែល​មាន​ប្រវែង​ជាង​ ៥០ ​គីឡូម៉ែត្រ​ សម្រេច​បាន​ជាង​ ៩០ ភាគរយ​ ហើយ​គិត​មក​ដល់​ពេល​នេះ ខណៈ​ការអូស​បណ្តាញ​អគ្គិសនី​ពី​ប្រទេស​ ឡាវ ​មក​ព្រំដែន​កម្ពុជា​ក៏​ជិត​រួចរាល់​ផង​ដែរ​។

លោក​ថ្លែងថា​៖ «​វា​ជិត​រួចរាល់​ហើយ យើង​នៅ​តែ​សម្អាត​ព្រៃ​តាម​ដងផ្លូវ បង្គោល​ភ្លើង ក្រុមការងារ​បាន​បំពាក់​ខ្សែភ្លើង និង​ឌីហ្សង់ទ័រ ចប់សព្វគ្រប់​អស់​ហើយ បើ​តាម​ផែនការ​ភាគី​ទាំង​ ២ ​ត្រូវ​បញ្ចប់​ការតភ្ជាប់​បណ្តាញ​នៅក្នុង​ខែធ្នូ​ខាងមុខនេះ​»​។

លោក​បាន​បន្តថា ការតភ្ជាប់​បណ្តាញ​អគ្គិសនី​នេះ​ដើម្បី​ទាញ​ថាមពល ២០០ មេហ្គាវ៉ាត់​ ពី​វារីអគ្គិសនី​ដនសាហុង​របស់​ឡាវ​ដែល​កម្ពុជា និង​ឡាវ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​កាលពី​អំឡុង​ខែ​មិថុនា​ឆ្នាំ​នេះ​។ លោក​បន្ថែម​ថា គម្រោង​នេះ​អាច​ប្រតិបត្តិការ​ឲ្យ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​យ៉ាងណា​ទាញ​ថាមពល​ពី​ប្រភព​ផ្សេងៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឆ្លើយតប​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ព្រម​ទាំង​តម្រូវការ​ប្រើប្រាស់​ពី​ផ្នែក​ឧស្សាហកម្ម និង​សិប្បកម្ម​យើង​»​។

កាលពី​ថ្ងៃទី​ ៧ ខែ​វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​នឹង​ប្រឈម​កង្វះ​អគ្គិសនី​ប្រើប្រាស់​ជាថ្មី​ម្តង​ទៀត​នា​រដូវប្រាំង​ខាង​មុខ​នេះ​ដោយសារ​ប្រភព​ថាមពល​បាន​ពី​វារីអគ្គិសនី​ត្រូវ​បាន​កាត់បន្ថយ​៕LA

អត្ថបទគួរចាប់អារម្មណ៍