ភ្នំពេញៈ មន្ត្រី​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​បាន​ឲ្យ​ដឹងថា ការផ្ទុះ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ពី​ប្រទេស​ចិន​បាន​ធ្វើ-​ឲ្យ​មាន​ផលប៉ះពាល់​លើ​ការជួញដូរ​ភាគហ៊ុន​នៅ​កម្ពុជា ខណៈ​ក្រុម​វិនិយោគិន​ជនជាតិ​ចិន​មាន​ជាង​ ១០ ​ភាគរយ​។

កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ប្រទេស​កម្ពុជា​បាន​រកឃើញ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​លើ​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ធ្វើដំណើរ​មកពី​ទីក្រុង​វូហាន ជា​កន្លែង​ដែល​ផ្ទុះ​វីរុស​នេះ​។

យោងតាម CSX ក្នុង​ចំណោម​ក្រុម​វិនិយោគិន​នៅក្នុង​ផ្សារ​មូលធន​កាលពី​ឆ្នាំមុន​ជនជាតិ​ចិន​ស្ថិត​ក្នុង​ចំណោម ក្រុម​វិនិយោគិន​ឈានមុខ​គេ​ទាំង​ ៥ ដែលមាន​ចំនួន ១៣ ​ភាគរយ និង​វិនិយោគិន​ក្នុងស្រុក​មាន​ចំនួន​ ៦៦ ​ភាគរយ​។

លោក Jong Weon HA អ្នក​យុទ្ធសាស្ដ្រ​ទីផ្សារ និង​ជា​ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន CSX បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា ការផ្ទុះ​វីរុស​កូរ៉ូណា​នៅពេល​ថ្មីៗ បាន​ប៉ះពាល់​ដល់​ទីផ្សារ​របស់​កម្ពុជា និង​ផ្សារហ៊ុន​ពិភពលោក​ទាំងមូល​។ សម្រាប់​ការជួញដូរ​នៅ​ថ្ងៃ​អង្គារ​មាន​ភាគហ៊ុន ១ ៧១៧ ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជួញដូរ​នៅលើ CSX ខណៈ​សន្ទស្សន៍ CSX បាន​បិទ​ការជួញដូរ​ជាមួយ​នឹង​ការធ្លាក់ចុះ ២៣ ​ពិន្ទុ ឬ ៣ ​ភាគរយ​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​ដែរ​ផ្សារហ៊ុន​ពិភពលោក​ក៏​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ផងដែរ​កាលពី​ថ្ងៃ​ចន្ទ ឧទាហរណ៍​ផ្សារហ៊ុន The Stoxx 600 ដែល​តាមដាន​ភាគហ៊ុន​អឺរ៉ុប​បាន​ធ្លាក់ចុះ​ជាង​ ២ ​ភាគរយ ខណៈ​ផ្សារហ៊ុន Dow Jones Industrial Average របស់​អាមេរិក​បាន​ធ្លាក់ចុះ​ ៣៨៤ ​ពិន្ទុ ឬ​ ១,៣ ​ភាគរយ​។

ផ្សារហ៊ុន​ 30-stock Dow បាន​ធ្លាក់ចុះ​រយៈពេល​ខ្លី​ជាង​ ៥០០ ​ពិន្ទុ​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ ខណៈ​ទីផ្សារ​ភាគច្រើន​នៅ​អាស៊ី​ត្រូវ​បាន​បិទ​ការជួញដូរ សម្រាប់​ការបុណ្យ​ចូលឆ្នាំ​ចិន​។ ផ្សារហ៊ុន Nikkei 225 របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់ចុះ​ជាង​ ២ ​ភាគរយ ខណៈ​ផ្សារហ៊ុន SET Index របស់​ប្រទេស​ថៃ​បាន​ធ្លាក់ចុះ​ ២,៨៩ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​ក្រុម​វិនិយោគិន​​ជនជាតិ​ចិន និង​តៃវ៉ាន់​ជា​អ្នកជួញដូរ​បរទេស​ឈានមុខ​គេ​នៅ CSX នៅក្នុង​រយៈពេល​ ៦ ​ឆ្នាំ​ដំបូង លុះ​មក​ដល់​ឆ្នាំ​ ២០១៨ និង​ឆ្នាំ​ ២០១៩ ក្រុម​វិនិយោគិន​ជប៉ុន​បាន​ក្លាយ​ជា​អ្នកជួញដូរ​ឈានមុខ​គេ​ទី​ ១ និង​ថៃ​អ្នកជួញដូរ​ឈានមុខ​គេ​ទី​ ២»​។

លោក​បន្តថា​កាលពី​ឆ្នាំ ​២០១៩ វិនិយោគិន​ជប៉ុន​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ១ ថៃ​ជាប់​ចំណាត់ថ្នាក់​ទី​ ២ និង​ចិន​ជាប់​ចំណាត់ថ្នាក់​ទី​ ៣ ជាមួយ​ចំណែក​នៃ​ការជួញដូរ​បរទេស​សរុប​ជប៉ុន​ ៩០ ​ភាគរយ ថៃ​ ៥ ​ភាគរយ និង​ចិន​ ២ ​ភាគរយ​។ លោក​បន្ថែមថា​៖ «​យើង​កំពុង​ព្យាយាម​ក្នុង​ការធ្វើ​ពិពិធកម្ម​លើ​ក្រុម​វិនិយោគិន​បរទេស​របស់​យើង​ដោយ​ការបង្កើន​មូលដ្ឋាន​វិនិយោគិន​របស់​យើង​ដល់​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់​បណ្ដា​ប្រទេស​អាស៊ាន​បូក​ ៣»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ផ្សារហ៊ុន​របស់​យើង​មិនត្រូវ​បាន​រង​ប៉ះពាល់​ដោយសារ​តែ​ពាណិជ្ជករ​ជនជាតិ​ចិន​នោះទេ ប៉ុន្តែ​ក៏​រង​ផលប៉ះពាល់​ដោយសារ​វិនិយោគិន​ក្នុង​ស្រុក​ដែល​បារម្ភ​បន្ទាប់ពី​អ្នកជំងឺ​ដំបូង​នៅ​កម្ពុជា​ផងដែរ​។ នេះ​ជា​កាលៈទេសៈ​ដែល​មិនអាច​គ្រប់គ្រង​បាន​។ គ្រប់​ផ្សារហ៊ុន​ត្រូវតែ​ប្រឈម​នឹង​បញ្ហា​នេះ​»​។

លោក​បន្តថា​៖ «​ទន្ទឹមនឹងនេះ​វា​អាចជា​ឱកាស​ដ៏ល្អ​មួយ​ក្នុង​ការទិញ​ភាគហ៊ុន​មួយចំនួន​របស់​ក្រុមហ៊ុន​ល្អៗ ដោយ​មាន​ការបញ្ចុះ​តម្លៃ​សម្រាប់​ក្រុម​វិនិយោគិន​ផ្សេងទៀត​ផងដែរ​»​។

យោងតាម SECC កាលពី​ឆ្នាំ​ ២០១៩ ទីផ្សារ​មូលធន​បាន​កើនឡើង​ ១៥៧ ​ភាគរយ​ដល់​ ៨០០,៣៩ ​លាន​ដុល្លារ​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ ៥ ​ចេញ​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៣ ​ចេញ​ប័ណ្ណបំណុល​ដែល​បាន​ប្រមូលនិធិ​សរុប​រហូត​ដល់​ ១៥១ លាន​ដុល្លារ​។ ចំនួន​ក្រុម​វិនិយោគិន​បាន​កើនឡើង​ដល់ ២២ ៣៣៨ ​នាក់​ក្នុង​នោះ​ ១៧ ​ភាគរយ​ជា​ជនបរទេស​។

របាយការណ៍​បង្ហាញថា ទំហំ​ការជួញដូរ​ជា​មធ្យម​មាន​ចំនួន ១៧៥០ ៥០២ ភាគហ៊ុន​ក្នុង​ ១ ​ខែ​ស្មើនឹង​ ៤ ២២១ ៤៩០ ​ដុល្លារ​ក្នុង​ ១ ​ខែ​៕LA