ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ឥណ្ឌា​អាស៊ាន ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ញូវដែលី នៅ​ថ្ងៃ​នេះ ក្នុង​គោល​បំណង​បង្កើន​កិច្ច​សហ​ប្រតិបតិ្តការ និង​ពង្រីក​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទី​៧​របស់​ពិភព​លោក​មួយ​នេះ​។

កិច្ច​ប្រជុំ​កំពូល​នេះ​ធ្វើ​ឡើង ខណៈ​កម្ពុជា​បាន​អនុម័ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ឥណ្ឌា កាលពី​ថ្ងៃទី​១៥ ខែ​មករា ដែល​ស្វែងរក​ការ​ជួយ​សម្រួល​បន្ថែម​ទៀត​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​នេះ ជា​ពិសេស​ក្នុង​វិស័យ​ទូរគមនាគមន៍ វិស័យ​សំណង់ និង​វិស័យ​ទេសចរណ៍​។

លោក ហ៊ុន សែន ត្រូវ​បាន​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពាណិជ្ជកម្ម​ឥណ្ឌា​កម្ពុជា ក្នុង​អំឡុង​ពេល​ជំនួប​កំពូល​នៅក្នុង​ទីក្រុង​របស់​ប្រទេស​ឥណ្ឌា​នេះ​។

ទិន្នន័យ​រដ្ឋាភិបាល​ឥណ្ឌា​បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​បាន​ជួប​ការពិបាក​ដោយ​សារ​ភាព​យឺតយ៉ាវ ខណៈ​វា​បាន​ធ្លាក់​ចុះ​ជិត​៣០​ភាគរយ​មក​នៅត្រឹម​១៤១​លាន​ដុល្លារ ក្នុង​អំឡុង​ឆ្នាំ​សារ​ពើពន្ធ​មុន​របស់​ប្រទេស​ឥណ្ឌា ដែល​បាន​ដំណើរ​ការ​ចាប់​ពី​ខែ​មេសា​ឆ្នាំ​២០១៦ ដល់​ខែ​ឧសភា​ឆ្នាំ​ ២០១៧​។ ចំនួន​នោះ​គឺ​កម្រិត​ទាប​បំផុត​ចាប់​តាំងពី​ឆ្នាំ​សារពើពន្ធ​ ២០១២-២០១៣​។

«​ការ​ជួញ​ដូរ​ទំនិញ​រវាង​ប្រទេស​ឥណ្ឌា និង​អាស៊ាន​មិន​សំខាន់​ខ្លាំង​នោះ​ទេ​នៅ​ពេល​បច្ចុប្បន្ន មួយ​ផ្នែក​ដោយ​សារ​តែ​ភូមិ​សាស្ដ្រ និង​មួយ​ផ្នែក​ទៀត​ដោយ​សារ​តែ​គោល​នយោបាយ​គាំពារ​និយម​ជាទូទៅ​របស់​ប្រទេស​ឥណ្ឌា​»​។ នេះ​បើ​យោង​តាម​លោក Miguel Chanco អ្នក​វិភាគ​អាស៊ាន​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Economist Intelligence Unit ( EIU)​។

លោក Chanco បន្ត​ថា ការ​ធ្លាក់​ចុះ​ពាណិជ្ជកម្ម​ទ្វេភាគី​ទំនង​ជា​ដោយ​សារ​តែ​កំណើន​សេដ្ឋកិច្ច​យឺត​របស់​ប្រទេស​ឥណ្ឌា ហើយ​ទំនង​ជា​នឹង​មិន​កើន​ឡើង​នោះទេ​នៅ​ពេល​អនាគត​ដ៏​ខ្លី​នេះ​។

លោក​ថ្លែង​ថា​៖ «​ការ​ប៉ាន់​ប្រមាណ​កំណើន​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់ EIU សម្រាប់​ប្រទេស​ឥណ្ឌា ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៧ ឆ្នាំ​២០១៨ នឹង​ធ្លាក់ចុះ​បន្ត​ទៀត ដូច្នេះ​ខ្ញុំ​នឹង​មិន​មាន​ការ​ភ្ញាក់​ផ្អើល​នោះទេ ប្រសិន​បើ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​ជាមួយ​កម្ពុជា​នៅ​តែ​ខ្សោយ​ក៏ដោយ​»​។

លោក​បន្ថែម​ថា មូលហេតុ​ផ្សេង​ទៀត​សម្រាប់​ពាណិជ្ជកម្ម​ខ្សោយ​គឺ​ថា ទាំង​ប្រទេស​ឥណ្ឌា និង​កម្ពុជា​ភាគ​ច្រើន​នាំចេញ​ផលិតផល​ដូចគ្នា ដូច​ជា​អង្ករ និង​វាយនភ័ណ្ឌ​។

លោក សៀង ថាយ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ថា មាន​ការ​វិនិយោគ​របស់​ប្រទេស​ឥណ្ឌា​បន្តិច​បន្តួច​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ពាណិជ្ជកម្ម​ជារួម​នៅ​មាន​កម្រិត​រវាង​ប្រទេស​ទាំង​ពីរ មួយ​ផ្នែក​ដោយ​សារ​តែ​ប្រទេស​ឥណ្ឌា​មាន​ភូមិសាស្ដ្រ​ឆ្ងាយ អាស្រ័យ​ហេតុ​នេះ​ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​អាស៊ាន​របស់​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា ការ​មាន​ការ​ចរចា​ទាំង​នេះ​នឹង​អាច​ឲ្យ​យើង​ដោះស្រាយ​ឧបសគ្គ​ណា​មួយ​ដែល​អាច​រារាំង​ដល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដែល​អាច​កើតឡើង និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ក្នុង​ការ​ពង្រឹង​បន្ថែមទៀត​លើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេ​ភាគី​»​។

លោក ថាយ បន្ថែម​ថា ភាគ​ច្រើន​នៃ​ផលិតផល​របស់​ប្រទេស​ឥណ្ឌា មក​កាន់​ប្រទេស​កម្ពុជា​គឺ​ថ្នាំពេទ្យ ឬ​ផលិតផល​ជាប់​ទាក់ទង​នឹង​សុខភាព ខណៈ​ទិន្នន័យ​ធនាគារ​ពិភពលោក​បង្ហាញ​ថា ការ​នាំ​ចេញ​ដ៏​សំខាន់​របស់​ឥណ្ឌា​មក​កម្ពុជា​មាន​ដូច​ជា​ប្រភេទ​វាយនភ័ណ្ឌ​ជាដើម៕ LA