កន្លងមក យើងធ្លាប់ជួបប្រទះការដាច់ចរន្តអគ្គិសនីជាញឹកញាប់ក្នុងប្រទេសកម្ពុជា ដោយសារតែកង្វះខាតនៃការផ្គត់ផ្គង់អគ្គិសនី និងខ្សែបញ្ជូនអគ្គិសនីដែលមានតង់ស្យុងខ្ពស់។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមទិញអគ្គិសនីពីប្រទេសជិតខាង និងសាងសង់អនុស្ថានីយបន្ថែមទៀត ដែលជាហេតុបណ្ដាលឱ្យតម្រូវការនៃខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ដែលអាចបញ្ជូនអគ្គិសនីបានក្នុងចម្ងាយឆ្ងាយមានការកើនឡើង។
ដោយមើលឃើញពីតម្រូវការនេះ ភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗ រួមទាំងប្រទេសជប៉ុនផងដែរ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ និងអនុស្ថានីយ ដើម្បីឱ្យការផ្គត់ផ្គង់អគ្គិសនីនៅប្រទេសកម្ពុជាកាន់តែមានស្ថិរភាព។
JICA បាននិងកំពុងផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗក្នងទម្រង់ជាគម្រោងកម្ចីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដូចជា គម្រោងអភិវឌ្ឍន៍បណ្ដាញទន្លេមេគង្គ ដែលចុះហត្ថលេខានៅឆ្នាំ ២០០៧ និងគម្រោងពង្រីកប្រព័ន្ធចែកចាយ និងបញ្ជូនអគ្គិសនីក្រុងភ្នំពេញដំណាក់កាលទី ១ នៅឆ្នាំ ២០១៤ និងដំណាក់កាលទី ២ នៅឆ្នាំ ២០១៥។
ដូចនេះដើម្បីពង្រឹងបច្ចេកទេសថែទាំខ្សែបណ្ដាញបញ្ជូនថ្មីៗទាំងនេះព្រមទាំងមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាផងនោះ JICA ក៏បានចាប់ផ្តើមគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយនឹងអគ្គិសនីកម្ពុជា (EDC) បន្ថែមទៀតចាប់តាំងពីគម្រោងកែលម្អការថែទាំ និងប្រតិបត្តិការខ្សែបញ្ជូនអគ្គិសនីនៅឆ្នាំ ២០១៣។ គម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ ២០១៥ ក្រោយពីទទួលបានភាពជោគជ័យនូវការផ្ទេរបច្ចេកទេសទាក់ទងនឹងប្រតិបត្តិការ និង ការថែទាំខ្សែបណ្តាញបញ្ជូនព្រមទាំងរៀបចំផែនការប្រព័ន្ធអគ្គិសនីសម្រាប់បណ្ដាញអគ្គិសនីក្រុងភ្នំពេញ។
ទោះយ៉ាងណាក្ដី បុគ្គលិកបច្ចេកទេសនៅ EDC នៅជួបប្រទះបញ្ហាបច្ចេកទេសថ្មីៗផ្សេងទៀតទាក់ទងនឹងការតភ្ជាប់ចរន្តឡើងវិញ ក្រោយពីការដាច់ចរន្ត អគ្គិសនីដែលអាចបណ្ដាលមកពីគ្រោះធម្មជាតិដែលកើតមានឡើងនៅជុំវិញអនុស្ថានីយ និងខ្សែបណ្ដាញបញ្ជូន។ EDC ក៏ត្រូវការអភិវឌ្ឍធនធានមនុស្សបន្ថែមទៀតក្នុងការរៀបផែនការ ប្រតិបត្តិការ និងថែទាំប្រព័ន្ធអគ្គិសនីផងដែរ។
ក្នុងកាលៈទេសៈនេះ គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសមួយទៀតត្រូវបានព្រមព្រៀងឡើងរវាង JICA និង EDC ដើម្បីផ្ទេរបច្ចេកវិទ្យា និងផ្តល់នូវវគ្គបណ្ដុះបណ្ដាលបន្ថែមពីសំណាក់អ្នកជំនាញជប៉ុនទៅកាន់វិស្វករកម្ពុជាក្នុងគោលបំណងធ្វើឱ្យការគ្រប់គ្រងខ្សែបញ្ជូន និងអនុស្ថានីយកាន់តែមានភាពប្រសើរឡើង។ ក្រៅពីនេះគម្រោងនេះនឹងធ្វើបច្ចុប្បន្នភាពទៅលើមេរៀនសម្រាប់វគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី នៃ EDC ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ។
ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយការផ្ទេរបច្ចេកទេសទៅកាន់វិស្វករក្នុងវិស័យអគ្គិសនីគឺជាការងារមួយដែលមានប្រយោជន៍យ៉ាងសំខាន់ចំពោះប្រទេសជាតិ។ នេះបើតាមការយល់ឃើញពីលោក ម៉ាសាតូហ្សិ អាគិម៉ូតុ ប្រធានក្រុមប្រឹក្សានៃគម្រោងខាងលើ។
ជាមួយនឹងគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសនេះ JICA មានទំនុកចិត្តថា វិស្វករទទួលបន្ទុកនៅ EDC នឹងទទួលបាននូវការអភិវឌ្ឍសមត្ថភាពយ៉ាងច្រើន សមស្របទៅនឹងការពង្រីកជាបន្តបន្ទាប់នៃបណ្ដាញខ្សែបញ្ជូនអគ្គិសនីនៅប្រទេសកម្ពុជា៕
ផ្នែកអភិវឌ្ឍន៍ឧស្សាហកម្មនៃការិយាល័យចៃកាប្រចាំនៅកម្ពុជា