ភ្នំពេញៈ បរិ​មាណ​ផ្គត់​ផ្គង់​​ថាម​ពល​ស្អាតនៅ​កម្ពុជា នឹង​មាន​ការ​​​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ខណៈដែល​​គម្រោង​​វិនិយោគ​លើ​ការ​ដំ​ឡើង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​​​​មាន​កាន់​តែ​ច្រើន​ ហើយ​វិនិយោគិន​ថ្មី​ៗ​មួ​យ​ចំនួន​កំពុង​ចាប់​​អារម្មណ៍​លើ​ដំណើរ​ការ​​ថាមពល​ថ្មី​​នេះ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល។

លោក វិចទ័រ ហ្សូនា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​បន្ទាប់​ពី​ក្រុមហ៊ុន Sunseap Group ដែល​ជា​​​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​​មាន​មូលដ្ឋាន​នៅ​​សិង្ហបុរី​ ប្រតិបត្តិ​ការ​កសិដ្ឋាន​សូឡា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​​នៅ​​​កម្ពុជា​​រួច​មក​ មាន​វិនិយោគិន​កាន់​តែ​ច្រើន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​​ក្នុង​ការ​ដាក់​ការ​វិនិយោគ​​នៅ​​ក្នុង​​អាជីវកម្ម​នេះ​។​

លោក​ថ្លែង​​ថា ​នៅ​ឆ្នាំ​មុន មន្ដ្រី​​ក្រសួង​​រ៉ែ​ និង​ថាមពល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​​ក្រុមហ៊ុន SchneiTec Grou​p ដើម្បី​សាងសង់​រោងចក្រ​ថាមពល​សូឡា​​ ​៦០ មេហ្គាវ៉ាត់ នៅ​​​ខេត្ត​កំពង់ស្ពឺ ហើយ​​រំពឹង​ថា​នឹង​​ដំណើរការ​​​ចុង​ឆ្នាំ​នេះ​។​​

លោក​បាន​បន្ថែម​ថា រោង​ចក្រ​ថាមពល​សូឡា​មួយ​ផ្សេង​ទៀត​​ក្នុង​​ខេត្ត​កំពង់​ឆ្នាំង​​រំពឹង​ថា នឹង​ចាប់​ផ្ដើម​ការ​សាងសង់​នៅ​ឆ្នាំ​នេះ​ ខណៈ​រោងចក្រ​នេះ​​​​ទទួល​បាន​​ជំនួយ​បច្ចេកទេស​​ពី​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​ហើយ​​​ធនាគារ​នេះ​​បាន​បញ្ចប់​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​រួច​ហើយ​ និង​ត្រៀម​បើក​ដំណើរការ​​​ដេញ​ថ្លៃ​។​

លោក​ថ្លែង​​ថា​៖ «​ធនាគារ ADB បាន​ធ្វើ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​​ហើយ ​បាន​ធ្វើ​រៀបចំ​ឯកសារ​រួច​ហើយ​សម្រាប់​ការ​ដេញ​ថ្លៃ និង​រៀបចំ​ផែនការ​​បើក​ដំណើរការ​ ដេញ​ថ្លៃ​ [នៅ​ខែ​កុម្ភៈ]។ គម្រោង​ដែល​លើក​ឡើង​ខាង​លើ​ទាំង ​៣ នេះ គឺ​ជា​គម្រោង​ពិត​ប្រាកដ និង​អាច​សម្រេច​បាន​»។​

លោក ហ្សូនា ​បាន​ឲ្យ​ដឹង​ថា ក្រុម​វិនិយោគិន​ជា​ច្រើន ​បាន​មក​ចរចា​ជា​មួយ​​មន្ដ្រី​អំពី​ការ​វិនិយោគ​ដែល​អាច​ធ្វើឡើង​ក្នុង​ការ​បង្កើត​​​កសិដ្ឋាន​សូឡា​នៅ​កម្ពុជា ប៉ុន្តែ​ការ​វិនិយោគ​ទាំង​នេះ​​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​បឋម​នៅ​ឡើយ​ ហើយ​​​មិន​ទាន់​មាន​ការ​យល់​ព្រម​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ក្រៅ​តែ​​ពី​គម្រោង​ទាំង ​៣ ដែល​លើក​ឡើង​ខាង​លើ​នេះ​។​

មាន​សេចក្តី​រាយការណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​ក្រុមហ៊ុន Gideon Group ដែល​ជា​ក្រុមហ៊ុន​​ហិរញ្ញវត្ថុ​ពិភព​លោក​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ផ្ដល់​មូលនិធិ​សម្រាប់​​​គម្រោង​ថាមពល​សូឡា​​​តម្លៃ​ ៤៨៨​ លាន​ដុល្លារ​នៅ​ទីក្រុង​​ភ្នំពេញ ប្រទេស ​កម្ពុជា​ គម្រោង​ថាមពល​សូឡា​ Kandal Solar Power ទំហំ ១៣៥ ​មេហ្គាវ៉ាត​​នេះ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​​​ក្រុមហ៊ុន​ Inner Renewable Energy (Cambodia) (IREC) ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​​។​

ប៉ុន្តែ​លោក ហ្សូនា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា មន្ដ្រី​របស់​ក្រសួង​រ៉ែ​និង​ថាមពល មិន​ដែល​សម្រេច​​បាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ជា​មួយ​ក្រុមហ៊ុន​នេះ​ទេ។ លោក​បាន​បន្ថែម​ថា ជា​ទូទៅ​​មុន​ពេល​​​​សម្រេច​​បាន​កិច្ច​ព្រមព្រៀង​​ក្នុង​ការ​វិនិយោគ​។

លោក​ថ្លែង​​ថា​៖ «​ខ្ញុំ​គិត​ថា​ ក្រុមហ៊ុន​នេះ​​មិន​ទាន់​រក​បាន​​​អ្នក​ទិញ​ណា​មួយ​នៅ​ឡើយ​ទេ​ និង​​មិន​មាន​ការ​​​សិក្សា​ជាក់​លាក់​​លើ​រោងចក្រ​នេះ​នៅ​ឡើយ​ដែរ​​»។ លោក​បន្ត​ថា៖ «​ជាទូ​ទៅ​ ដើម្បី​ឲ្យ​គម្រោង​​មួយ​ត្រូវ​បាន​វិនិយោគ​ ​ចាំបាច់​ត្រូវ​​មាន​​ការ​សិក្សា​ជាក់លាក់ និង​​ការ​សម្រេច​បាន​​កិច្ច​ព្រមព្រៀង​​ក្នុង​ការ​អនុវត្ត​គម្រោង ​កិច្ច​ព្រមព្រៀង​ទិញ និង​​លក់​ជា​មួយ​អគ្គិសនី​កម្ពុជា ឬ​អ្នកទិញ​ផ្សេង​ទៀត​​»៕ LA