ភ្នំពេញ: ពលករកម្ពុជាដែលធ្វើការនៅប្រទេស កូរ៉េខាងត្បូង បានផ្ញើប្រាក់មកផ្ទះ តាមរយៈធនាគារអេស៊ីលីដា មានជាង ២១ លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមរបាយការណ៍ពីធនាគារអេស៊ីលីដា។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្នុងឆមាសទី១ ឆ្នាំ ២០១៩ នេះពលករខ្មែរនៅប្រទេស កូរ៉េខាងត្បូង បានផ្ញើប្រាក់មកផ្ទះ ២១ ១២៥ ៩០៧ លានដុល្លារ ដែលស្មើនឹង ១០ ៨៨០ ប្រតិបត្តិការ។
លោកថ្លែងថា៖ «ខ្ញុំគិតថា នៅពាក់កណ្តាលឆមាសទី២ នឹងមានការផ្ញើប្រាក់មកស្រុកកំណើតច្រើន ដោយសារពេលនោះមានពិធីបុណ្យជាតិច្រើនដូចជាបុណ្យភ្ជំបិណ្ឌ និងបុណ្យអុំទូកជាដើម»។
លោកបន្ថែមថា ការផ្ញើប្រាក់ត្រឡប់មកផ្ទះរបស់ពលករកម្ពុជាពីប្រទេស កូរ៉េ ជាមធ្យម ២ ០០០ ដុល្លារក្នុង ១ ប្រតិបត្តិការដែលជាចំនួនមួយអាចជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោក ចាន់នី បន្ថែមថា៖ «ជាប្រាក់ចំណូលទី១ ជួយគ្រួសារគាត់សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ និងជួយបង្កើតអាជីវកម្មថ្មីរកប្រាក់ចំណូលបន្ថែមទៀត ហើយនៅពេលបើកអាជីវកម្មពួកគាត់ត្រូវបង់ពន្ធចូលរដ្ឋ»។
បើតាមលោក ចាន់នី កាលពីឆ្នាំ ២០១៨ ពលករខ្មែរនៅប្រទេស កូរ៉េ បានផ្ញើប្រាក់មកផ្ទះតាមរយៈធនាគារអេស៊ីលីដា ជាង ៥៣ លានដុល្លារ ស្មើនឹង ២៦ ២៤៧ ប្រតិបត្តិការ។
អ្នកស្រី ឆាយ ផល្លា អាយុ ៣៨ ឆ្នាំ ដែលស្វាមីអ្នកស្រីជាពលករធ្វើការនៅប្រទេស កូរ៉េ បានឲ្យដឹងថា ស្វាមីអ្នកស្រីធ្វើការនៅរោងចក្រឧស្សាហកម្មមួយផ្នែកប្រអប់ជណ្តើរយន្ត ដោយទទួលប្រាក់ខែប្រមាណ ២ ០០០ ដុល្លារ ក្នុង ១ ខែ។ អ្នកស្រីថ្លែងថា៖ «ជាមធ្យមប្តីខ្ញុំផ្ញើឲ្យ ៥០០ ដុល្លារក្នុង ១ ខែ សម្រាប់ចាយវាយលើការសិក្សាកូន ម្ហូបអាហារ និងទិញថ្នាំសង្កូវជាដើម»។
អ្នកស្រីបន្ថែមថា ចាប់តាំងពីស្វាមីអ្នកស្រីទៅបំពេញការងារនៅប្រទេស កូរ៉េ ចំនួន ៣ អាណត្តិមកនេះ បានធ្វើឲ្យជីវភាពគ្រួសារអ្នកស្រី ធូរធារជាងមុន។ «តាំងពីប្តីខ្ញុំទៅកូរ៉េជីវភាពគ្រួសារខ្ញុំគ្រាន់បើជាងមុន សង់បានផ្ទះក្បឿង ១ ខ្នង ទិញបានដី ២ ទៅ ៣ កន្លែង»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ក្រសួងមិនមានទិន្នន័យស្តីពីការផ្ញើប្រាក់មកផ្ទះរបស់ពលករនៅក្រៅប្រទេសក្នុងឆមាសទី១ ឆ្នាំ ២០១៩ នេះទេ។
បើយោងតាមទិន្នន័យធនាគារជាតិនៃកម្ពុជា (NBC) ប្រជាជនកម្ពុជាទៅធ្វើការនៅក្រៅប្រទេសបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញជាទឹកប្រាក់សរុបមានរហូតដល់ ១ ៤០០ លានដុល្លារ ក្នុងឆ្នាំ ២០១៨។
ចំនួនទឹកប្រាក់កាលពីឆ្នាំ ២០១៨ បានកើនឡើង ១១ ភាគរយ បើធៀបនឹងទឹកប្រាក់កាលពីឆ្នាំ ២០១៧។
យោងតាមរបាយការណ៍ស្ថិតិជញ្ជីងទូទាត់របស់ NBC ដែលបានកត់ត្រាការផ្ទេរប្រាក់របស់ប្រជាជនធ្វើការនៅក្រៅប្រទេសមកតាមគ្រឹះស្ថានហិរញ្ញវត្ថុបានបង្ហាញថា ក្នុងចំណោមទឹកប្រាក់ផ្ញើមកសរុប ពលរដ្ឋកម្ពុជាផ្ញើមកពីថៃមានចំណែករហូតដល់ ៦៨ ភាគរយ ស្របពេលពីកូរ៉េ មានចំនួន ២១,៥ ភាគរយ។ ទឹកប្រាក់ដែលពលករកម្ពុជាផ្ញើមកផ្ទះវិញពីប្រទេស ជប៉ុន មានចំណែក ៣,៣ ភាគរយ នៃបរិមាណសរុប ខណៈពីម៉ាឡេស៊ីមានចំណែក ២,៥ ភាគរយ។
តាមរបាយការណ៍លទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ ២០១៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករកម្ពុជាធ្វើការនៅក្រៅប្រទេសមានចំនួន ១ ២៣៥ ៩៩៣ នាក់ ក្នុងនោះថៃ ១ ១៤៦ ៦៨៥ នាក់ កូរ៉េ ៤៩ ០៩៩ នាក់ ម៉ាឡេស៊ី ៣០ ១១៣ នាក់ សិង្ហបុរី ៨៣១ នាក់ ហុងកុង ៥៤ នាក់ និងអារ៉ាប៊ីសាអ៊ូឌីត ១៦ នាក់៕ LA