ភ្នំពេញៈ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា ការផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ចិន​បាន​មកដល់​កម្ពុជា​ហើយ​​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​វិស័យនេះ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការរីករាលដាល​កូវីដ​ ១៩​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កប៉ាល់​ចំនួន​ ៧ ​ដែល​ដឹក​វត្ថុធាតុដើម​កាត់ដេរ​ពី​ប្រទេស​ចិន​បាន​មកដល់​កំពង់ផែ​សមុទ្រ​របស់​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​នៅក្នុងពេល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​។

សេចក្ដី​ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៥៥ ក្នុង​ខេត្តពោធិ៍សាត់​ភ្ជាប់​ទៅ​ព្រំដែន​ថ្មដា និង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​ ១០ ភ្ជាប់​ពី​សំឡូត​ទៅ​កោះកុង​កាលពី​ថ្ងៃ​ចន្ទ​។

លោក ហ៊ុន សែន បាន​ឲ្យ​ដឹងថា នាវា​ ៥ ​ក្នុង​ចំណោម​នាវា​ ៧ នឹង​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ ខណៈ​ ២ ​ទៀត​បាន​មក​ដល់​ហើយ​នៅ​កំពង់ផែ​សមុទ្រ​ទីក្រុង​ហូជីមិញ​របស់​ប្រទេស​វៀតណាម ដោយសារ​តែ​វា​ជិត​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ព័ត៌មាន​ដ៏ល្អ​សម្រាប់​កម្មករ​កាត់ដេរ​។ ចង្វាក់​ផលិត​នឹង​បន្ត កម្មករ​នឹង​បន្ត​ធ្វើការងារ​ដូច​ធម្មតា​។ បន្ទាប់ពី​រោងចក្រ​ជាច្រើន​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់ ហើយ​វា​នឹង​ត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ ដូច្នេះ​សូមកុំ​ភ័យខ្លាច​អី​»​។

លោក​ឲ្យ​ដឹងថា ប្រទេស​ចិន​នឹង​ដឹកជញ្ជូន​វត្ថុធាតុដើម​មក​ប្រទេស​កម្ពុជា ចាប់ពី​ខែមីនា​រហូត​ដល់​ខែ​ឧសភា ឆ្នាំនេះ​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​នាវា​ដឹក​កុងតឺន័រ​ ៧ ដឹក​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​ លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា នាវា​ដឹក​កុងតឺន័រ​គ្រោង​នឹង​មកដល់​នៅ​ថ្ងៃ​ចន្ទ​។

លោក​បាន​ថ្លែងថា​៖ «​ប្រទេស​ចិន​បាន​ចាប់ផ្ដើម​ផ្គត់ផ្គង់​វត្ថុធាតុដើម​កាត់ដេរ និង​ស្បែកជើង​ដល់​ប្រទេស​កម្ពុជា​។ ខ្ញុំ​មាន​សុទិដិ្ឋនិយម​ថា ចង្វាក់​ផ្គត់ផ្គង់​វត្ថុធាតុដើម​មកពី​ប្រទេស​ចិន​នឹង​កើនឡើង​នៅ​ពាក់កណ្ដាល​ខែមីនា​»​។

កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​រោងចក្រ​ ១០ បានដាក់​ឯកសារ​សុំ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ដោយសារ​តែ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​អស់​ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ ៣០០០ ​នាក់ ខណៈ​រោងចក្រ​ប្រហែល​ ២០០ ​ផ្សេង​ទៀត​នឹង​រៀបចំ​ឯកសារ​សុំ​ផ្អាក​ការងារ​នៅក្នុង​ខែ​នេះ បើ​មិនមាន​ការផ្គត់ផ្គង់​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា វិធានការ​នេះ​នឹង​ជួយ​រក្សា​ចង្វាក់​ផ្គត់ផ្គង់ និង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​វា​ជា​សញ្ញា​ដ៏ល្អ​មួយ ក្រុមហ៊ុន​ជាច្រើន​នឹង​រក្សា​ចង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ ហើយ​កម្មករ​នឹង​ត្រឡប់​ទៅធ្វើ​ការងារ​វិញ​។ ខ្ញុំ​គិតថា កង្វះ​វត្ថុធាតុដើម​នឹងត្រូវ​ស្ដារឡើងវិញ​ពេលអនាគត​»​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​សប្ដាហ៍​មុន​ថា ផលប៉ះពាល់​ជាសំខាន់​គឺ​ការអាក់ខាន​ចង្វាក់​ផ្គត់ផ្គង់​ដែល​ប្រហែល​ ៦០ ​ភាគរយ​នៃ​វត្ថុធាតុដើម​មកពី​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​ផលប៉ះពាល់​សំខាន់​ដែល​យើង​នឹង​មើលឃើញ​ពី​ខែមីនា និង​ខែមេសា បើ​ស្ថានការណ៍​នៅ​ចិន មិន​កែលម្អ​គឺថា​រោងចក្រ​ជាច្រើន​នៅ​ទីនេះ​នឹង​អស់​ក្រណាត់​។ ជា​លទ្ធផល ពួកគេ​នឹង​ត្រូវតែ​ផ្អាក​ប្រតិបត្តិការ​ជា​បណ្ដោះអាសន្ន​»​។

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ថ្លែងថា​៖ «​ការដឹកជញ្ជូន​ទំនិញ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​យុទ្ធសាស្ដ្រ​របស់​យើង​»​។

លោក​បន្តថា ការផ្គត់ផ្គង់ វត្ថុធាតុដើម​ចិន​ដើម្បី​បម្រើ​វិស័យ​កាត់ដេរ​កម្ពុជា ហាក់​ដូចជា​ស្ទុះ​ងើបឡើង​វិញ ដែល​ជា​សញ្ញា​ដ៏ល្អ​សម្រាប់​រោងចក្រ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ជាមួយ​គ្នា​នេះ​ទំនិញ​នាំចូល​សម្រាប់​ការប្រើប្រាស់​លក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​កំពុង​ស្ទុះ​ងើបឡើង​វិញ​ជាបណ្ដើរៗ​» ។ លោក​បន្តថា​៖ «​នេះ​ជាស​ញ្ញា​ដ៏ល្អ​មួយ​ដែល​យើង​នឹង​បន្ត​ត្រួតពិនិត្យ​»៕LA

វីដេអូ៖