ភ្នំពេញៈ ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ក្នុង​ឆមាស​ទី១ ​ឆ្នាំ ​២០១៩ បាន​កើន​ឡើង​ប្រមាណ​​ជាង ​១២ ​ភាគរយ ​បើ​ធៀប​នឹង​ដំណាច់​ឆ្នាំ ​២០១៨។ នេះ​បើ​តាម​របាយការណ៍​លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ​នៅ​ក្នុង​ឆមាស​​ទី​​១ ឆ្នាំ ​២០១៩ របស់​ក្រសួង​រ៉ែ និង​ថាមពល។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​​ថា ​ក្នុង​ឆមាស​ទី១ សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​​នៅ​កម្ពុជា​បាន​កើន​ឡើង​ចំនួន ៣១៥ ​មេហ្គាវ៉ាត់ ដែល​ស្មើ​នឹង​ ១២,៣៥ ​ភាគរយ ​បើ​ធៀប​ទៅ​នឹង​ដើម​​ឆ្នាំ ​២០១៩​។ ជាមួយ​នឹង​ការ​បន្ថែម​ថ្មី​នេះ​ បាន​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​សរុប​នាពេល​នេះ​ឡើង​ដល់​ ២ ៨៦៤ ​មេហ្គាវ៉ាត់។​

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ និង​ថាមពល ដែល​បាន​​​ចូលរួម​​នៅ​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​អនុវត្ត​ការងារ​​ឆមាស​ទី១ និង​តម្រង់​​ទិសដៅ​ការងារ​ឆមាស​ទី២ ឆ្នាំ ​២០១៩ កាល​ពី​ម្សិលមិញ បាន​និយាយ​ថា បើ​ទោះ​បី​ជា​ក្នុង​ឆមាស​ទី១ កន្លង​មក​អាជ្ញាធរ​បាន​ខិតខំ​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ផ្គត់ផ្គង់​អគ្គិសនី​កាល​ពី​រដូវ​ប្រាំង​កន្លង​មក​មិន​​បាន​គ្រប់គ្រាន់​នោះ​​ទេ​។

លោក​ថ្លែង​ថា៖ ​«​​បញ្ហា​កង្វះ​​ថាមពល​អគ្គិសនី​កាល​ពី​រដូវ​ប្រាំង​កន្លង​មក ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត និង​កំណើន​ជា​គំហុក​នៃ​តម្រូវ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី»​។​

បើ​តាម​លោក ស៊ុយ សែម ​ក្នុង​ឆមាស​ទី១ ​មាន​គម្រោង​​វិនិយោគ​លើ​ការ​បង្កើន​ប្រភព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ចំនួន ៨ ​គម្រោង ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិនិយោគ​។

លោក ទីនរិន្ទ រដ្ឋលេខាធិការ​​ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់​បាន​​និយាយ​​ថា កង្វះ​​ថាមពល​អគ្គិសនី​កាល​ពី​រដូវ​ប្រាំង​កន្លង​មក ​ដោយសារ​​កំណើន​ការ​ប្រើប្រាស់​​កើន​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក ដែល​មាន​ចំនួន​រហូត​ដល់​ ​៣២ ​ភាគរយ ខណៈ​កាល​ពី​ឆ្នាំ ​២០១៨ មាន​ប្រមាណ​​ត្រឹម ១៦ ​​ភាគរយ​។​

អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល លោក វិចទ័រ ហ្សូនា មិន​អាច​ទាក់ទង​បាន​ទេ​ កាល​ពី​ថ្ងៃ​ម្សិលមិញ​។​

អគ្គនាយក​​អគ្គិសនី​កម្ពុជា លោក កែវ​ រតនៈ កាល​ពី​ពេល​ថ្មីៗ​នេះ​​ បាន​និយាយ​​​ថា កម្ពុជា​នឹង​ពង្រីក​គម្រោង​វិនិយោគ​លើ​ថាមពល​​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ឲ្យ​បាន ​១២​ ភាគរយ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ​២០២០ ​និង​​កើន​ដល់​ ២០ ​​ភាគរយ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ ​បន្ទាប់​ទៀត​។ លោក​ប្រាប់​ទៀត​​ថា រដ្ឋាភិបាល​​កម្ពុជា​នឹង​ផ្តោត​អាទិភាព​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​កកើត​ឡើង​​វិញ​ ជាជាង​ការ​​សាងសង់​ថាមពល​វារី​អគ្គិសនី ហើយ​ថា​នឹង​មិន​មាន​ការ​សាងសង់​វារីអគ្គិសនី​បន្ថែម​នៅ​ទន្លេ​មេគង្គ​​ទៀត​ទេ​។

តាម​លោក​ កែវ ​រតនៈ​ នៅ​ឆ្នាំ ​២០២០ ​កម្ពុជា​នឹង​អាច​ផលិត​ថាមពល​អគ្គសនី​ពី​ពន្លឺ​ព្រះអាទិត្យ​បាន​ ៧០​ មេហ្គាវ៉ាត់ ក្នុង​នោះ​ ​១០​ មេហ្គាវ៉ាត់​​បាន​​​ពី​រោងចក្រ​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​នៅ​ខេត្ត​ស្វាយរៀង ​និង ​៦០​ មេហ្គាវ៉ាត់​ទៀត ​ពី​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ ​នៅ​ស្រុក​ឧដុង្គ ​ខេត្ត​កំពង់ស្ពឺ​៕ ​LA